អ្នកវិទ្យាសាស្ត្ររុស្ស៊ីដែលនៅពីក្រោយការផលិតវ៉ាក់សាំងកូវីដ១៩ ចេញមុខការពារការឆាប់ដាក់ឱ្យប្រើវ៉ាក់សាំង

613
ចែករម្លែក

រុស្ស៊ីគ្រោងនឹងចែករំលែកលទ្ធផលបឋមនៃការសាកល្បងវ៉ាក់សាំងកូវីដ១៩របស់ខ្លួនដោយផ្អែកលើការត្រួតពិនិត្យរយៈពេល ៦ សប្តាហ៍ដំបូងលើអ្នកចូលរួមជាច្រើន ខណៈពិភពលោកកំពុងប្រណាំងប្រជែងដើម្បីបង្កើតវ៉ាក់សាំងដើម្បីបញ្ចប់ជំងឺរាតត្បាត។

លោកវេជ្ជបណ្ឌិត អាឡិចសាន់ឌ័រ ជីនស្បឺក ប្រធានវិទ្យាស្ថានហ្គាម៉ាឡេយ៉ា ដែលផលិតវ៉ាក់សាំង Sputnik V បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ល្បឿននៃការអភិវឌ្ឍរបស់ខ្លួនគឺចាំបាច់នៅក្រោមលក្ខខណ្ឌ “គ្រាមានសង្គ្រាម” ប្រឆាំងជំងឺរាតត្បាត ប៉ុន្តែគ្មានការលុបចោលណាមួយឡើយចំពោះដំណើរការនៃការផលិតវ៉ាក់សាំងដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព។

ប្រទេសរុស្ស៊ីបានជំរុញល្បឿនផលិតវ៉ាក់សាំងកូវីដ១៩ក្នុងល្បឿនយ៉ាងលឿនជាមួយនឹងការចាក់វ៉ាក់សាំងជាសាធារណៈរួមជាមួយការសាកល្បងព្យាបាលលើមនុស្ស ជាហេតុនាំឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកសង្កេតការណ៍មួយចំនួនថា រុស្ស៊ីកំពុងផ្តល់អាទិភាពដល់កិត្យានុភាពជាតិជាជាងវិទ្យាសាស្ត្រនិងសុវត្ថិភាព។

ដៃកាន់ដបវ៉ាក់សាំងកូវីដ១៩ លោកជីនស្បឺកបាននិយាយថា “មនុស្សកំពុងស្លាប់ដូចអំឡុងពេលមានសង្គ្រាម។ ប៉ុន្តែល្បឿននៃការផលិតវ៉ាក់សាំងនេះមិនបានកាត់បន្ថយនូវសុវត្ថិភាពនិងប្រសិទ្ធភាពដូចដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានលើកឡើងនោះទេ។ គ្មានផ្លូវនោះឡើយ”។

អង្គុយនៅក្នុងការិយាល័យធ្វើពីឈើនៅវិទ្យាស្ថាននៅទីក្រុងមូស្គូ លោកវេជ្ជបណ្ឌិតជីនស្បឺកបាននិយាយថា ក្រុមរបស់លោកបានកំណត់ពេលវេលាយ៉ាងតឹងរ៉ឹងដើម្បីផលិតវ៉ាក់សាំង ប៉ុន្តែរាល់គោលការណ៍ណែនាំសម្រាប់ធ្វើតេស្តសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំង Sputnik V ត្រូវបានអនុវត្តតាមយ៉ាងហ្មត់ចត់។

ផែនការផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្នដោយផ្អែកលើការត្រួតពិនិត្យលើអ្នកស្ម័គ្រចិត្តរយៈពេល ៤២ ថ្ងៃដំបូងមានន័យថាប្រទេសរុស្ស៊ីមានឱកាសខ្ពស់ក្នុងការក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលប្រកាសទិន្នន័យពីការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ ដែលគេស្គាល់ថា ដំណាក់កាលទី ៣។

អ្នកស្ម័គ្រចិត្តដំបូង ៥.០០០ នាក់ត្រូវបានចាក់វ៉ាក់សាំងនៅថ្ងៃទី ៩ ខែកញ្ញាដែលមានន័យថាលទ្ធផលបណ្តោះអាសន្នអាចត្រូវចេញផ្សាយបន្ទាប់ពីថ្ងៃទី ២១ ខែតុលា៕ ដោយ ៖ កញ្ញាដាលីស

លោកវេជ្ជបណ្ឌិត អាឡិចសាន់ឌ័រ ជីនស្បឺក ប្រធានវិទ្យាស្ថានហ្គាម៉ាឡេយ៉ា ដែលផលិតវ៉ាក់សាំង Sputnik V

ទីតាំងផ្សាយពាណិជ្ជកម្ម