​អ្នកនាំពាក្យ​ក្រសួងផែនការ : ប្រជាជន​ក្រីក្រ​ជាង ២,៦​លាន​នាក់​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​

253
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងផែនការ លោក ស្រី ដា បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា ថា ទិន្នន័យ​គ្រួសារ​ក្រីក្រ​ដែល​បានផ្តល់​ជូន​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ឧបត្ថម្ភ​សាច់ប្រាក់ បាន​ឧបត្ថម្ភ​ចាប់ពី​ខែមិថុនា មក មាន​ចំនួន​សរុប​ប្រមាណ ៦៦៨.៦៨៣​គ្រួសារ ស្មើនឹង​ប្រជាជន​ក្រីក្រ ចំនួន ២.៦៨៥.៨៤៥​នាក់​។​បើ​គិត​មក​ត្រឹម​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រសួង​បាន​រកឃើញ​បន្ថែម​មាន​ចំនួន​ជាង​ពីរម៉ឺន​គ្រួសារ​បន្ថែមទៀត​។ ប៉ុន្តែ​ថា​តើ​នឹងត្រូវ​ទទួល​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​បន្តទៀត​ឬ​យ៉ាងណា​? សូមមេត្តា​រង់ចាំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល បន្ទាប់ពី​កិច្ចប្រជុំ​អន្តរក្រសួង​ពាក់ព័ន្ធ​បានបញ្ចប់​នាពេលខាងមុខ​។​

លោក ស្រី ដា​អ្នកនាំពាក្យ​ក្រសួងផែនការ​(រូបឯកសារ)


​អ្នកនាំពាក្យ​ក្រសួងផែនការ បាន​បញ្ជាក់ថា គ្រួសារ​ដែល​បាន​ដក​ប័ណ្ណ មក​ត្រឹម​ថ្ងៃទី​២៨ ខែកញ្ញា​នេះ ក្រសួង​បាន​ដក​ចេញពី​ប្រព័ន្ធ​បាន​ចំនួន​ប្រមាណ ១២.៥០០ ប័ណ្ណ​រួចហើយ​។​
​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​ថ្លែងថា ដោយសារ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ បានធ្វើឱ្យ​សេដ្ឋកិច្ច​របស់​ពិភពលោក រួម​នឹង​កម្ពុជា ត្រូវបាន​ធ្លាក់ចុះ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច ជាពិសេស​ប្រជាជន​ក្រីក្រ​តែម្តង​។ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ សម្តេច​តេ​ជោ ហ៊ុន សែន លោក​បានប្រកាស​ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ដែល​គិត​មកដល់​ពេលនេះ​យើង​អនុវត្ត​ការបើកប្រាក់​បាន​ចំនួន​៣​លើក​រួចមកហើយ​ដែលមាន​គ្រួសារ​ក្រីក្រ​សរុប​ប្រមាណ​៦៧​ម៉ឺន​គ្រួសារ ស្មើនឹង​ប្រជាជន​សរុប​ចំនួន​ប្រមាណ​២,៧​លាន​នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ​។​ក្នុងនោះ​យើង​ក៏បាន​ដក​បណ្ណ​សមធម៌​ដែលមាន​ភាពមិនប្រក្រតី និង​គ្រួសារ​ដែលមាន​ជីវភាព​ប្រសើរឡើង បាន​ចំនួន​ប្រមាណ​ជាង​១២.០០០​គ្រួសារ​ផងដែរ​។​

កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រចុះជួបផ្ទាល់ជាមួយជនក្រីក្រ(រូបឯកសារ)


​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បន្ថែមទៀតថា ដើម្បីឱ្យ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ បាន​ទៅ​ដល់ដៃ​ប្រជាជន​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ខ្ញុំ​សូមឱ្យ​ក្រុមប្រឹក្សា​ប្រឹក្សា​ឃុំ​សង្កាត់ មេភូមិ និង​អ្នកមាន​ចំណែក​ពាក់ព័ន្ធ មេត្តា​ធ្វើ​យ៉ាង​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ឱ្យ​ច្បាស់លាស់ ម៉ត់ចត់ រួម​នឹង​ការដក​ប័ណ្ណ​សមធម៌​ពី​គ្រួសារ​ដែលមាន​ជីវភាព​ប្រសើរ​ឡើងមក​វិញ ជាពិសេស​សូមជួយ​ស្វែងរក​ប្រជាជន​គ្រួសារ​ក្រីក្រ​ដែល​ពិតប្រាកដ ដោយ​មិន​គិត​ហេតុផល​នយោបាយ ឬ​ហេតុផល​ណាមួយ ដើម្បី​ធានាថា​មិន​ទុក​អ្នកណាម្នាក់​ចោល ដោយ​អត់បាយ ស្របតាម​ទឹកចិត្ត និង​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ លោក ក៏បាន​ស្នើ​ដល់​ប្រជាជន​គ្រួសារ​ដែលមាន​ជីវភាព​ប្រសើរ​ទូទាំងប្រទេស សូមមេត្តា​ជួយ​ដល់​រាជរដ្ឋាភិបាល ទីមួយ​. សូមមេត្តា​កុំ​ព្យាយាម​បំបែក​គ្រួសារ យក​ឪពុក ម្តាយ​ជា​ចាស់ជរា ចេញពី​បន្ទុក ដើម្បី​ទទួលបាន​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ខណៈពេលដែល​កូន មាន​ជីវភាព​គ្រាន់បើ អាចមាន​លទ្ធភាព​ចិញ្ចឹម​បីបាច់​ថែរក្សា​ឱ​ពុក​ម្តាយ​បាន​នៅឡើយ ,​ទី​ពីរ​. សូមមេត្តា​យោគយល់​ដល់​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​ដែល​បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល កុំ​ច្រណែន​គាត់ និង​សូមជួយ​អបអរសាទរ​គ្រួសារ​ក្រីក្រ​ទាំងនោះ គឺ​វា​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំ​ក្នុង​ការកសាង​ប្រទេសជាតិ​យើង​៕សរន

កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រចុះជួបផ្ទាល់ជាមួយជនក្រីក្រ(រូបឯកសារ)


ទីតាំងផ្សាយពាណិជ្ជកម្ម