ក្មេង​សិស្សសាលា​អាម៉េរិក​ជិត​២៨០.០០០ នាក់ ឆ្លង​វីរុស​កូរ៉ូណា​

148
ចែករម្លែក

​យោង​តាម​ទិន្នន័យ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​កញ្ញា ​នៅក្នុង​របាយការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺឆ្លង​អាម៉េរិក (CDC) បានឱ្យដឹងថា ក្មេង​សិស្សសាលា​ប្រហែល​២៨០.០០០ នាក់​​បាន​ឆ្លង​វីរុស​កូវី​ដ​១៩​នៅ​រវាង​ថ្ងៃទី​១​ខែ​មីនា​និង​ថ្ងៃទី ១៩ ខែ​កញ្ញា​។​

​តួលេខ​នេះ​គឺ​មាន​ចំនួន​ប្រហែល ៤ ភាគរយ​នៃ​ចំនួន​ករណី​ឆ្លង​សរុប​អាម៉េរិក​នៅក្នុង​រយៈពេល​នេះ ដោយ​ក្មេង​ដែល​មាន​អាយុ​ពី ១២-១៧ ឆ្នាំ​មាន​ចំនួន​ឆ្លង​ប្រហែល​២​ដង លើស​កុមារ​ដែល​មាន​អាយុ​​ពី ៥-១១ ឆ្នាំ​។​

​អត្រា​នៃ​ករណី​ឆ្លង​ថ្មី​បាន​កើនឡើង​ជា​បន្តបន្ទាប់​នៅ​និទាឃរ​ដូវ ​ហើយ​បន្ទាប់​មក​បា​ន​កើនឡើង​នៅ​រដូវក្តៅ ដោយ​កើនឡើង​ខ្ពស់​នៅ​ថ្ងៃទី ១៩ ខែ​កក្កដា​ជាមួយ​នឹង​អត្រា​ឆ្លង​ប្រចាំ​សប្តាហ៍ ​ជា​មធ្យម​គឺ​៣៧,៩​នាក់​ក្នុង ១០០.០០០​នាក់ ។​

​បន្ទាប់​មក​ករណី​ឆ្លង​ថ្មី បាន​បន្ត​កើនឡើង​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​នៅ​មុនពេល​មាន​ការធ្លាក់ចុះ​នៅ​ចុងខែ​សីហា ទោះយ៉ាងណា ការឆ្លង​នៅពេលនេះ​កំពុង​កើនឡើង​ជា​ថ្មី​ទៀត​ទៅ​ដល់​កម្រិត​​ឆ្លង​ខ្ពស់​ដូច​នៅ​កាល​ពី​រដូវក្តៅ​ផងដែរ​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា​ ទិន្នន័យ​នេះ​បាន​ជួយ​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​តាមដាន​និន្នាការ​នៃ​ការឆ្លង​វីរុស​កូវី​ដ​១៩ ខណៈ​ដែល​សាលារៀន​មួយចំនួន​បើក​ឡើង​វិញ​នៅពេលនេះ និង​សា​​លា​រៀន​មួយចំនួន​ទៀត​នឹង​បើក​ឡើង​វិញ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ក្មេង​សិស្សសាលា​ពាក់​ម៉ាស​នៅ​សាលារៀន​មួយ នៅ​ទីក្រុង​Stamford ក្នុង​រដ្ឋ​ខន់​ណិតធី​កិត​

ទីតាំងផ្សាយពាណិជ្ជកម្ម