ប្លែក​! សូម្បីតែ​ជនបរទេស ក៏​ចេះ​លួច​កាច់ ក ម៉ូតូ​ដែរ​

447
ចែករម្លែក

ដោយ​៖ វណ្ណៈ /
​ព្រះសីហនុ​៖
មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថាៈ សមត្ថកិច្ច បាន​បញ្ជូន​ជនសង្ស័យ ចំនួន​ពីរ​នាក់ ជា​ជនបរទេស ទៅ​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅនេះ ពីបទ​ល្មើស លួច​កាច់ ក ម៉ូតូ នៅក្នុង​សង្កាត់​លេខ ៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​តាម​របាយការណ៍​រប​ស់ សមត្ថកិច្ច​ប៉ូលិស បានបញ្ជាក់​ឲ្យ​ដឹងថាៈ នៅវេលា​ម៉ោង ១១ ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានទទួល​បណ្ដឹង រាយការណ៍​ពី​ឈ្មោះ សំ រដ្ឋា ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ដេប៉ូ គិត​ប៊ុន ស្នាក់នៅ​ផ្ទះជួល​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ដ​ព្រះសីហនុ ជុំវិញ​ហេតុការណ៍ កាលពី​វេលា​ម៉ោង​ប្រហែល ២ រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ គាត់​បាន​បាត់​ម៉ូតូ ២ គ្រឿង ម៉ាក​ហុងដា អ៊ែរ​ប្លែ​ត ។

​ក្រោយពី​ទទួល​បណ្ដឹង កម្លាំង​ជំនាញ បាន​បន្ដ​ស្រាវជ្រាវ រហូតដល់​ម៉ោង ២​និង​១០​នាទី រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល ហើយ​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ពីរ​នាក់ ក្នុងនោះ​មានៈ ១-​ឈ្មោះ Izhevskii Ilia ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​រុស្សី ស្នាក់នៅ​ផ្ទះជួល​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះសីហនុ (​ចារី​) មាន​សារធាតុ​ញៀន និង ២-​ឈ្មោះ Mamebov Ruslan ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​តួ​ក​ម៉េ​នី​ស្ថាន ស្នាក់នៅ​ផ្ទះជួល​បុរី BS ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះសីហនុ (​សមគំនិត​) មាន​សារធាតុ​ញៀន ។​

​ជនសង្ស័យ​ឈ្មោះ Izhevskii Ilia បាន​ឆ្លើយ​សារភាពថាៈ ខ្លួន​បានមករ​រស់នៅ​ខេត្ដ​ព្រះសីហនុ តាំងពី​ឆ្នាំ​២០១៦ ។ នៅ​ថ្ងៃកើតហេតុ យប់​វេលា​ម៉ោង ១ និង​៤០ រំលងអធ្រាត្រ ថ្ងៃទី​២៥ កញ្ញា ២០២០ ខ្លួន​ជិះ​ម៉ូតូ​ម្នាក់ឯង ឃើញ​ផ្ទះមួយ ទំនង​អាច​ចូល​លួច​យក​ម៉ូតូ​បាន ខ្លួន​ក៏​ឈប់​ម៉ូតូ ចាក់សោរ​ចត​ចោល នៅ​ខាង​ក្រៅរបង​ផ្ទះ​នោះ ហើយ​ដើរ​ចូលទៅ​លួច​យក​ម៉ូតូ ម៉ាក​ហុងដា អ៊ែរ​ប្លែ​ត ១​គ្រឿង ដែល​ចត​នៅមុខ​បន្ទប់ ក្នុង​បរិវេណ​របង​ផ្ទះ ហើយ​ជិះ​ម៉ូតូ​នោះ ចេញ​យកទៅ​ទុក​នៅផ្ទះ​របស់ខ្លួន នៅក្នុង​បុរី BS ភូមិ​៥ សង្កាត់​៤ ។

​បន្ទាប់​រូបគេ ក៏​ហៅ​ម៉ូតូ​កង់​បី ជិះ​ត្រឡប់មកផ្ទះ​នោះ​វិញ ហើយ​ដើរចូល​ទៅយក​ម៉ូតូ ១ គ្រឿង​ទៀត ក្រោយពេល​យក​ម៉ូតូ ១ គ្រឿង​នេះ​បាន ខ្លួន​បាន​ជិះ យកទៅ​ទុក នៅ​បន្ទប់​ជួល​របស់​ឈ្មោះ Mamebov Ruslan នៅមុខ​សាលារៀន​អូរ ២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ដ​ព្រះសីហនុ ហើយ​ខ្លួន​ក៏​ត្រឡប់ មក​យក​ម៉ូតូ ដែល​ចត​ទុកចោល នៅមុខ​ផ្ទះ​ជនរងគ្រោះ ជិះ​ទៅ​បន្ទប់​ស្នាក់នៅ​បុរី BS វិញ និង​បាន​យក​ម៉ូតូ ដែល​ខ្លួន​លួចបាន ទៅ​បាញ់ថ្នាំ ពណ៌​ស ពីលើ ដើម្បី​បន្លំ​កុំ​ឲ្យ​ម្ចាស់​ម៉ូតូ​ស្គាល់ ។

​ក្រោយ​ធ្វើ​សកម្មភាព​រួច នៅវេលា​ម៉ោង ២​និង​១០​នាទី រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល ពួកខ្លួន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ កម្រិតធ្ងន់ ឃាត់ខ្លួន​តែម្ដង ។​

​សម្ភារ​វត្ថុតាង ដែល​សមត្ថកិច្ច រឹបអូស​យកបាន​មានៈ -​ម៉ូតូ​ហុងដា អ៊ែរ​ប្លេ​ត ៦ គ្រឿង (​វត្ថុតាង​នៃ​បទល្មើស ម៉ូតូ ២ គ្រឿង ជា​របស់​ជនរងគ្រោះ​) សមត្ថកិច្ច​ជំនាញ បានប្រគល់ ​ជូនទៅ​ជនរងគ្រោះ ដើម្បី​ប្រើប្រាស់​វិញ តាម​ការស្នើសុំ -​ផ្លាកលេខ​ម៉ូតូ ១​សន្លឹក (​ភ្នំពេញ​1X-6929) គ្រឿងបន្លាស់ សម្ភារ និង​ឧបករណ៍​ជួសជុល មួយចំនួន -​កញ្ឆា ២​ដុំ​តូច ។​

​ជនសង្ស័យ​ទាំងពីរ សម្ភារ​វត្ថុតាង រួម​នឹង​ឧបករណ៍ ចាប់យក​បានជា​ច្រើន​ទៀត ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កំពុង​បំពេញ​នីតិវិធី ដើម្បី​បញ្ជូន​ទៅកាន់ សាលាដំបូង​ខេត្ដ​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ដ តាម​នីតិវិធី ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម