កម្លាំង​មួក​ខៀវ​កម្ពុជា​១៣៩​នាក់​អនុញ្ញាត​ឱ្យទៅ​ជួបជុំ​គ្រួសារ​បន្ទាប់ពី​ពិនិត្យ​អវិជ្ជមាន​កូ​វីដ​១៩

127
ចែករម្លែក

​ដោយៈ​យោធិន​/​កំពង់ស្ពឺៈ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​១៣៩​នាក់​ក្នុងនោះ​នារី​១១​នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់ ទៅ​លំនៅដ្ឋាន ជួប​ក្រុមគ្រួសារ ក្រោយពី​ពិនិត្យ វត្ថុ​សំណាក ជា​លើក​ទី​២ ទទួលលទ្ធផល អវិជ្ជមាន​កូ​វីដ​-១៩ ពី​ក្រសួងសុខាភិបាល ។​

​នាយ​ឧ​ត្ត​ម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព បាន​ថ្លែង​ពី​ការអនុញ្ញាត​ឲ្យ កង​យោធា​មួក​ខៀវ វិល​ទៅ​ជួបជុំ​ក្រុមគ្រួសារ ក្នុងឱកាស​ជួប​សំណេះសំណាល នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​សាលា​ហ្វឹកហ្វឺន កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នា​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថាៈ កម្លាំង​ទាំង ១៣៩ នាក់​នេះ គឺ​បានធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់ពី​បានធ្វើ​មាតុភូមិនិវត្តន៍ ក្រោយ​បញ្ចប់​បេសកកម្ម អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី រយៈពេល​១​ឆ្នាំ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់​ថាៈ កង​យោធា​មួក​ខៀវ​កម្ពុជា ទាំង​១៣៩​នាក់​នេះ ទទួលលទ្ធផល​អវិជ្ជមាន កូ​វីដ​១៩ បន្ទាប់ពី​ធ្វើការ​វិភាគ សំណាក កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ហើយ​ថ្ងៃនេះ មានការ​អនុញ្ញាត​ពី ក្រសួងសុខាភិបាល ឱ្យកម្លាំង​ទាំងអស់នេះ វិលត្រឡប់​ទៅផ្ទះ​វិញ ត្រូវ​បន្ត​អនាម័យ​ខ្លួនប្រាណ​ជានិច្ច ជាមួយគ្នា ប្រសិនបើ​មាន​អ​ការៈមិន​ប្រក​តី ត្រូវ​រាយការណ៍ មក​មជ្ឈមណ្ឌល​ជាតិ ឬ​ទាក់ទង​ទៅ​អ្នកជំនាញ នៃ​ក្រសួងសុខាភិបាល​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក​អោក​សៀង​អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​និង​ជា​អនុប្រធាន​គណៈកម្មការ ប្រ​យុ​ទ្ឌ​ប្រឆាំង​រោគ​កូ​វីដ​-១៩ របស់​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព បាន​ថ្លែងៈ ក្នុង​ថ្ងៃ​ជាមួយគ្នានេះ កង​យោធា​មួក​ខៀវ​ចំនួន​៤៥​រូប​ដែល​ក្នុងនោះ​នារី​មួយរូប​នៅ​វិទ្យាស្ថាន​ឧដុង្គ​និង​កង​យោធា​មួក​ខៀវ​កម្ពុជា ចំនួន​៩៤​រូប ។​


​ក្នុងនោះ​នារី​ចំនួន ១០​រូប នៅ​សាលា​ហ្វឹកហ្វឺន កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍ ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏បាន​អនុញ្ញាត​ឲ្យ​វិល​ទៅកាន់ លំនៅដ្ឋាន​របស់​ពួកគេ​វិញ​ដែរ ដែល​ការអនុញ្ញាត​នេះ បានធ្វើ​ឡើង​តាម​បទបញ្ជា​របស់​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ និង​លោក​បណ្ឌិត​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​៕S/

​ចំណងជើង​រូបៈ​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី​សំណេះសំណាល​ជាមួយ​កង​យោធា​មួក​ខៀវ​មុនពេល​ចាក​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

ទីតាំងផ្សាយពាណិជ្ជកម្ម