រដ្ឋាភិបាល​ជប៉ុន​ព្រមាន​អំពី​អត្តឃាត ក្រោយ​ការស្លាប់​របស់​សិល្បការិនី​ល្បី​ម្នាក់​

539
ចែករម្លែក

​រដ្ឋាភិបាល​ជប៉ុន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​កញ្ញា​បាន​អំពាវនាវ​ដល់​ប្រជាជន​អោយ​ស្វះស្វែង​រក​ជំនួយ​និង​ដំបូន្មាន ប្រសិន​បើ​ពួកគេ​ជួប​បញ្ហា​ពិបាក​ដោះស្រាយ ក្រោយ​ការស្លាប់​របស់​តួ​ស្រី​ពេញនិយម​ម្នាក់​​កាលពី​ចុង​សប្តាហ៍ ដែល​គេ​សង្ស័យ​ថា​នាង​ធ្វើអត្តឃាត​។​

​មរណភាព​របស់​តារា យូ​កុ តាកេ​អ៊ុជិ វ័យ​៤០​ឆ្នាំ បាន​ធ្វើអោយ​មាន​ការស្រឡាំងកាំង​និង​រន្ធត់​ពេញ​មួយ​ប្រទេស​ជប៉ុន ។​ការស្លាប់​របស់​នាង​កើត​ឡើង​ក្រោយ​តារា​ជប៉ុន​កាន់តែ​ច្រើនឡើង​បាន​បញ្ចប់​ជីវិត​​របស់​គេ​កាលពី​ពេល​ថ្មីៗ និង​តួលេខ​បង្ហាញ​កំណើន​នៃ​ការធ្វើអត្តឃាត​ទូទៅ​។​

​រដ្ឋមន្ត្រី​ខុទ្ទកាល័យ លោក​កាត់​ស៊ូ​ណូ​ប៊ូ កា​តុ មិន​បាន​និយាយ​ករណី​ដោយឡែក​ណាមួយ​ទេ តែ​បាន​កត់សំគាល់ថា មនុស្ស​ខ្លះ​បាន​តស៊ូ​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​ក្នុងអំឡុងពេល​វិបត្ត​កូរ៉ូ​ណានេះ​។​

​បើ​តាម​លោក​កាត់​ស៊ូ​ណូ​ប៊ូ កា​តុ មាន​កំណើន​នៃ​ការសម្លាប់​ខ្លួន​ចាប់តាំងពី​ខែកក្កដា​មក ហើយ​«​យើង​ដឹង​ថា​មាន​មនុស្ស​ជាច្រើន​បាន​បញ្ចប់​ជីវិត​ដ៏​មាន​តំលៃ​របស់​គេ​»​។​

​លោក​បាន​អំពាវនាវ​អោយ​សាធារណជន​ប្រើ​លេខ​ទូរស័ព្ទ​hotlines​សំរាប់​រារាំង​ការធ្វើអត្តឃាត​និង​ប្រើ​សេវា​ផ្សេងៗ​ដើម្បី​រាយការណ៍​ជូន​សមត្ថកិច្ច​។​

​យោងតាម​របាយការណ៍​សារព័ត៌មាន​ជប៉ុន នាង​តាកេ​អ៊ុជិ​ត្រូវបាន​គេ​ប្រទះ​ឃើញ​សន្លប់​នៅក្នុង​ផ្ទះ​ក្នុង​ក្រុង​តូ​ក្យូរ​បស់​នាង​កាលពីដើម​ថ្ងៃអាទិត្យ​ទី​២៧​កញ្ញា និង​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​នៅ​មន្ទីរពេទ្យ​។​​ប៉ូលិស​សង្ស័យ​ថា​នាង​ធ្វើអត្តឃាត​។​

​ការស្លាប់​របស់​នាង​កើត​ឡើង​នៅ​ពេល​៨​ខែ​បន្ទាប់​ពី​នាង​ប្រសូត្រ​បាន​កូនប្រុស​ម្នាក់ ជាមួយ​តួ​ប្រុស តា​អ៊ិគី ណា​កា​បា​យ៉ា​ស៊ី ក្រោយ​អ្នក​ទាំង​ពី​បាន​រៀបការ​នៅ​ឆ្នាំ​២០១៩​។​

​តាកេ​អ៊ុជិ មានកូន​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ទៀត ជាមួយ​តួ​ប្រុស ស៊ីដូ ណា​កាមូរ៉ា ដែល​នាង​បាន​លែងលះ​នៅ​ឆ្នាំ​២០០៨​។​

​តាកេ​អ៊ុជិ ល្បី​នៅ​ជប៉ុន​និង​នៅក្នុង​តំបន់​។​នាង​ល្បីល្បាញ​បំផុត​ចំពោះ​ការសម្តែង​ក្នុង​រឿង​ភាគ​Asuka (​ឆ្នាំ​១៩៩៩)​និង​បន្ត​សម្តែង​ជា​តួឯក​ក្នុង​រឿង​ភាគ​ល្បីៗ​បន្តបន្ទាប់​ដូចជា រឿង​មនោសញ្ចេតនា​ Pride (២០០៤) និង Miss Sherlock​នៅ​ឆ្នាំ​២០១៨​។​

​មួយ​រយៈពេល​ចុងក្រោយ​នេះ នាង​តាកេ​អ៊ុជិ បាន​សម្រាក​ពី​ការងារ​សម្តែង​ដោយសារ​ជាប់​មាន​ផ្ទៃពោះ តែ​បាន​បង្ហាញ​មុខ​ក្នុង​ការផ្សាយ​ពាណិជ្ជកម្ម​មី​នៅ​ខែ​នេះ​។​

​សូមបញ្ជាក់​ថា នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​ជប៉ុន​មាន​ការធ្វើអត្តឃាត​(​សម្លាប់ខ្លួន​)​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ខែ​មកនេះ​។​តួ​ប្រុស ហា​រូ​មុ មី​អ៊ូ​រ៉ា ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅក្នុង​ផ្ទះ​កាលពី​ខែកក្កដា ក្នុង​​អាយុ​ត្រឹម​៣០​ឆ្នាំ នៅពេល​តារា​បោកចម្បាប់ និង​សម្តែង ហា​ណា គី​មូរ៉ា ស្លាប់​នៅ​អាយុ​២២​ឆ្នាំ​កាល​ពី​ខែ​ឧសភា​។​

​តួ​ស្រី សេ​អ៊ិ អាស៊ី​ណា អាយុ​៣៦​ឆ្នាំ និង​សិល្បករ តា​កាស៊ី ហ្វ៊ុយ​ជី​គី អាយុ​៨០​ឆ្នាំ ក៏​ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅ​ខែ​នេះ ដោយ​សង្ស័យ​ថា​ពួកគេ​បាន​ធ្វើ​អត្តឃាត​។​

​គ្រាន់​តែ​មួយ​ខែ​សីហា ជប៉ុន​មាន​ករណី​ធ្វើ​អត្តឃាត​ចំនួន​ជិត​១.៩០០ ដោយ​កើនឡើង​១៥,៣​ភាគរយ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​៕៕​ប្រែ​សម្រួល​៖​វាសនា​

​តួ​ស្រី​ពេញ​និយម​របស់​ជប៉ុន យូ​កុ តាកេ​អ៊ុជិ បាន​ស្លាប់​នៅ​វ័យ​៤០​ឆ្នាំ​កាល​ពី​ថ្ងៃ​២៧​កញ្ញា​។​ការស្លាប់​របស់​នាង​បានធ្វើអោយ​ប្រជាជាតិ​ជប៉ុន​រន្ធត់ និង​នាំ​អោយ​រដ្ឋាភិបាល​ចេញ​ការព្រមាន​

ទីតាំងផ្សាយពាណិជ្ជកម្ម