​ធនាគារ​ឯកទេស​វី​ង​និង​ធនាគារ​ហ្វី​លី​ព​សហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់កម្ចីនៅកម្ពុជា

195
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​ធនាគារ ហ្វី​លី​ព ភីអិលស៊ី​ដែលជា​សមាជិក​នៃ​ក្រុមហ៊ុន​ហ្វី​លី​ព​កា​ពី​តា​ល់​គ្រុប​មាន​ទីស្នាក់ការ​នៅ​ប្រទេស​សិង្ហ​បុរី​បាន​ចាប់​ដៃគូ​ជា​ផ្លូវការ​ដើម្បី​ផ្តល់​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​ក្នុង​ទូទាត់​ប្រាក់កម្ចី តាមរយៈ ប្រព័ន្ធ​ហិរញ្ញវត្ថុ​វី​ង​។​

​តាមរយៈ​ភាពជា​ដៃគូ​នេះ​អតិថិជន​ធនាគារ​ហ្វី​លី​ព​ឥឡូវនេះ​អាចធ្វើ​ការទូទាត់​សង​ប្រាក់កម្ចី​តាមរយៈ​បណ្តាញ​ភ្នាក់ងារ​វី​ង​ដែលមាន​ជាង​៨.០០០​កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​ដែល​អាច​ឲ្យ​ពួកគាត់​សន្សំសំចៃ​ពេលវេលា​និង​ថវិកា​។​ធនាគារ​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​នេះ កាលពី​រសៀល​ថ្ងៃទី​២៨​ខែកញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល ឡឺ​រ៉ូយ៉ាល់​។​

​លោក​ម៉ា​នូ​រ៉ា​ចាន់​អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មាន​ប្រាស​ន៍​ថា​៖“​ភាពជា​ដៃគូ​នេះ​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​យើង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ដែល​អាចជួយ​ពួកគេ​អភិវឌ្ឍន៍​និង​កសាង​អនាគត​ដ៏​ប្រសើរ​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​យើង​អាច​ផ្តល់នូវ​ដំណោះស្រាយ​ទូទាត់​ប្រាក់​ទាំងនេះ​ដើម្បី​ជួយ​ប្រជាជន​ក្នុងកំឡុងពេល​មាន​ជំងឺ​កូ​វីដ​១៩​នេះ​” ។​

​ក្នុង​រយៈពេល​១២ ឆ្នាំ​កន្លងមកនេះ ចាប់តាំងពី​ការបើក​ដំណើរការ​នៅ​កម្ពុជា វី​ង​បាន​ស្វែងរក​វិធី​ថ្មីៗ​ដើម្បី​បង្កើត​ឱកាស​ដើម្បី​ជំរុញ​បរិ​យា​ប័ន​ហិរញ្ញវត្ថុ​តាមរយៈ​ការកសាង​សេដ្ឋកិច្ច​ដែលមាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។​លោក Han Peng Kwang អគ្គនាយករង​ធនាគារ ហ្វី​លី​ពបាន​មានប្រសាសន៍ថា​៖“​តាម រយៈ​កិច្ចសហការ​ជា​ដៃគូ​នេះ អតិថិជន​របស់​ធនា​គារ ហ្វី​លី​ព ទទួលបាន​ភាពងាយស្រួល​មួយកម្រិត​ទៀត​ក្នុងការ​ទូទាត់​កម្ចី​មកកាន់​ធនាគារ ដោយ​មិនចាំបាច់​ធ្វើដំណើរ​មកដល់​សាខា​ធនាគារ​ផ្ទាល់​” ។​

លោក​បាន​បន្ថែមទៀតថា “​ភាពជា​ដៃគូ​នេះ នឹង​ជួយ​ជំរុញ​បន្ថែមទៀត​ដល់​គោលដៅ​របស់​ធនាគារ​ក្នុងការ​ផ្តល់ជូន​ផលិតផល​និង​សេវាកម្ម​បែប​ឌីជីថល​ដល់​អតិថិជន​គ្រប់គ្នា រាប់​ចាប់ពី​អតិថិជន​អាជីវកម្ម​ខ្នាតតូច រហូតដល់​ឯកត្តជន ក៏ដូចជា​អតិថិជន​អាជីវកម្ម​ខ្នាតតូច និង មធ្យម និង សាជីវកម្ម​ធំៗ​”​។

​ទាំង​ធនាគារ​ឯកទេស​វី​ង​និង​ធនាគារ​ហ្វី​លី​ព​សុទ្ធ​តែមាន​ចក្ខុវិស័យ​ដូចគ្នា​ក្នុងការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​សហគមន៍​ដែល​ពួកគេ​បម្រើការ​។ ធនាគារ ហ្វី​លី​ព បម្រើ​អតិថិជន​ជាង ១០ ម៉ឺន​នាក់​ដែល​ជាង ៩០ ភាគរយ​ជា​ជនជាតិខ្មែរ​។ វី​ង​បាន​បង្កើត​នូវ​ផលិតផល​ឌីជីថល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ដោយ​អនុញ្ញាតឱ្យ​ពួកគេ​ផ្ញើ​ប្រាក់​និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​និង​សេវាកម្ម​សាមញ្ញ​នៅតាម​ភ្នា​ក់វី​ង ។​


​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត គឺជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​ជា​ធនាគារ​ឯកទេស​មួយ​ក្នុងចំណោម​ធនាគារ​ឯកទេស​មួយចំនួន​តូច​នៅលើ​ពិភពលោក​។ បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៩ វី​ង បាន​ផ្លាស់ប្តូរ​របៀប​ដែល​ប្រជាជន​កម្ពុជា​ផ្ញើ​និង​ទទួល​ប្រា​ក់ដោយ​ប្រើ​ទូរស័ព្ទ​ចល័ត​គ្រប់ពេល​និង​គ្រប់​ទីកន្លែង​យ៉ាង​ងាយស្រួល​។​


​ធនាគារ​ឯកទេស វី​ង ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ​សេវា​គ្របដណ្ដប់​១០០% តាមរយៈ​បណ្ដាញ​ភ្នាក់ងារ វី​ង​ជាង ៨០០០​កន្លែង នៅ​ទូទាំងប្រទេស ។ វី​ង បាន​ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​ជាង ៤ ម៉ឺន​កន្លែង និង​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ពិភពលោក​មួយចំនួន​ដូចជា​៖ ម៉ា​ស្ទ័​រកា​ត វី​សា​MoneyGram Alipay WeChat Pay និង​Western Union ជាដើម​។​វី​ង​ក៏​ផ្តល់នូវ​ដំណោះស្រាយ​ទូទាត់​ការចំណាយ និង​ថវិកា​ផ្សេងៗ​ដល់​ក្រុមហ៊ុន​សាជីវកម្ម​តាមរយៈ​សេវាកម្ម​សហគ្រាស​របស់​យើង​។ ជាមួយនឹង​វី​ង សហគ្រាស​ធុន តូច​និង​មធ្យម និង​ក្រុមហ៊ុន​ផ្សេងៗ​អាច​ប្រើប្រាស់​សេវា​បើកប្រាក់​បៀវត្សរ៍ និង​ទូទាត់​ប្រាក់​របស់​វី​ង​ដើម្បី​ជួយ​ដល់​ការលូតលាស់​និង​ការរីកចម្រើន​នៃ​ប្រព័ន្ធ​អេកូ​ទូទាត់​ការចំណាយ​។


​ធនាគារ ហ្វី​លី​ព ភីអិលស៊ី ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៩​ក្រោម​អាជ្ញាប័ណ្ណ​ហ័ង ឌី​ប៊ី​អេស និង​បាន​ប្រែក្លាយជា​ឈ្មោះ​ធនាគារ​ហ្វី​លី​ព​កាលពី​ឆ្នាំ​២០១៤​ពេលដែល​ក្រុមហ៊ុន​ហ្វី​លី​ព​កា​ពី​តា​ល់​គ្រុប​ទិញយក​ទាំងស្រុង​។ ធនាគារ​ផ្តល់ជូន​សេវាកម្ម​និង​ផលិតផល​ហិរញ្ញវត្ថុ​យ៉ាង​សំបូរបែប​និង​គ្រប់លំដាប់​រាប់​ចាប់ពី សាជីវកម្ម​ធំៗ អាជីវកម្ម​ខ្នាតតូច និង​មធ្យម អាជីវកម្ម​តូចៗ និង ឯកត្តជន ។

ធនាគារ​ជា​សមាជិក​របស់ ក្រុមហ៊ុន​ហ្វី​លី​ព​កា​ពី​តា​ល់​គ្រុប ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៧៥ និង មាន​ស្នាក់ការ​កណ្តាល​នៅ​ប្រទេស​សឹង្ហ​បុរី ។ រហូតដល់​បច្ចុប្បន្ន​ហ្វី​លី​ព​កា​ពី​តា​ល់​គ្រុប​បាន​បម្រើ​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ពេញលេញ​និង​ទំនើប​ដល់​អតិថិជន​គ្រប់លំដាប់​ចាប់ពី​ឯកត្តជន សាជីវកម្ម និង​គ្រឹះស្ថាន​នានា នៅ​ជាង​១៥​ប្រទេស​។​ធនាគារ ហ្វី​លី​ព បាន​គួប​បញ្ចូល​គ្នា​ជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត​កាលពីដើមឆ្នាំ ២០២០​នេះ​។​

បន្ទាប់ពី​ការ​គួប​បញ្ចូល​នេះ​ធនាគារ​មាន​វិសាលភាព​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ពោលគឺ​មាន​សាខា​ចំនួន​៨៩​សាខា​ដែល​អាច​ចាត់​ថា​ជា​ធនាគារ​ដែលមាន​សាខា​ច្រើនជាង​លំដាប់​ទី​៣​នៅ​កម្ពុជា​។ ធនាគារ ហ្វី​លី​ព បាននិងកំពុង​ផ្តល់ជូន​ផលិតផល​និង​សេវាកម្ម​ធនាគារ​បែប​ឌី​ជី​ផល និង តម្រង់ទិស​ទៅរក​ស្តង់ដារ​អន្តរជាតិ​នៃ​សេវាកម្ម​ធនាគារ​ជូន​ដល់​អតិថិជន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម