ក្រសួងធម្មការស្នើក្រសួងព័ត៌មានកុំឱ្យទូរទស្សន៍យកឈុតឆាកពាក់ព័ន្ធព្រះពុទ្ធសាសនាចាក់ផ្សាយដោយមិនមានការត្រួតពិនិត្យ

452
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រសួងធម្មការនិងសាសនាកាលពីថ្មីៗកន្លងមកនេះបានធ្វើលិខិតមួយជូនលោកខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដោយបានស្នើសុំឱ្យ​ទូរទស្សន៍​រដ្ឋនិងឯកជនមិនត្រូវយករូបភាពឬឈុតឆាកតួអង្គព្រះពុទ្ធ ឬ បព្វជិតព្រះពុទ្ធសាសនា​មក​សម្តែងឬចាក់ផ្សាយដោយមិនបានត្រួតពិនិត្យត្រឹមត្រូវដែលនាំឱ្យប៉ះពាល់ដល់​បតម្លៃព្រះពុទ្ធសាសនា។

          ក្នុងលិខិតដែលបានចុះហត្ថលេខាដោយលោក ឈិតសុខុន រដ្ឋមន្រ្តីក្រសួង​ធម្មការនិងសាសនាបានជម្រាបជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​ដោយបញ្ជាក់ថា កន្លងមកលើកញ្ចក់ទូរទស្សន៍រដ្ឋ និង ឯកជនមួយចំនួនបានសម្តែង និងចាក់ផ្សាយរឿងដែលមានឈុតឆាកតួអង្គព្រះពុទ្ធ និងបព្វជិតព្រះពុទ្ធសាសនា​ដែលធ្វើឱ្យមានការភាន់ច្រឡំពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន និងធ្វើឱ្យប៉ះពាល់​ដល់តម្លៃកិត្យានុភាពព្រះពុទ្ធសាសនា ក្រសួងធម្មការនិងសាសនាសុំ​សហការ​ជាមួយក្រសួងព័ត៌មានដើម្បីជួយផ្សព្វផ្សាយដល់គ្រប់ណ្តាស្ថានីយ៍ទូរទស្សន៍រដ្ឋ និង ឯកជន សុំកុំយករូបភាពឬឈុតឆាកតួអង្គព្រះពុទ្ធ ឬបព្វជិតព្រះពុទ្ធសាសនា​​មកសម្តែងឬចាក់ផ្សាយ។

          ក្នុងលិខិតខាងលើនេះបានបញ្ជាក់បន្ថែមថា “ប្រសិនបើមានការ​សម្តែងនិង​ចាក់ផ្សាយរឿងដែលពាក់ព័ន្ធនឹងតួអង្គព្រះពុទ្ធ និងបព្វជិតព្រះពុទ្ធសាសនាត្រូវ​សហការជាមួយក្រសួងធម្មការ និងសាសនាដើម្បីពិនិត្យចរិតលក្ខណៈសម្បត្តិ​របស់តួអង្គមុននឹងការសម្តែងនិងចាក់ផ្សាយ”។

         ជាមួយគ្នាក្រសួងធម្មការជឿជាក់ថាតាមរយៈលិខិតស្នើសុំមួយនេះគ្រប់ស្ថានីយ៍ទូរទស្សន៍រដ្ឋ និង ឯកជន នឹងសហការជាមួយក្រសួងធម្មការនិងសាសនានិងក្រសួង​ព័ត៌មានដើម្បីជួយលើកកម្ពស់តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានរុងរឿងរីកចម្រើនតទៅ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម