ចិន​ធ្វើ​សមយុទ្ធ​យោធា​៥​ព្រមៗ​គ្នា​នៅក្នុង​សមុទ្រ​៤

270
ចែករម្លែក

​ចិន​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​ចំនួន​៥​ព្រមៗ​គ្នា​នៅ​ផ្នែក​ផ្សេង​គ្នា​នៃ​ឆ្នេរសមុទ្រ​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​កញ្ញា ។​វា​ជា​លើក​ទី​២​នៅក្នុង​រយៈពេល​២​ខែ​មក​នេះ​ដែល​កងទ័ព​រំដោះ​ប្រជាជន​(​ចិន​)​បាន​​ធ្វើ​ការហ្វឹកហាត់​ទ្រង់ទ្រាយ​ធំ​ដូច្នេះ ចំ​ពេល​ភាព​តានតឹង​នៅក្នុង​តំបន់​កើនឡើង​។​

​រដ្ឋបាល​សុវត្ថិភាព​សមុទ្រ​បាន​និយាយ​នៅក្នុង​ការជូនដំណឹងរ​បស់​ខ្លួន​ថា សមយុទ្ធ​២​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​មួយទៀត​នៅ​សមុទ្រ​ចិន​ខាងកើត រីឯ​​សមយុទ្ធ​ទី​៤​នៅ​សមុទ្រ​បូ​ហៃ ។​

​នៅ​ប៉ែក​ខាងត្បូង​នៃ​សមុទ្រ​លឿង​ឯណោះ​វិញ សមយុទ្ធ​រួមបញ្ចូល​ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត​បាន​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ពុធ​ទី​៣០​កញ្ញា ដូច្នេះ​រាល់​នាវា​ត្រូវបាន​ហាម​ចូលក្នុង​តំបន់​ទាំងនេះ​។​

​ក្នុង​ការព្យាយាម​បង្កើត​កងកម្លាំង​យោធា​ត្រៀមប្រយុទ្ធ​ជាស្រេច​មួយ ចិន​ធ្វើ​សមយុទ្ធ​ជា​បន្តបន្ទាប់ តែ​ការធ្វើ​លំ​ហាត់​យោធា​ជាច្រើន​នៅពេលដំណាល​គ្នា​ដូច្នេះ​ជា​ការកម្រ​។​កាលពី​ខែ​មុន ចិន​បាន​ប្រកាស​​ធ្វើ​សមយុទ្ធ​៤​ផ្សេងគ្នា ចាប់ពី​សមុទ្រ​បូ​ហៃ​ទៅដល់​សមុទ្រ​ខាងកើត​និង​សមុទ្រ​លឿង ហើយ​ចុះ​ដល់​សមុទ្រ​ចិន​ខាងត្បូង នៅក្នុង​អ្វី​ដែល​អ្នកជំនាញ​យោធា​ចិន​បាន​និយាយថា ជា​ការរៀបចំ​ហ្វឹកហាត់​ដ៏​កម្រ​។​

​ក្នុងអំឡុង​សមយុទ្ធ​កាលពី​ខែ​មុន​ ​សហរដ្ឋ​អាម៉េរិក បាន​បញ្ជូន​យន្តហោះ​ឈ្លបយកការណ៍​ចូលក្នុង​តំបន់​ហាម​ហោះហើរ​មួយ​លើ​ទីតាំង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​ចិន​។​ជា​ការឆ្លើយ​ត​តប ​ចិន​បានធ្វើការ​​ប្រឆាំង​តវ៉ា​ទៅ​អាម៉េរិក​ជាខ្លាំង​។​

​ចិន​ក៏​បង្កើន​ការធ្វើ​សមយុទ្ធ​យោធា​កាន់តែ​ញឹកញយ​ឡើង​នៅ​ជិត​កោះ​តៃវ៉ាន់ និង​បាន​ប្រកាស​ជា​ចំហ​ថា សមយុទ្ធ​ទាំងនោះ​គឺ​សំដៅ​កោះ​តៃវ៉ាន់​តែម្តង​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​និយាយថា លំ​ហាត់​យោធា​ចិន​នៅ​ជិត​កោះ​តៃវ៉ាន់​ជា​«​ចំណាត់ការ​ចាំបាច់​»​មួយ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ចិន ក្រោយ​ពី​អាជ្ញាធរ​តៃវ៉ាន់​បាន​តវ៉ា​អំពី​សមយុទ្ធ​ជើង​ទឹក​​និង​អាកាស​ចិន​ដ៏​ធំ​និង​ចាត់ទុក​វា​ជា​ការ​បង្ករឿង​មក​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​នាវា​ចិន​បាញ់​ក្នុង​ពេល​សមយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ខែមិថុនា​

ទីតាំងផ្សាយពាណិជ្ជកម្ម