លីន សេងហុង ប្រជែង​ឈ្នះ ឡុង ខេត្ត ដែរឬទេ ?

107
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by CellCard វគ្គ​ជម្រុះ​ជុំ​ទី​១ បាន​ឈានដល់​សប្ដាហ៍​ទី​៥ ហើយ សម្រាប់​ថ្ងៃទី​៣ តុលា​ ខាងមុខនេះ ហើយ​នៅក្នុង​ការប្រកួត​ទី​៥ នេះ អ្នក​ប្រដាល់​ជើង​ថ្មី លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើងចាស់់ ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។​

​សេងហុង ទំនងជា​មិន​ខ្សោយ​ទេ ទើប​គេ​ហ៊ាន​ចូលប្រឡូក ក្នុង​ការប្រកួត​ដណ្ដើមពាន​នេះ ក្នុងខណៈដែល ឡុង ខេត្ត ជា​ខ្លា​ចាស់​មួយរូប កំពុងតែបន្ត​មានឈ្មោះ បោះ​សម្លេង ។ សូមបញ្ជាក់ថា ឡុង ខេត្ត ពិតជា​ខ្លាំង​មែន តែ​គេ​ជា​អ្នក​ប្រដាល់ ដែលមាន​អំណួត និង​ចូលចិត្ត​វាយ​ បំពាន​គូប្រកួត ដោយ​ធ្វេសប្រហែស ក្នុងការ​ការពារ ដែល​នេះ​ជា ចំណុចខ្សោយ​របស់គេ ។​

អ្នក​ប្រដាល់​ជើង​ថ្មី លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ

​សេងហុង គេ​ទើបតែ​ធ្លាប់​ចូលរួម ការប្រកួត​បាន ២៥ ដង​ប៉ុណ្ណោះ ដែល​ក្នុងនោះ គេ​ឈ្នះ​បាន ១៦​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ ២​ដង ។ ចំពោះ ឡុង ខេត្ត​វិញ គេ​ធ្លាប់​ឆ្លងកាត់​ការប្រកួត បាន​រហូតដល់ ៨៥ ដង ឈ្នះ ៥៦​ដង ចាញ់ ២០​ដង និង​ស្មើ​ពិន្ទុ ៩​ដង ។ ទោះបី​ស្ថិតិ​ប្រកួត​ខុស​គ្នា ក៏ពិតមែន តែ លីន សេងហុង ប្ដេជ្ញា​ថា នឹង​ប្រជែង​យក​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ឲ្យ​ទាល់តែ​បាន ។ ចំពោះ ឡុង ខេត្ត​វិញ ក៏​គេ​បាន​បោះ​សំដី​ថា កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ នឹង​បានមក​គេ ។​

​សុទ្ធតែ​ខ្លាំង​ដូចគ្នា​បែបនេះ មិនដឹងថា នរណា ប្រជែង​បាន​កៅអី​ជុំ​ទី​២ នោះឡើយ ។ ការប្រកួត​មួយ​នេះ ប្រសិនបើ ឡុង ខេត្ត ឈ្នះ​ វា​ជា​រឿង​ធម្មតា​មួយ របស់​អ្នក​ប្រដាល់​ជើងចាស់ តែ​ប្រសិនបើ​ចាញ់​វិញ​នោះ កេរ្តិ៍ឈ្មោះ​របស់ លីន សេងហុង នឹង​កាន់តែ​លេចធ្លោ​ហើយ ។​

​សូមបញ្ជាក់ថា មកទល់ពេលនេះ មាន​អ្នក​ប្រដាល់ ចំនួន​៥​រូប​ហើយ ដែល​ខ្ទាត​ចេញ ពី​ការប្រកួត ហើយក៏​មាន​អ្នក​ប្រដាល់ ៥ រូប​ដែរ​ ដែល​ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ។ ចុះ​រវាង ឡុង ខេត្ត និង លីន សេងហុង នរណា ជា​ជន​ទី​៦ ដែល​ខ្ទាត​ចេញ និង​ជា​ជន​ទី​៦ ដែល​ឡើងទៅ​ជុំ​ទី​២ ? ។​

អ្នក​ប្រដាល់​ជើងចាស់់ ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ

​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍ ខ្សែក្រវាត់​វិញ​នោះ អ្នក​ប្រដាល់ ថា​ន់ ប៊ុន​រ៉ុង ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ អ្នក​ប្រដាល់ មាឃ សុវណ្ណារ៉ា ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​ប៊ុន​រ៉ុង ជា​អ្នក​ប្រដាល់​ជំនាន់​ថ្មី មួយរូប ដែល​កំពុង​តែមាន​អំណួត រីឯ មាឃ សុវណ្ណារ៉ា វិញ ជា​អ្នក​ប្រដាល់​មួយរូប ដែលមាន​កណ្ដាប់ ដៃ​រឹង​ដូច​ថ្ម និង​វ៉ៃ​ចេញ​បាន​រហ័ស ព្រម​តាំង​មាន​ប្រសិទ្ធភាព​ទៀតផង ។ ប្រសិនបើ ប៊ុន​រ៉ុង ហ៊ាន​តែ​ប្រហែស​នោះ គេ​នឹង​សន្លប់​ដោយសារ កណ្ដាប់ដៃ​របស់ សុវណ្ណារ៉ា តែ​ប្រសិនបើ សុវណ្ណារ៉ា ការពារ​អន់​នោះ ក៏​នឹងរង​របួស ដោយសារ​កែង​របស់ ប៊ុន​រ៉ុង ដែរ ។ ចាំមើល នរណា ជា​អ្នកឈ្នះ ក្នុងការ​ប្រកួត​នេះ ? ។​

​ខ្លា​ចាស់ អ៊ុង កំសត់ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ថ្មី សឿន ឆ្នើម ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ កំសត់ មាន​ផ្លែ​វ៉ៃ​ចេញ​ល្អ តែ​យឺត និង​ចិត្ត​តូច​បន្តិច ចំពោះ សឿន ឆ្នើម វិញ គេ​នៅ​វ័យក្មេង និង​មាន​អំណួត​បន្តិច សម្រាប់​អ្នក​ប្រដាល់ ទាំង​២​រូបនេះ រវាង​អ្នកឈ្នះ និង​អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា ជាមិនខាន​ឡើយ ។​

​ខាំ កូន​ខ្លា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុ​ក ប៊ុន​សំណាង ក្លិប​កងយោធពល​ខេមរភូមិន្ទ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម