​ស្លាប់​ម្នាក់ របួសធ្ងន់ ពីរ​នាក់ ដោយសារ​រថយន្ត និង​ម៉ូតូ បើក​លឿន​ដូចគ្នា ដល់​ផ្លូវបែក​ជា​បួន​បុក​គ្នា​

162
ចែករម្លែក

ដោយ​៖ ចាន់តូ /
​ភ្នំពេញ​៖
បុរស​ម្នាក់បាន​ស្លាប់ និង​បុរសពីរ​នាក់​ទៀត បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿន ត្រូវ​រថយន្ត​ដែល​បើកក្នុង​ល្បឿន​លឿនដូចគ្នាបាន​បុក​គ្នា ពេញទំហឹង កាលពី​វេលា​ម៉ោង ៩​និង ៣០ នាទី យប់​ថ្ងៃ​អង្គា​ ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ R8 កែង​នឹង​ផ្លូវ​R៣ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​បុរសរងគ្រោះ (​ស្លាប់​) មានឈ្មោះ ព្រឿ​ម សារ៉ាត់ អាយុ​៣៣​ឆ្នាំ មុខរបរជាងសំណង់ (​ផ្នែក​ជាង​បៀក​) ស្នាក់នៅ​ម្ដុំ​កាំ​កូ​ស៊ី​ធី មាន​ស្រុកកំណើត នៅ​ភូមិ​ពោធិ៍​២ ឃុំ​គា ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​បើតាម​សម្តី​សន្តិសុខ ដែល​យាម​នៅ​ជិត​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​ជនជាតិ​ចិន ចំនួន​ពីរ​នាក់ រួម​ដំណើរ​នiង​បុរសជនជាតិខ្មែរ​ម្នាក់ទៀត បានបើករថយន្ត​ស៊េរី​ទំនើប ម៉ាក Toyota ALPHARD ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AX-9188 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ R៣ ទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង លុះ​មកដល់​ចំណុចផ្លូវបែក​ជា​បួន ក៏បាន​បុក​ជាមួយ​ម៉ូតូ ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ ២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1AL-1753 ជិះ​ដោយ​បុរស ៣ នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ R8 ទិសដៅ​ពី​ខាងកើតទៅខាង​លិច បុក​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ ចំណែក​ពីរ​នាក់​ទៀត រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ ដឹក​បញ្ជូនទៅ សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ។ រថយន្ត​បង្ក បាន​ព្យាយាម​បើក​រត់ រាប់សិប​ម៉ែត្រ តែ​ត្រូវបាន​ប្រជាពលរដ្ឋឃើញ ក៏​នាំគ្នា​ឃាត់​បានមក​វិញ និង​ឃាត់ខ្លួន​ជនជាតិខ្មែរ អ្នករួមដំណើរ​ម្នាក់ ប្រគល់ជូន​សមត្ថកិច្ច​មូលដ្ឋានយកទៅ​សួរនាំ​។ ចំណែក​ជនជាតិ​ចិន ពីរ​នាក់​ទៀត បានគេច​ខ្លួនពី​កន្លែងកើតហេតុ​បាត់​។​

​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន បាន​ទំនាក់ទំនងទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ចុះមក​វាស់វែង យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​។ រីឯ​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ប្រគល់ជូន​សាច់ញាតិ យកទៅ​ស្រុកកំណើត ធ្វើបុណ្យ​តាម​ប្រពៃណី​៕​/V/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម