ថៃចាប់រថយន្តដឹកអាវុធនៅជិតព្រំដែនកម្ពុជាកាលពីយប់មិញ

4173
ចែករម្លែក

រថយន្តពិកអាប់(មួយបាំងកន្លះ)មួយដែលមានបិទស្ទិកឃឺយោធា ត្រូវបានស្ទាក់ចាប់បានជាមួយនឹងកាំភ្លើងខុសច្បាប់ជាច្រើនដើមនៅចំណុចត្រួតពិនិត្យមួយនៅក្នុងខេត្តត្រាត ជាប់ព្រំដែនកម្ពុជាកាលពីយប់ថ្ងៃអង្គារទី១០មេសា,នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃនេះ។

កាលពីថ្ងៃអង្គារ វរសេនីយ៍ឯកប៉ូលិសថៃលោកស៊ីង ណារី(Singh Naree) មេអធិការកិច្ចនៅស្ថានីយប៉ូលិសម៉ាយ រូដ(Mai Rud )និងនាយទាហានម៉ារីននៃកងវរសេនាធំទី៥៣២ បានដឹកនាំកម្លាំងល្បាតហើយបានឆែកឆេរយានយន្តចូលនិងចេញស្រុកក្លង យ៉ៃ ខេត្តត្រាត។ក្នុងពេលល្បាត អាជ្ញាធរបានសំគាល់ឃើញរថយន្ត Toyota មួយបាំងកន្លះជាមួយស្លាកលេខបាងកកនិងគម្របជ័រនៅឃ្លុបក្រោយនៅម៉ោងប្រមាណ១០យប់។

រថយន្តដែលបើកបរដោយឈ្មោះ ឆាយុទ្ធ ប្រាសឺតរីត អាយុ៥៣ឆ្នាំ ក៏មានបិទស្ទិកឃឺកងពលរថក្រោះទី៤ជាហេតុកាន់តែនាំអោយមានការសង្ស័យ។អ្នកបើករថយន្តដែលមកពីខេត្តសារ៉ាប៊ូរី បន្ទាប់មកត្រូវបានប្រាប់អោយបើកឃ្លុបរថយន្ត ហើយសព្វាវុធកំរិតយោធាត្រូវបានរកឃើញ។វារួមមាន កាំភ្លើងវាយប្រហារTavorពីរដើម កាំភ្លើងវែងM-16 ចំនួន៤ដើម កំណាត់កាំភ្លើងខាងលើM-16ចំនួន២០ដុំ កំណាត់ខាងក្រោមចំនួន១៦កង់ និងចន្លុះភ្លើងបំភ្លឺចំនួន៣។

លោកឆាយុទ្ធ បានសារភាពថាខ្លួនបានដឹកសព្វាវុធទាំងនេះចេញពីប្រទេសជិតខាងមួយ យកទៅអោយអតិថិជនម្នាក់នៅខេត្តសារ៉ាប៊ូរី។

គេថា អាវុធខុសច្បាប់ទាំងនេះត្រូវបានទម្លាក់នៅកំពង់ផែមួយក្នុងស្រុកក្លងយ៉ៃ មុនត្រូវបានលើកដាក់រថយន្តនិងដឹកមក។លោកឆៃយុទ្ធ អះអាងថាមិនមានជនសមគំនិតទេ តែអាជ្ញាធរជឿថាបុរសនេះមុខជាជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរអាវុធធំណាមួយ៕ដោយ៖វាសនា

សព្វាវុធដែលចាប់បានត្រូវបានបង្ហាញនៅខេត្តត្រាតកាលពីយប់ថ្ងៃអង្គារ

អាជ្ញាធរពិនិត្យរថយន្តដែលដឹកអាវុធខុសច្បាប់

ទីតាំងផ្សាយពាណិជ្ជកម្ម