Barcelona ដកខ្លួន​ចេញពី​ការតាមប្រមាញ់ ឡូ​តា​រ៉ូ ម៉ា​ទីណេស​

345
ចែករម្លែក

​ក្លឹប Barcelona សម្រេច​មិន​បន្ត​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez) របស់​ក្លឹប Inter Milan ។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ពហុកីឡាដ្ឋាន Camp Nou នៅ​ឆ្នាំនេះ ហើយ​ត្រូវបាន​គេ​វាយតម្លៃ​ប្រហែល​៩០​លាន​ផោន​។​
​ ​
​ទោះបីជា​យ៉ាងណា ដោយសារតែ​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ក្លឹប Barcelona ក្លឹប​យក្ស​នៅ​អេ​ស្ប៉ា​ញ​នេះ មិនអាច​ឆ្លើយតប​នឹង​តម្លៃ​ដែល​ក្លឹប Inter Milan ទាមទារ​នោះទេ​ហើយ​បាន​ដកខ្លួន​ចេញពី​ការ ប្រជែង​ផ្ទេរ​យក​កីឡាករ​រូបនេះ​។​
​ ​
​ទោះបីជា​យ៉ាងណា ក្លឹប​យក្ស​នៅ​ក្របខណ្ឌ La Liga នេះ​បន្ត​ស្វែងរក​កីឡាករ​ដែល​អាចមក ជំនួស​តំណែង​នៅ​ទំនេរ បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) ដែល​បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) បន្ទាប់ពី​គ្រូបង្វឹក ថ្មី រ៉ូ​ណា​ល់ ខូ​មែន (Ronald Koeman) ប្រាប់ថា លោក​ឈប់​ត្រូវការ​កីឡាករ​រូបនេះ​ទៀតហើយ​។​
​ ​
​ម៉ា​ទីណេស ត្រូវបាន​គេ​មើលឃើញថា ជា​បេក្ខភាព​ស័ក្តិសម​សម្រាប់​ជំនួស​តំណែង​របស់ កីឡាករ ស្វា​រ៉េ​ស ខណៈពេល​កីឡាករ​រូបនេះ​រកបាន​១៤​គ្រាប់​នៅ​ក្របខណ្ឌ Serie A កាលពី រដូវ​កាល​មុន ហើយ​កាលពី​ថ្ងៃ​សៅរ៍ ម៉ា​ទីណេស រកបាន​១​គ្រាប់​ទៀត​អំឡុងពេល​យកឈ្នះ លើ​ក្រុម Fiorentina ។​
​ ​
​ដើមឡើយ ម៉ា​ទីណេស មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​១០១​លាន​ផោន​ក្នុង​កិច្ចសន្យា ប៉ុន្តែ​ថា លក្ខខណ្ឌ​នេះ​បាន​ចប់​កាលពី​ខែកក្កដា​។ នៅពេលនេះ ក្លឹប Inter បានទាមទារ​តម្លៃ​៧៣​លាន ផោន​សម្រាប់​ខ្សែប្រយុទ្ធ​រូប​នេះហើយ​នឹងមិន​ទទួលយក​កីឡាករ​ណា​ម្នាក់​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង នេះ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez)

ទីតាំងផ្សាយពាណិជ្ជកម្ម