​ប៉ូលិស​បង្ក្រាប​ក្រុមចោរ​បួន​នាក់​ប្រើ​កាំភ្លើង​ឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​

222
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​៖ ជនសង្ស័យ បួន​នាក់ ដែល​ប្រើប្រាស់​កាំភ្លើងខ្លី ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ តាមផ្លូវ​សាធារណៈ ចំនួន​បី​លើក បានសម្រេច នៅ​ខណ្ឌដូនពេញ មួយ​លើក ខណ្ឌ​៧​មករា​មួយ​លើក​និង​ខណ្ឌ​ប្ញ​ស្សី​កែវ​មួយ​លើក​។​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​។ ការចាប់ខ្លួន​នេះ ក្រោយពី​ជនសង្ស័យ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ជនជាតិ​ចិន លើកចុងក្រោយ នៅ​ខណ្ឌដូនពេញ បានសម្រេច ហើយ​គេចខ្លួន បាន​មួយរយៈ​។​

​ជនសង្ស័យ​ទាំង បួន​នាក់ និង​វត្ថុតាង​កាំភ្លើងខ្លី ម៉ាក​កា ៥៩ ចំនួន​០១​ដើម ត្រូវបាន​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បង្ហាញមុខ នៅ​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​។ សមត្ថកិច្ច បាន​អះអាង​ពី​ការបន្ត​ស្រាវជ្រាវ ស្វែងរក​បង្ក្រាប និង​ចាប់ខ្លួន​បក្ខពួក មួយចំនួនទៀត​។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល បាន​ប្រាប់​ឱ្យដឹងថាៈ ការបង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ អំពើ​ឆក់​ទ្រព្យសម្បត្តិ តាមផ្លូវ​សាធារណៈ ខាងលើ អនុវត្តតាម​ការដឹក​នាំ​ផ្ទាល់ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ ដាក់ចេញ​នូវ​ទិសដៅ​ការងារ ដើម្បី​កម្លាំង​ការិយាល័យ​ជំនាញ ស្រាវជ្រាវ​ស៊ើបអង្កេត និង​ឈានទៅដល់​បង្ក្រាប ជនសង្ស័យ បួន​នាក់​នេះ​។​

​លោក​បាន​បន្តទៀតថាៈ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ មាន​ជនសង្ស័យ បីនាក់ ជិះ​ម៉ូតូ បី​គ្រឿង ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ម៉ា​កវី​វ៉ូ ០១ គ្រឿង របស់​ជនជាតិ​ចិន​ម្នាក់ កំពុងធ្វើដំណើរ តាម​ម៉ូតូ​កង់​បី នៅ​ចំណុច​ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​លេខ​៩៣ ភូមិ​៤ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។ នៅពេល​ធ្វើ​សកម្មភាព អ្នកបើក​ម៉ូតូ​កង់​បី ក៏បាន​បើក​ដេញ​កៀរ​ម៉ូតូ​បក្ខ​ពួកវា ១​គ្រឿង បណ្តាលឱ្យ​ដួល ហើយ​ជនសង្ស័យ​ម្នាក់ ក៏បាន​ចោល​ម៉ូតូ ដោយ​រត់​ឡើងទៅ​ជិះ​ម៉ូតូ​គ្នា​វា ០១​គ្រឿង​ទៀត រួច​ក៏​គេចខ្លួនបាត់ ជាមួយនឹង​ដៃ​កាន់​កាំភ្លើងខ្លី ១​ដើម​។​

​លោក ប៊ុន សត្យា បានបញ្ជាក់​ថាៈ ក្រោយពី​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទដៃ ជនរងគ្រោះ ជា​ជន​ជាតិចិន​នោះ​ហើយ កម្លាំង​នគរបាល ការិយាល័យ​ជំនាញ ចេញ​ស្រាវជ្រាវ ស៊ើបអង្កេត ហើយ​ឈានទៅ​ចាប់ខ្លួន ជនសង្ស័យ​ទាំងនោះ បួន​នាក់ ជា​បន្តបន្ទាប់ នៅក្នុង​ផ្ទះសំណាក់ យីហោ កា​កា ស្ថិតនៅ​ក្បែរ​វត្ត​ទួល សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

​ជនសង្ស័យ​ទាំង បួន​នាក់ មានដូចជាៈ ១. ឈ្មោះ​ជិន រស្មី ហៅ​ម៉ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ប្រកបមុខរបរ លក់ដូរ រស់នៅ​ភូមិ​១០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ ២. ឈ្មោះ​ឆែម ស័​ក្ត​សុគា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ប្រកបមុខរបរ លក់ដូរ​។ ៣. ឈ្មោះ​សេន ណា​ខិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ប្រកបមុខរបរ កម្មករ និង​៤. ឈ្មោះ លាង រតនា ហៅ​តូច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ប្រកបមុខរបរ​លក់​ដូរ ។ ជនសង្ស័យ​ទាំង បីនាក់​នេះ រស់នៅ​សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​វត្ថុតាង​ចាប់យក​បាន មាន​ម៉ូតូ​ដែល​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព ១​គ្រឿង កាំភ្លើងខ្លី ១​ដើម និង​ថ្នាំញៀន ១​កូន​ថង់ រួម​នឹង​ឧបករណ៍ប្រើប្រាស់ គ្រឿងញៀន​មួយចំនួន​។ ជនសង្ស័យ​ទាំង បួន​នាក់ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល ការិយាល័យ​ជំនាញ កសាង​សំណុំរឿង ចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រព្រឹត្ត ដោយ​អំពើហិង្សា និង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម