​មន្ត្រី​ជំនាញ​ជលផល បារម្ភ​ពី​និរន្ត​ភាព នៃ​មច្ឆជាតិ ក្នុង​ខេត្តស្ទឹងត្រែង​

218
ចែករម្លែក

ដោយ​៖ សុខុម /
​ស្ទឹងត្រែង​៖
ទឹកទន្លេ​មេគង្គ ដែល​ហូរ​កាត់ ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា មានការ​ប្រែប្រួល​ខ្លាំង នៅ​ឆ្នាំនេះ ដោយ​នៅក្នុង​ខែវស្សា ទឹក​នៅ​បាតទន្លេ​នៅឡើយ ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ មានការ​ព្រួយបារម្ភ​ជាខ្លាំង ពី​ការបន្ត​ពូជ​របស់​មច្ឆជាតិ នៅក្នុង​ខេត្តស្ទឹងត្រែង​។​

​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​ជលផល ខេត្តស្ទឹងត្រែង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាៈ ស្ថានភាព​ទឹកទន្លេ ទាំង ៤ ដែល​ហូរ​កាត់​លើទឹក​ដី ខេត្តស្ទឹងត្រែង មានការ​ប្រែប្រួល ទៅតាម​ធម្មជាតិ​។ នៅ​ឆ្នាំនេះ​ទឹកទន្លេ​មិន​ពេញប្រៀប​ជ្រាំង​ចូល​តាម​ដងអូរ​វាលទំនាប​ដូច​រាល់​ឆ្នាំ​ឡើយ​។​

(​រូបថត​:​ជលផល​)

​លោកនាយ​ខណ្ឌ បាន​និយាយ​បន្តទៀតថាៈ ទឹកទន្លេ​មេគង្គ ក្នុង​រយៈពេល ១០០ ឆ្នាំ កន្លងមកនេះ ទើបតែនឹង​មានការ​ប្រែប្រួល ខុសពី​ប្រក្រតី នៅ​ឆ្នាំ​២០២០ នេះ​តែ​ប៉ុន​ណោះ​។ តាម​ការកត់សម្គាល់​ឃើញ​ថា ជា​រៀងរាល់ឆ្នាំ នៅ​កំឡុង​ខែមិថុនា – ខែកក្កដា ទឹកទន្លេ​ក្នុង​ខេត្ត​នេះ ចាប់ផ្ដើម​ជន់​ឡើង ពេញប្រៀប​ហូរ​ចូល តាម​ប្រឡាយ អូរ ថ្លុក ត្រពាំង វាលទំនាប ជាដើម ។​ល​។ ក៏ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ គេ​សង្កេតឃើញថា ទឹកទន្លេ​មេគង្គ មាន​កម្ពស់​ពី ៥ ទៅ ៧ ម៉ែត្រ តែ​ប៉ុន​ណោះ គឺ​ស្ទើរតែ​នៅ​បាតទន្លេ​នេះ បើ​ធៀប​ក្នុង​រដូវប្រាំង និង​រដូវវស្សា ។​

​មន្ត្រី​ជំនាញ​ខាងលើ បាន​រៀបរាប់​បន្ថែមទៀតថាៈ គិត​ត្រឹម​ចុងខែ​កញ្ញា​នេះ ត្រី​មេ​ពូជ​គ្រប់​ប្រភេទ នៅក្នុង​ខេត្តស្ទឹងត្រែង មិនតិចជាង ៩៩% នោះទេ បាន​ទំលាក់​ពង​រួច នៅក្នុង​ដែន​ធម្មជាតិ ប៉ុន្តែ​លោក​បារម្ភ​យ៉ាងខ្លាំង​ថា ពងត្រី​ទាំងនោះ មិនដឹងថា អាច​ញាស់​ចេញ​ជា​កូន​ត្រី ឬមួយ​ក៏​អត់ ? ។​

(​រូបថត​:​ជលផល​)

​សូម​ជម្រាបជូន សាធារណៈជន​ទាំងអស់ ឲ្យ​បាន​ជ្រាបថាៈ ប្រភពទឹក​ទន្លេមេគង្គ មាន​ដើម​នៅ​ប្រទេស​ចិន ហូរ​កាត់​ប្រទេស​ចំនួន ៦ គឺ​ប្រទេស​ចិន ភូមា ថៃ ឡាវ កម្ពុជា និង វៀតណាម មាន​ប្រវែង​ជាង ៤.២០០ គីឡូម៉ែត្រ ហើយ​បាន​ហូរ​កាត់​ខេត្តស្ទឹងត្រែង ប្រវែង​ប្រមាណ ១២០ គីឡូម៉ែត្រ ។ នៅ​ខេត្តស្ទឹងត្រែង មាន​ទន្លេ​ចំនួន ៤ ហូរ​កាត់ គឺ​ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក ដែល​ទន្លេ​ទាំង​បួន ហូរ​កាត់​ខេត្តស្ទឹងត្រែង មាន​ប្រវែង​ប្រមាណ ៤៤៧ គីឡូម៉ែត្រ​។​

​ខេត្តស្ទឹងត្រែង មាន​ភូមិ​សរុប​ចំនួន ១២៨ ភូមិ ប្រជាពលរដ្ឋ ប្រមាណ ៧០ – ៨០% រស់នៅ​តាម​ដង​ទន្លេ ដែល​ប្រភព​ទឹកទន្លេ​ទាំងនេះ មាន​សារសំខាន់ សម្រាប់​ផ្គត់ផ្គង់ ដល់​ការរស់នៅ ការប្រើប្រាស់ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ ដល់​ប្រជាពលរដ្ឋ ក្នុង​ខេត្តស្ទឹងត្រែង​។ ក្រៅពីនេះ ធនធាន​ត្រី គឺជា​ប្រភព​មាន ផលប្រយោជន៍​ខ្លាំង សម្រាប់​ការទទួល​ទាន របស់​ប្រជាពលរដ្ឋ​។​

​មន្ត្រីជលផល បានលើកឡើង​ថាៈ ទិន្នផល​ត្រី ចាប់បាន​ពី​ធម្មជាតិ ប្រមាណ​ពី ៣-៧ តោន ដោយ​ត្រី​ខ្លះ​ដូចជា ត្រី​ប៉ា​ស៊ី​អ៊ី មាន​តំលៃ​ថ្លៃ រហូតដល់​ទៅ ៥០ ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​។​

(​រូបថត​:​ជលផល​)

​ជាថ្មី​ម្តងទៀត លោក ទុំ នី​រ៉ូ បាន​ក្រើន​រំលឹកថាៈ វិស័យ​ជលផល នៅ​ខេត្តស្ទឹងត្រែង គឺ​បាន​មកដល់​ចំណុច ភ្លើង​លឿង​ទៅហើយ នេះ​មានន័យថា ការចាប់​ត្រី​ពី​ធម្មជាតិ ទាំង​ស្របច្បាប់ ទាំង​ល្មើសច្បាប់ គឺ​ហួស​កម្រិត ដែល​អាច​ស្តុក​ធម្មជាតិ អាច​ផ្គត់ផ្គង់​បាន​។ លោក​ក៏បាន​បញ្ជាក់ថាៈ ក្នុង​រយៈពេល ១០ ឆ្នាំ ចុងក្រោយ​នេះ ការផ្គត់ផ្គង់​ត្រី មិន​ត្រឹមតែ​ក្នុង​ខេត្តស្ទឹងត្រែង ប៉ុណ្ណោះ​ទេ គឺ​បាន​នាំចេញ​ស្ទើរតែ ២៥ ខេត្ត ក្រុង នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយសារ​តម្រូវការ ត្រី​សាច់​នេះហើយ បានជា​មានការ​ប្រឹង​ចាប់​ត្រី ពី​ដែន​ធម្មជាតិ យ៉ាង​គគ្រឹកគគ្រេង ដែលជា​កត្តា​អាច​នាំ ឲ្យ​មហន្តរាយ ដល់​ធនធាន​ជលផល នៅ​ខេត្ត​នេះ​។​

នៅ​ខេត្តស្ទឹងត្រែង មន្ត្រីជលផល ដែលមាន​ការចូលរួម​គាំទ្រ ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង​សហគមន៍​មូលដ្ឋាន បាន​ខិតខំ​ការពារ និង​អភិរក្ស​ត្រី​មេ​ពូជ ក្នុង​រដូវ​បិទ​នេសាទ រៀងរាល់ឆ្នាំ បាន​យ៉ាង​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយ​នោះ មន្ត្រី​ជំនាញ​ជលផល សូម​ធ្វើការ​អំពាវនាវ ដល់​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ចូលរួម​ទប់ស្កាត់​បទល្មើស ដើម្បី​រក្សា​ផល​ត្រី ឲ្យ​នៅ​គង់វង្ស សម្រាប់​បន្ត​និរន្ត​ភាព ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕/V

(​រូបថត​:​ជលផល​)
(​រូបថត​:​ជលផល​)
(​រូបថត​:​ជលផល​)
(​រូបថត​:​ជលផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម