ស្ពានទួលរកា ស្រុកស្ទឹងត្រង់ ស្ថាប នាសម្រេចបាន ៧០ ភាគរយ

84
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម៖ ស្ពានបេតុង ឆ្លងកាត់ព្រែកទួលរកា ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលកំពុងស្ថាបនា ដោយអង្គភាពវិស្វកម្មរបស់ ក្រសួងការពារជាតិ ជាលទ្ធផល សាងសង់សម្រេចបាន ប្រមាណចំនួន ៧០ ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅក្នុងអំឡុងខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ ។

លោក ពេទ្យ កែវ ជាប្រធានការដ្ឋានស្ពានព្រែក ទួលរកា បានប្រាប់កាសែតរស្មីកម្ពុជា តាមទូរស័ព្ទ នៅថ្ងៃទី២៩ កញ្ញា នេះថាៈ យើងចាប់ផ្តើមដំណើរការ សាងសង់ស្ពានខាងលើ ដែលមានទំហំទទឹង ៩,៦០ ម៉ែត្រ និងបណ្តោយប្រវែង ៩០ ម៉ែត្រ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដោយបានប្រើប្រាស់កម្លាំង ចំនួន ៧០ នាក់ និងគ្រឿងចក្រជាង ១០ គ្រឿង របស់នាយកដ្ឋានវិស្វកម្ម លេខ ១៨០ នៃក្រសួងការពារជាតិ។

លោកប្រធានការដ្ឋាន ស្ពានព្រែកទួលរកា បានឱ្យដឹងទៀតថាៈ ជាលទ្ធផល សម្រាប់ការសាងសង់ គិតត្រឹមថ្ងៃដែលលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីរាជការ ចុះមកពិនិត្យ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ គឺសម្រេចបានចំនួនប្រមាណ ៧០ ភាគរយ គឺអាចនឹងហើយរួចរាល់ជាស្ថាពរ ជំនួសស្ពានបាឡេចាស់ និងបើកឱ្យចរាចរណ៍ឆ្លង កាត់ក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

គួរបញ្ជាក់ថា ស្ពានព្រែកទួលរកា ដើមឡើយ ជាស្ពានប្រភេទបាឡេ គឺនៅរដូវទឹកជំនន់ ទន្លេមេគង្គ ឆ្នាំ២០១៩ ចរន្តទឹកបានហូរបុកខ្លាំង បណ្តាលឱ្យបាក់ស្រុត គ្រឹះសសរស្ពាន ហើយអាជ្ញាធរ បានសម្រេចហាមឃាត់ រថយន្តធុនធំឆ្លងកាត់ និងឱ្យខាងជំនាញ សិក្សារកលទ្ធភាព សង់ស្ពានបេតុងជំនួសវិញ។


ជាមួយនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសុំទៅកាន់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយសម្តេចបានឯកភាព ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សិក្សា និងអនុវត្តគម្រោងស្ពានមួយនេះ និងឱ្យខាងវិស្វកម្ម ក្រសួងការពារជាតិ ជាអ្នកអនុវត្តស្ថាបនា សាងសង់សំណង់ ស្ពានបេតុងទួលរកានេះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម