រដ្ឋមន្ត្រីការបរទេសចិនថាការដោះស្រាយជាមួយកូវីដ១៩តែឯងៗនឹងនាំមកនូវ “មហន្តរាយកាន់តែធំធេង”

182
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទទី២៨កញ្ញាថា មេរោគកូរ៉ូណាគឺជាការដាស់តឿនសម្រាប់ពិភពលោក ហើយការស្តីបន្ទោសទៅវិញទៅមកនឹងនាំមកនូវគ្រោះមហន្តរាយកាន់តែខ្លាំងឡើង។

ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិកនិងចិនពន្លះគ្នាទៅវិញទៅមកនៅលើវេទិការបស់អង្គការសហប្រជាជាតិជុំវិញការផ្ទុះឡើងនៃវីរុសកូរ៉ូណា អ្នកការទូតកំពូលរបស់ចិនលោកវ៉ាង យីបានប្រាប់វេទិកាមួយនៅទីក្រុងប៉េកាំងថាប្រទេសនីមួយៗ “បានប្រែក្លាយទីកន្លែងអន្តរជាតិដ៏ឧឡារិករបស់អ.ស.បទៅជាកន្លែងដើម្បីបម្រើនយោបាយនិងផលប្រយោជន៍ផ្ទាល់ខ្លួន”។

ថ្មីៗនេះ ចិនបានប្តូរពីការរីករាលដាលនៃរោគរាតត្បាតដំបូងរបស់ខ្លួននៅវូហានទៅជារឿងរ៉ាវជោគជ័យរបស់ប្រទេសក្នុងការបញ្ឈប់ការរីករាលដាលនៃវីរុស។

ប៉ុន្តែសហរដ្ឋអាម៉េរិកបានដឹកនាំប្រទេសនានាឱ្យរិះគន់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះការគ្រប់គ្រងមិនបានល្អរបស់ខ្លួនចំពោះការរីករាលដាលនៃជំងឺរាតត្បាតនេះ។

លោកវ៉ាងបានមានប្រសាសន៍បន្ថែមនៅព្រឹត្តិការណ៍ដែលរៀបចំរួមគ្នាជាមួយសមាគមការទូតសាធារណៈចិន កន្លែងដែលលោកស្វះស្វែងដាក់ចិនជាមហាអំណាចឆ្លើយតបនឹងមេរោគដ៏ធំ យ៉ាងដូច្នេះថា “ក្រៅពីធ្វើការជាមួយគ្នានិងជួយគ្នា យើងមិនមានជម្រើសផ្សេងនោះទេ”។

សម្តីរបស់លោកវ៉ាងបានកើតឡើងមិនដល់មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានប្រើសុន្ទរកថាប្រចាំឆ្នាំរបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដើម្បីវាយប្រហារកំណត់ត្រារបស់ចិន ហើយឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅស្ថាប័នពិភពលោកមួយនេះបានបញ្ចេញសំឡេងខឹងសម្បា ដែលធ្វើឱ្យពួកអ្នកការទូតភ្ញាក់ផ្អើលជាខ្លាំង។

នៅក្នុងសុន្ទរកថានោះ លោកត្រាំបានទាមទារឱ្យមានសកម្មភាពប្រឆាំងនឹងប្រទេសចិនសម្រាប់ការចម្លងរាលដាលជំងឺកូវីដ១៩ទៅកាន់ពិភពលោក ដោយនាំឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បា។

លោកវ៉ាងបាននិយាយថា “ដូចដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ គូថេរ៉េស បានសង្កត់ធ្ងន់អ៊ីចឹង ជំងឺរាតត្បាតនេះមិនត្រឹមតែជាការដាស់តឿនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមយុទ្ធបង្ការវិបត្តិផងដែរ”។

លោកបន្តថា “ប្រឈមមុខនឹងបញ្ហាពិភពលោកដូចជាជំងឺរាតត្បាត ប្រសិនបើយើងធ្វើអ្វីតែខ្លួនឯងឬចាត់ទុកអ្នកជិតខាងរបស់យើងជាសត្រូវ វានឹងនាំមកនូវគ្រោះមហន្តកាន់តែធំធេង”៕ ដោយ ៖ កញ្ញាដាលីស

រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី

ទីតាំងផ្សាយពាណិជ្ជកម្ម