អ្នក​ចិញ្ចឹម​ឆ្កែ គួរ​ទទួលខុសត្រូវ​!

438
ចែករម្លែក

ទិវា​ពិភពលោក​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ចំ​ថ្ងៃ​ខួប​មរណភាព​របស់លោក ល្វី​ស ប៉ាស្ទ័រ (Louis Pasteur) ដែលជា​អ្នកបង្កើត​វ៉ាក់សាំង​ជំងឺឆ្កែឆ្កួត​ដ៏​មាន​ប្រសិទ្ធភាព​ដំបូង​គេ​។

​ក្នុងឱកាស​ទិវា​ពិភពលោក​ប្រឆាំង​ជំងឺ​ឆ្កែ ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា បាន​ចុះ​ធ្វើ​សកម្មភាព បង្រៀន​បណ្តុះបណ្តាល អំពី​បញ្ហា​សុខភាព​ជាច្រើន​ដល់សហគមន៍ និង​សាលារៀន​។ ក្នុងនោះ ក៏មាន​ការលើក​បង្ហាញ​ពី​ជំងឺ​ឆ្កែឆ្កួត​ផងដែរ ដើម្បី​ចូលរួម បង្កើន​ការយល់ដឹង​អំពី​ផលប៉ះពាល់​នៃ​ជំងឺ​ឆ្កែឆ្កួត មកលើ​មនុស្ស ការបង្ការ និង​លុបបំបាត់ប្រភព​ចម្បង​នៃ​ជំងឺ​នេះ​។​

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក បង្ហាញថា​ជំងឺ​ឆ្កែឆ្កួត​ជា​មូលហេតុ​នៃ​មរណភាពរាប់រយ​ពាន់​នាក់​រៀងរាល់ឆ្នាំ ជាពិសេស​នៅ​ទ្វីបអាស៊ី និង​អាហ្វ្រិក ដោយ ៤០​ភាគរយ គឺជា កុមារ​អាយុ​ក្រោម ១៥​ឆ្នាំ​។
​ ​
​នៅក្នុង​ប្រទេស​កម្ពុជា​យើង ជំងឺ​ឆ្កែឆ្កួត គឺជា​បញ្ហា​ដ៏​ធំ​មួយ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ប្រមាណ ៨០០​នាក់ ក្នុង​មួយឆ្នាំ​។ ការសិក្សា​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​ឲ្យ​ដឹងថា ​សត្វ​ឆ្កែ​ដែលខាំ​ចំនួន ៥០% បាន​ឆ្លង​វីរុស​នេះ​។ ម្យ៉ាងវិញទៀត សត្វ​ឆ្កែ គឺជា​សត្វ​ដែល​ផ្ទុកមេរោគ​នេះច្រើនជាងគេ ប៉ុន្តែ​ករណីខ្លះ ក៏មាន​កើត​លើ​សត្វ​ឆ្មា និង​សត្វ​ប្រជៀវ​ផងដែរ​។​

​ជំងឺ​ឆ្កែឆ្កួត ដែល​បង្កដោយ​វីរុស តាមរយៈ​ឆ្កែ​ខាំ គឺ​អត្រា​ស្លាប់​១០០% តែ​វា​ក៏​អាច​បង្ការ​បាន ១០០% ដែរ​ដោយ​ការលាង​សម្អាត​មេរោគ​លើ​ស្នាមរបួស​ដោយ​ឆ្កែ​ខាំ​ឲ្យ​បាន​ស្អាត​ដោយប្រើ​ទឹក និង​សាប៊ូ ឬ​អាល់កុល ឬ​ទឹក​ថ្នាំ​បេ​តា​ឌី​ន និង​ទៅរក​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ឆាប់​បំផុត ក្រោយពេល​ត្រូវ​ឆ្កែ​ខាំ​។

​រីឯ​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា ក៏បាន​លើកឡើងថា ការបរិភោគ​សាច់​ឆ្មា និង​សាច់​ឆ្កែ​ក៏​អាចបង្ក​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ឆ្កែឆ្កួត​ដែរ​។​

​ក្រៅពី​មហន្តរាយ​បង្កឡើង​ដោយ​ឆ្កែ​ខាំ​នេះ ហើយ​ទាមទារ​ឲ្យ​ម្ចាស់​ឆ្កែ​ទទួលខុសត្រូវ​និង​ចូលរួមទប់ស្កាត់ ដោយ​បង្ខាំង​ឆ្កែ​នៅក្នុង​របង​ផ្ទះ​របស់ខ្លួន ដាក់​ទ្រុង ឬក៏​ខ្សែ​ច្រ​វាក់​ប្រឡៅ​ក​ឲ្យ​បាន​ត្រឹម ត្រូវ​ហើយ​នោះ ម្ចាស់​ឆ្កែ ពិសេស​អ្នក​នៅ​ភ្នំពេញ ដែល​ចូលចិត្ត​ចិញ្ចឹម​ឆ្កែ​ក៏​គួរតែ​បង្កើន​ការទទួលខុសត្រូវ នៅពេល​ឆ្កែ​ជុះអាចម៍​។​

​ម្ចាស់​ឆ្កែ នៅផ្ទះ​ល្វែង​ខ្លះ នាំ​ឆ្កែ​ជុះអាចម៍ ពាសវាល​ពាសកាល តាមផ្លូវ និង​នៅ​ដីឡូត៍​របស់គេ បង្ក​ឲ្យ​ស្អុយ​ពិបាក​ដល់​អ្នកជិតខាង​យ៉ាងខ្លាំង​។ អ្នក​ខ្លះទៀត ដាក់​ឆ្កែ​នៅ​ជាន់​លើ​ហើយ​ជះក្លិនមិនល្អ ដោយសារតែ​ឆ្កែ​អាចម៍​នោម រំខាន​ដល់​អ្នករស់នៅ​ជិត​នោះ​ជាខ្លាំង​ដែរ​។​

​ម្ចាស់​ឆ្កែ​ខ្លះ ចង់តែ​ស្អាត​ផ្ទះ​ខ្លួន ដោយ​មិន​ខ្វល់​នឹង​ផ្លូវ​សាធារណៈ ឬក៏​ដី និង​ផ្ទះ​របស់​អ្នកដទៃឡើយ​។ ចង់​ឆ្កែ​ទៅ​ជុះនោម ជុះអាចម៍​នៅ​របង​ផ្ទះ នៅមុខ​ផ្ទះ និង​នៅ​ដីឡូត៍​របស់​នរណា មិន​ខ្វល់​ទាល់តែ​សោះឡើយ​។ ក៏មាន​ម្ចាស់​ឆ្កែ​ខ្លះទៀត ពេលព្រឹក និង​ពេល​ល្ងាច បណ្តើរ​ឆ្កែទៅ​ជុះនោម ជុំ​អាចម៍ ដាក់​ស្មៅ​លើ​សួនច្បារ​សាធារណៈ ដែលជា​កន្លែង​លំហែ​ថែម​ទៀតផង​។ ធ្វើ​ដូច្នេះ ម្ចាស់​ឆ្កែ​នោះ មិនមាន​សីលធម៌​និង​ការទទួលខុសត្រូវ​គ្រប់គ្រាន់​លើស​ត្វ​ចិញ្ចឹមរបស់ខ្លួន​ទេ​។

​ដូច្នេះ ក្រៅតែពី​ការពារ​មិន​ឲ្យ​ឆ្កែដែល​ខ្លួន​ចិញ្ចឹម​ខាំ​អ្នកដទៃ​ ម្ចាស់​ឆ្កែ​ក៏​ត្រូវតែ​បង្កើន​ការទទួលខុសត្រូវ​ផ្នែកអនាម័យ​ថែមទៀត​។ រៀបចំ​កន្លែង​ឆ្កែ​ជុះនោម ហើយ​សម្អាត​ជាប្រចាំ ដើម្បី​កុំ​ឲ្យជះក្លិន​មិនល្អ​ដល់​អ្នកជិតខាង ហើយក៏​មិនត្រូវ​នាំ​ឆ្កែ​ទៅ​ជុះនោម​ជុះអាចម៍​តាមផ្លូវ របង​ផ្ទះ​គេ ឬ​នៅមុខ​ផ្ទះ ពិសេស​នៅតាម​សួនច្បារ​នោះឡើយ​៕ ដោយ​៖ លី ម៉េង​ហួរ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម