បេឡារូសចាប់មនុស្សជាង ៥០០ នាក់ក្នុងអំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីចុងសប្តាហ៍

144
ចែករម្លែក

អាជ្ញាធរក្នុងប្រទេសបេឡារូសបានឃុំខ្លួនមនុស្សប្រហែល ៥០០ នាក់ក្នុងអំឡុងបាតុកម្មចុងសប្តាហ៍ប្រឆាំងនឹងប្រធានាធិបតីផ្តាច់ការរបស់ប្រទេសនេះដែលបានឈ្នះតំណែងប្រធានាធិបតីអាណតិ្តទី ៦ ក្នុងការបោះឆ្នោតមួយដែលគេមើលឃើញថាត្រូវបានក្លែងបន្លំ។

ក្រសួងមហាផ្ទៃបេឡារូសបានឱ្យដឹងកាលពីថ្ងៃចន្ទទី២៨កញ្ញាថា ក្រុមអ្នកតវ៉ា ១៥០ នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃសៅរ៍និងជាង ៣៥០ នាក់ទៀតនៅថ្ងៃអាទិត្យនៅពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលបានពង្រីកដល់ ២២ ទីក្រុង។ ការប្រមូលផ្តុំគ្នាប្រចាំថ្ងៃបានធ្វើឱ្យប្រទេសបេឡារូសរង្គោះរង្គើជាង ៧ សប្តាហ៍មកហើយ ដោយការតវ៉ាធំៗបានទាក់ទាញអ្នកចូលរួមរហូតដល់ទៅ ២០០.០០០ នាក់ដើម្បីតតាំងនឹងការកាន់អំណាចផ្តាច់ការដ៏យូរអង្វែងរបស់ប្រធានាធិបតី អាឡិចសាន់ឌ័រ លូកាសិនកូ។

បាតុករប្រមាណ ១០០.០០០ នាក់បានដើរក្បួននៅរដ្ឋធានីមីនស៍របស់ប្រទេសបេឡារូសកាលពីថ្ងៃអាទិត្យដោយទាមទារឱ្យលោកលូកាសិនកូលាលែងពីតំណែង ដែលអំឡុងពេលកាន់អំណាច ២៦ ឆ្នាំមកនេះលោកបានបង្ក្រាបក្រុមប្រឆាំងនិងសារព័ត៌មានឯករាជ្យ។

យោងតាមអង្គការសិទ្ធិមនុស្ស Viasna បានឱ្យដឹងថា ការបង្ក្រាបលើក្រុមបាតុករកាលពីចុងសប្តាហ៍នេះមិនមានអំពើហិង្សាដូចកាលពីពេលមុននោះទេ។

លោក អាឡេស បាយអាលីអាតស្គី ប្រធានអង្គការ Viasna បាននិយាយថា “ការបង្ក្រាបត្រូវបានជាប់គាំងនៅពេលដែលមនុស្សជាង ១០០.០០០ នាក់ធ្វើដំណើរតាមផ្លូវ។ យុទ្ធសាស្ត្របន្លាចរបស់អាជ្ញាធរមិនមានប្រសិទ្ធភាពទៀតទេ”។

ប្រជាជនបេឡារូសរាប់សែននាក់បានធ្វើបាតុកម្មជារៀងរាល់ថ្ងៃចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ៩ ខែសីហា ដែលក្រុមមន្រ្តីអះអាងថាលោកលូកាសិនអាយុ ៦៦ ឆ្នាំទទួលជ័យជម្នះ ៨០ ភាគរយនៃការបោះឆ្នោត៕ ដោយ ៖ កញ្ញាដាលីស

បាតុករតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃទី២៧កញ្ញានៅកណ្តាលទីក្រុងមីនស៍

ទីតាំងផ្សាយពាណិជ្ជកម្ម