​សម្តេច​ប្រធានរដ្ឋសភា ជម្រាប​សហព័ន្ធ​សន្តិភាព​សកល​ថា ពេល​វិបត្តិ​កូ​វីដ​១៩​នេះ សភា​រឹត​តែមាន​តួនាទី​សំខាន់ ក្នុងការ​ចូលរួម​ដោះស្រាយ បញ្ហា​ប្រឈម​នានា​

159
ចែករម្លែក

ដោយៈ សុផល /
​ភ្នំពេញ​៖
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​ថ្លែង​សារ​គន្លឹះ ចូលរួម​មហាសន្និបាត នៃ​ក្តីសង្ឃឹម របស់​សហព័ន្ធ​សន្តិភាព​សកល ដែល​រៀបចំ​ធ្វើ នៅ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ថាៈ ក្នុង​កាលៈទេសៈ ដែល​សក​លោក មាន​វិបត្តិ ដោយសារ​ជំងឺ​កូ​វីដ ១៩ នេះ សភា​រឹត​តែមាន​តួនាទី យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​ដោះស្រាយ និង​ទប់ស្កាត់ បញ្ហា​ប្រឈម​នានា តាមរយៈ​ការសម្របសម្រួល ការត្រួតពិនិត្យ​តាមដាន និង​ការអនុម័ត ច្បាប់​សំខាន់ៗ និង​ការអនុម័ត​នូវ​កញ្ចប់​ថវិកា​សង្គ្រោះ ឆ្លើយតប​នឹង​តម្រូវការ របស់​ប្រជាពលរដ្ឋ​។​

​មហាសន្និបាត​នៃ​ក្តីសង្ឃឹម របស់​សហព័ន្ធ​សន្តិភាព​សកល នៅ​ឆ្នាំនេះ រៀបចំឡើង ក្រោម​ប្រធានបទ​៖ «​ឈាន​ឆ្ពោះទៅ​កសាង និង​ធ្វើឱ្យ​សង្គមជាតិ​ទាំងមូល ប្រសើរ​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​-១៩៖ ឯករាជ្យភាព វិបុលភាព និង​គុណ​តម្លៃ​ជាស​កល​»​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានលើកឡើង​ថាៈ ជំងឺ​កូ​វីដ​១៩ បាន​បង្ក​ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ចំពោះ​សង្គម និង​សេដ្ឋកិច្ច​សកល​ជារួម តែ​ការឆ្លើយតប​ចំពោះ​វិបត្តិ​នេះ មាន​លក្ខណៈខុសៗ​គ្នា ពី​ប្រទេសមួយ ទៅ​ប្រទេសមួយ ដែល​ធ្វើឱ្យ​លទ្ធផល មិនទាន់បាន​ពេញចិត្ត​ទាំងស្រុង​។ ការឆ្លើយតប ចំពោះ​បញ្ហា​កូ​វីដ​១៩ ហាក់​បង្ហាញថា ពិភពលោក ប្រឆាំងនឹង​សត្រូវ​រួម តែ​ដំណោះស្រាយ​មិន​ដូចគ្នា​។​

​សម្តេច​បាន​គូសបញ្ជាក់ថាៈ ការដោះស្រាយ​បញ្ហា​កូ​វីដ ១៩ ទាមទារ​ឲ្យ​ធ្វើការ​រួមគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​អន្តរជាតិ ជា​កត្តា​សំខាន់ និង​មិនអាច​ខ្វះ​បាន​។ ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​ចែករំលែក បទពិសោធន៍ ដែល​កម្ពុជា បាន​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ ប្រកប​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការអនុវត្ត​ប្រតិបត្តិ នូវ​វប្បធម៌​ចែករំលែក និង​សាមគ្គីភាព ដល់​មហាសន្និបាត ផងដែរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានលើកឡើង​ថាៈ ការប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​១៩ ទាមទារ​ថវិកា សម្ភារ​បរិក្ខារ និង​កម្លាំង​មនុស្ស​ច្រើន​។ កម្ពុជា បាន​រួមគ្នា​បរិច្ចាគ និង​ចែករំលែក នូវ​ធនធាន តាម​លទ្ធភាព គ្រប់ភាគី​មាន​ស្ថាប័នរដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង អង្គការ​មិនមែន​រដ្ឋាភិបាល ទៅដល់​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល និង​ទេសចរណ៍​ក្នុងស្រុក ដែលជា​វិស័យ​អាទិភាព ទៀតផង​។​

​ដើម្បី​ស្តារ និង​កសាង​សង្គមជាតិ នៅពេលនេះ និង​ក្រោយ​វិបត្តិ​កូ​វីដ ១៩ បញ្ចប់ទៅ សម្តេច​ប្រធានរដ្ឋសភា បានលើកឡើង​ថាៈ គេ​គួររៀបចំ​ផែនការ ស្តារឡើងវិញ ប្រកបដោយ​ភាពជាក់លាក់ ដោយ​ដាក់ចេញ​នូវ សេណារីយោ​ចាំបាច់ សម្រាប់​បើក​ឱ្យ​ដំណើរការ ជា​បណ្តើរៗ​នូវ ការធ្វើដំណើរ​ឆ្លងកាត់ និង​ប្រតិបត្តិការ ពាណិជ្ជកម្ម ព្រមទាំង​ការ​ស្តារឡើងវិញ នូវ​វិស័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​វិបត្តិ​នេះ និង​ត្រូវ​ថែរក្សា​សុខសន្តិភាព នៅក្នុង​តំបន់ និង​សកលលោក ជា​ចម្បង​និង​ចាំបាច់​។​

​សម្តេច​ប្រធានរដ្ឋសភា បានបញ្ជាក់​ថាៈ សន្តិភាព ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការអភិវឌ្ឍ និង​ត្រូវមាន​វិធានការ បង្កើន​ការ​គាំពារ​សង្គម បង្កើន​សមត្ថភាព និង​ប្រសិទ្ធភាព ក្នុង​ប្រព័ន្ធ​សុខាភិបាល និង​គាំទ្រ​សហគ្រាស​ខ្នាតតូច និង​មធ្យម ព​ន្លឿ​ន​ការ​ប្រែក្លាយ បច្ចេកវិទ្យា​ឌីជីថល ឱ្យមាន​ប្រសិទ្ធភាព ហើយ​សភា​ត្រូវ​យកចិត្តទុកដាក់ នៅក្នុង​ការអនុម័ត​ច្បាប់ និង​គោលនយោបាយ ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​នេះ សំដៅ​ធានា​ផ្តល់​ផលប្រយោជន៍ ដល់​ប្រទេស​ទាំងអស់ ក្នុង​តំបន់​និង​សកលលោក ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ នូវ​សមត្ថភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានបញ្ជាក់​ទៀតថាៈ ក្នុង​បរិបទ​នេះ សភា​ត្រូវ​យកចិត្តទុកដាក់ នៅក្នុង​ការអនុម័ត​ច្បាប់ និង​គោលនយោបាយ ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​នេះ សំដៅ​ធានា​ផ្តល់ ផលប្រយោជន៍​ដល់ ប្រទេស​ទាំងអស់ ក្នុង​តំបន់ និង​សកលលោក ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ នូវ​សមត្ថភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​ឆ្លៀតឱកាស​នោះ សម្តេច បាន​សម្តែង​ការកោតសរសើរ លោកស្រី បណ្ឌិត ហាក់ ចា ហាន មូ​ន សហ​ស្ថាបនិក នៃ​សហព័ន្ធ​សន្តិភាព​សកល ដែល​បានរៀបចំ​វេទិកា ដ៏​មាន​សារៈប្រយោជន៍​នេះ​ឡើង ដើម្បី​ផ្តល់ឱកាស​ដល់ ថ្នាក់ដឹកនាំ​ជុំវិញ​ពិភពលោក ទាំង​អ្នកនយោបាយ អ្នកដឹកនាំ​សាសនា អ្នកសេដ្ឋកិច្ច អ្នកសារព័ត៌មាន និង​អ្នកសិក្សា​ស្រាវជ្រាវ បាន​បញ្ចេញ​នូវ​ទស្សនៈ មតិយោបល់ និង​បទពិសោធន៍ ជា​គន្លឹះ ក្នុងការ​រួមគ្នា​ដោះស្រាយ បញ្ហា​ប្រឈម​នានា របស់​ប្រជាពលរដ្ឋ​ខ្លួន និង​សកលលោក ដើម្បី​សម្រេចបាន ពិភពលោក​មួយ មាន​សុខសន្តិភាព សុខដុម​រម្យ​នា និង វិបុលភាព​។​

​សូមជម្រាបថា សហព័ន្ធ​សន្តិភាព​សកល ដែល​ហៅ​កាត់​ថា UPF ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​បង្កើតឡើង ដោយ​លោក Sun Myung Moon និង​លោកស្រី ហាក់ ចា ហាន មូ​ន (HakJa Han Moon) នៅ​ឆ្នាំ​២០០៥ ។ អង្គការ​នេះ មាន​តួនាទី ផ្តល់យោបល់​ពិសេស ជូន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម នៃ​អង្គការសហប្រជាជាតិ តាមរយៈ​ការប្រមូល​មតិយោបល់ ពី​មហាសន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ក្រោម​ប្រធានបទ​ជាក់ស្តែង ដែល​កំពុង​កើតមាន​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម