​ក្រសួងកសិកម្ម សហគមន៍​អឺរ៉ុប និង ដៃគូ ប្រជុំពិភាក្សា​វាយតម្លៃ​ការអនុវត្ត​កម្មវិធី​ពីរ​

157
ចែករម្លែក

​ដោយៈ ជា សីហៈ​/​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ លោក រដ្ឋមន្ត្រី វេ​ង សាខុន និង​លោកស្រី ខា​មេន មូ​រ៉េ​ណូ ( Carmen Moreno )​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ទ្រទ្រង់​ថវិកា​នៃ​កម្មវិធី CAPFish-Capture និង CaPFish Aquaculture​។ កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នកជំនាញការ មន្ត្រី​ក្រសួង អង្គការ ដៃគូ​អភិវឌ្ឍ នានា ជាច្រើនរូប ។

​លោក វេ​ង សាខុន បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ពិភាក្សា​នាពេលនេះ គឺជា​មានបំណង​ពិភាក្សា ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ទ្រទ្រង់​ថវិកា​នៃ​កម្មវិធី CaPFish-Capture និង CaPFish Aquaculture ពិនិត្យ​លើ​លទ្ធផល​ដែល​បានសម្រេច កំណត់​ចំណុចខ្លាំង និង​ចំណុចខ្សោយ រួច​ឈានទៅ​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព និង​វិធានការ​ថ្មីៗ​ថែមទៀត​សម្រាប់​អនុវត្ត​បន្ត​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​ឱ្យ​ឈាន​ទៅមុខ​ស្របតាម​ទិសដៅ​ដែល​បានកំណត់ និង​ជាពិសេស​ឆ្លើយតប​ទៅនឹង​ផែនការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​។​

​លោក រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​កិច្ចសហការ និង​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​ជាតិ​អន្តរជាតិ​ដៃគូ​អភិវឌ្ឍន៍​វិស័យ​ឯកជន​និង​សហគមន៍​នេសាទ​ដែល​បានរួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារ បច្ចេកទេស និង​ថវិកា ដើម្បី​ចូលរួម​ជា​កំលាំង​ការពារ គ្រប់គ្រង អភិរក្ស​ធនធាន​ជលផល ព្រៃ​លិច​ទឹក ។

បង្ក្រាប​បទល្មើស និង​ជួយ​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម ធ្វើឱ្យ​វិស័យ​មួយ​នេះ​មានការ​វិវឌ្ឍន៍​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ ពិសេស​ជាងនេះទៅទៀត លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ២.០០០​លាន​រៀល ដើម្បី​ជួយ​ដល់​វិស័យ​វារីវប្បកម្ម​ផងដែរ​។

​នាឱកាស​នេះ​លោកស្រី​ឯកអគ្គរដ្ឋទូត​ក៏បាន​ធ្វើការ​វាយតម្លៃ​ជារួម​លើ​លទ្ធផល​របស់​គម្រោង​ដែល​សម្រេចបាន​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​លោកស្រី​បន្តទៀតថា​កិច្ចប្រជុំ​នាពេលនេះ​មាន​សារសំខាន់​ព្រោះ​បាន​នាំយក​ភាគី​ពាក់ព័ន្ធ​គម្រោង​មក​ពិនិត្យ តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ទ្រទ្រង់​ថវិកា​នៃ​កម្មវិធី និង​លើក​ទិសដៅ​អនុវត្ត​បន្ត ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​សម្រេច​ទទួលបាន​ជោគជ័យ​ដូច​ការគ្រោងទុក និង​ទទួលបាន​ប្រយោជន៍​សមស្រប​តាម​អ្វីដែល​វា​រី​វប្បករ​ចង់បាន​គឺ​សេដ្ឋកិច្ច​គ្រួសារ សន្តិសុខ​ស្បៀង និង​រក្ស​បាន​នូវ​ធនធានធម្មជាតិ​។

​លោកស្រី​បាន​បន្តទៀតថា​វិស័យ​កសិកម្ម ពិសេស​វារីវប្បកម្ម បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម និង​ចាំបាច់​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ រក្សាបាន​នូវ​និរន្តរភាព​ស្បៀង និង​បង្កើន​កម្រិតជីវភាព ក្នុងខណ​:​ដ៏​លំបាក​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។​ដូច្នេះ​លោកស្រី​បាន​សន្យាថា​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​មួយ​នេះ ពិសេស​វិស័យ​វារីវប្បកម្ម​ធ្វើយ៉ាងណា​ជំរុញ​កំណើនសេដ្ឋកិច្ច ថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ទាំង​ទឹកសាប និង​សមុទ្រ​ប្រកបដោយ​ចីរភាព​។
​លោកស្រី​ក៏បាន​ជម្រាបជូន​អង្គពិធី​ផងដែរ​ថា​សហគមន៍​អឺរ៉ុប​នឹងមាន​គម្រោង​ថ្មីៗ​សម្រាប់​ជួយ​ដល់​វិស័យ​កសិកម្ម​ដោយ​លោកស្រី​នឹង​រក​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​នាពេលខាងមុខ​។

​លោកស្រី សង្ឃឹម និង​ជឿជាក់ថា​តាមរយ​:​គម្រោង​ដែល​បាន និង​កំពុង​អនុវត្ត​នឹង​ពិតជា​បាន​ជួយ​ដល់​វិស័យ​កសិកម្ម និង​រឺត​ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អឺរ៉ុប ជាពិសេស​ជាមួយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។
​កម្មវិធី​CaPFishCapture​និង​CaPFishAquaculture​មាន​គោលបំណង​គាំទ្រ​ដល់​ការសម្រេច​ឱ្យបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ធន់​ទៅនឹង​អាកាសធាតុ​និង​បរិ​យា​ប័ន្ន​នៃ​វារីវប្បកម្ម​ដោយបាន​អនុលោម​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល ដើម្បី​ចូលរួម​ក្នុង​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ និង​សេដ្ឋកិច្ចសង្គម​។

​កម្មវិធី​នេះ​មាន​រយៈពេល ០៦ ឆ្នាំ ដែល​ទទួលបាន​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ចំនួន ៨៧​លាន​អឺរ៉ូ​។ កម្មវិធី​មាន​សមាសភាគ​ធំៗ​ចំនួន ២ សម្រាប់​សមាភាគ​ធំ​ទី​១ មាន​សកម្មភាព​ធំៗ​ចំនួន ៩ ទាក់ទង​នឹង​បច្ចេកទេស បណ្តុះបណ្តាល ផ្សព្វផ្សាយ សុវត្ថិភាព គុណភាព​ម្ហូបអាហារ ការដឹកនាំ ការគ្រប់គ្រង​សហគមន៍​នេសាទ ពង្រឹង​អភិបាលកិច្ច និង​ការចូលរួម​ពី​ស្ត្រី គាំទ្រ​កំណើន​គ្រួសារ​ក្រីក្រ និង​អាហារូបត្ថម្ភ ហើយ​សមាភាគ​ទី​២ ទាក់ទង​ជំនួយ​បច្ចេកទេស និង​ការគ្រប់គ្រង​កម្មវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម