ក្រុមហ៊ុន Disney នឹងបញ្ឈប់បុគ្គលិកចំនួន ២៨.០០០ នៅសួនរបស់ខ្លួនក្នុងរដ្ឋកាលីហ្វ័រញ៉ានិងរដ្ឋផ្លរីដា

171
ចែករម្លែក

ក្រុមហ៊ុន Walt Disney Co បានឱ្យដឹងកាលពីថ្ងៃអង្គារទី២៩កញ្ញាថា ខ្លួនគ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ២៨.០០០ នាក់នៅក្នុងផ្នែកសួនកម្សាន្តរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ានិងរដ្ឋផ្លរីដា។

មន្រ្តីក្រុមហ៊ុន Disney បាននិយាយថា ២ភាគ៣នៃការបញ្ឈប់ដែលបានគ្រោងទុកនេះគឺពាក់ព័ន្ធនឹងបុគ្គលិកក្រៅម៉ោង ប៉ុន្តែក៏រាប់ចាប់ពីបុគ្គលិកស៊ីប្រាក់ខែរហូតដល់បុគ្គលិកស៊ីឈ្នួលតាមម៉ោងផងដែរ។

សួនកម្សាន្ត Disney បានបិទកាលពីរដូវផ្ការីក ពេលដែលជំងឺរាតត្បាតកូវីដ១៩បានចាប់ផ្តើមរីករាលដាលនៅសហរដ្ឋអាម៉េរិក។ សួនកម្សាន្តនៅរដ្ឋផ្លរីដាបានចាប់ផ្តើមបើកឡើងវិញនៅរដូវក្តៅនេះ ប៉ុន្តែសួននៅរដ្ឋកាលីហ្វ័រញ៉ាមិនទាន់បើកដំណើរការឡើងវិញទេខណៈក្រុមហ៊ុនកំពុងរង់ចាំការណែនាំពីរដ្ឋកាលីហ្វ័រញ៉ា។

នៅក្នុងលិខិតជូនចំពោះនិយោជិត លោក ចូស ឌី អាម៉ារ៉ូ ប្រធានគ្រប់គ្រងសួនឌីស្នី បទពិសោធន៍ និង ផលិតផល បាននិយាយថា “ការមិនមានឆន្ទៈក្នុងការដកការរឹតត្បិត ដែលអនុញ្ញាតឱ្យ Disneyland បើកឡើងវិញ” បានធ្វើឱ្យស្ថានភាពក្រុមហ៊ុនកាន់តែធ្ងន់ធ្ងរ។

លោកឌីអាម៉ារ៉ូនិយាយថា ក្រុមគ្រប់គ្រងរបស់គាត់បានខិតខំព្យាយាមដើម្បីចៀសវាងការបញ្ឈប់ការងារ។ លោកនិយាយថា ពួកខ្លួនបានកាត់បន្ថយការចំណាយ ផ្អាកគម្រោងនានា និង កែប្រែប្រតិបត្តិការ ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេដោយហេតុថាចំនួនមនុស្សដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងសួនកម្សាន្តមានចំនួនតិចតួច ដោយសារតែការរឹតត្បិតរក្សាគម្លាតពីគ្នានិងវិធានការទាក់ទងនឹងជំងឺរាតត្បាត៕ ដោយ ៖ កញ្ញាដាលីស

សួនកម្សាន្ត Disneyland នឹងបញ្ឈប់បុគ្គលិកចំនួន ២៨.០០០ នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម