ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែ​បន្ត​អូស​កាត់​លើ​ប្រទេស​កម្ពុជា​

238
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញ​: ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៩​ខែកញ្ញា បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ណ៍អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​៣០​ខែកញ្ញា ដល់​ថ្ងៃទី​៦​ខែតុលា ដោយ​បង្ហាញឱ្យឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែ​បន្ត​អូស​កាត់​លើ​ប្រទេស​កម្ពុជា ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​បន្តបន្ទាប់​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​រលក​សមុទ្រ​ខ្ពស់ៗ នៅ​អំឡុង​ពីថ្ងៃ​ទី​៣​ដល់ទី​៦​ខែតុលា​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​មិនមាន​បោះត្រា​ ក្រសួង​ជំនាញ​នេះ បានសរសេរថា តាមរយៈ​ការតាមដាន នៃ​ការវិវត្ត​និង​ប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០៦ ខែតុលា ប្រព័ន្ធ​សម្ពាធ​ទាប នឹង​បន្ត​អូសបន្លាយ​ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​សម្ពាធ​ទាប​មួយនៅលើ​សមុទ្រ​ចិន​ខាងត្បូង​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​៖
១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​៖

  • សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
  • សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C​។​
    ​នៅ​ថ្ងៃទី ៣០ ខែកញ្ញា ដល់​ថ្ងៃទី ០៣ ខែតុលា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។ បន្ទាប់ពីនោះ នឹង​បង្កើន​ការធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​បង្គួរ ទៅ​ច្រើន ជាពិសេស​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​។​

២- បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖

  • សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
  • សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩°C ។​
    ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។​

៣- បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖

  • សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤ -២៦°C
  • សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C ។​
    ​ចាប់ពី​ថ្ងៃទី ៣០ ខែកញ្ញា ដល់​ថ្ងៃទី ០២ ខែតុលា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។ បន្ទាប់មក ភ្លៀង​នឹង​បន្ត​បង្កើន​ការធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ច្រើន​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង ជាពិសេស​ប្រជាពលរដ្ឋរស់នៅ​ទី​ទំនាប​ក្បែរផ្លូវទឹក ជាប់​តំបន់ភ្នំ​នៃ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ បណ្តា​ខេត្ត​នៅ​តំបន់មាត់សមុទ្រ និង​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំក្រវាញ ។ ជាមួយគ្នា​នោះ អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀងខ្យល់ បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី ៣-៦ ខែតុលា៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម