អង្គការ​WHO ៖ ទោះបីជា​មាន​អ្នកស្លាប់​ឡើង​ជាង​មួយ​លាន​នាក់ ប៉ុន្តែ​មិន​ទាន់​យឺត​ពេល​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩

139
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៩ ខែកញ្ញា​ថា​ព្រឹត្តិការណ៍​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​ស្លាប់​មនុស្ស​១​លាន​នាក់​ដោយ​ជំងឺ​កូវី​ដ​១៩ នឹង​ជំរុញ​ពិភពលោក​ឱ្យ​បង្កើន​ការប្រយុទ្ធ​​ប្រឆាំង​នឹង​ជំងឺ​នេះ ដោយ​អង្គការ​នេះ​និយាយថា​វា​មិន​ទាន់​យឺត​ពេល​ក្នុង​ការរួម​គ្នា​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​សកល​នេះ​។​

​លោកតេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេ​យូស​( Tedros Adhanom Ghebreyesus )​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា មាន​សញ្ញា​នៃ​ក្តីសង្ឃឹម​ចំពោះ​ការសាកល្បង​ថ្នាំ​វ៉ាក់សាំង​នៅ​​ក្នុង​ដំណាក់កាល​ចុងក្រោយ​។​

​លោក​បាន​និយាយថា ​ខណៈ​ដែល​ពិភពលោក​កំពុង​រង់ចាំ​របកគំហើញ​វិទ្យាសាស្ត្រ​(​ថ្នាំ​វ៉ាក់សាំង​)​នោះ កា​ឆ្លង​វីរុស​នេះ​អាច​ត្រូវបាន​ទប់ស្កាត់​ដោយ​ប្រសិទ្ធភាព​តាមរយៈ​វិធានការ​សុខភាព​សាធារណៈ​។​

​លោក​អគ្គនាយក​បាន​និយាយ​នៅក្នុង​អត្ថបទ​មួយ​នៅក្នុង​កាសែត​អង់គ្លេស Independent ថា ” មនុស្ស​១​លាន​នាក់​ឥឡូវបាន​បាត់បង់​ជីវិត​ដោយ​ជំងឺ​កូវី​ដ​១៩​ហើយ​មនុស្ស​ជាច្រើន​ទៀត​កំពុង​រង​​គ្រោះ​ដោយសារតែ​ជំងឺ​រាតត្បាត​នេះ​។​ព្រឹត្តិការណ៍​នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​ពិភពលោក​ ប៉ុន្តែ​មាន​ពន្លឺ​នៃ​ក្តីសង្ឃឹម​ដែ​លលើកទឹកចិត្ត​យើង​នៅពេល​នេះ​និង​នៅពេល​អនាគត​។​មិន​ថា​ប្រទេស​​ណា​ទេ វា​មិន​ដែល​យឺត​ពេល​ក្នុង​ការកែប្រែ​ស្ថានភាព​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​នោះទេ​”​។​

​លោក ហ្គេ​ប្រេ​យេ​យូស បាន​គូសបញ្ជាក់​ចំណាត់ការ​សំខាន់ៗ​ចំនួន ៤ ដើម្បី​ដាក់​ជំងឺ​កូវី​ដ​១៩​ ឱ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង ដោយ​ចាប់ផ្តើម​ការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល និង​ការពារ​ក្រុម​ងាយ​រងគ្រោះ​។​

​លោក​បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​នៃ​ការទទួលខុសត្រូវ​រៀងៗ​ខ្លួន​ក្នុង​ការ​លាងដៃ ពាក់​ម៉ាស​មុខ​និង​រក្សា​គម្លាត​សុវត្ថិភាព ហើយ​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ គឺ​ស្វែងរក​អ្នក​ឆ្លង​ពាក់ព័ន្ធ ​ដាក់​នៅ​ដោយឡែក ធ្វើតេស្តនិង​យកចិត្តទុកដាក់​ចំពោះ​ករណី​ឆ្លង បន្ទាប់​មក​តាម​រក​អ្នក​ឆ្លង​វីរុស​ហើយ​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក​។​

​លោក​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការអំពាវនាវ​របស់​លោក​សម្រាប់​ការផ្តល់​មូលនិធិ​សម្រាប់​ក្រុម​ស្រាវជ្រាវ​វេជ្ជាសាស្ត្រ​ACT-Accelerator ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការស្រាវជ្រាវ​និង​​ផលិត​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩ និង​ការធ្វើ​រោគវិនិច្ឆ័យ​និង​ការព្យាបាល​។​

​នៅពេលនេះ កម្មវិធី​នេះ​មាន​ទឹកប្រាក់​ត្រឹមតែ​៣​ពាន់​លាន​ដុល្លារប៉ុណ្ណោះ​នៃ​ចំនួន​ទឹកប្រាក់​ត្រូវ​ការសរុប​ចំនួន​៣៨​ពាន់​លាន​ដុល្លារ​ដែល​ត្រូវការ​ដើម្បី​សម្រេច​គោលដៅ​ផលិត​និង​ផ្តល់​ថ្នាំ​វ៉ាក់សាំង​​ចំនួន ២ ពាន់​លាន​ដូស ការព្យាបាល​ចំនួន​២៤៥​លាន​នាក់ និង​ការធ្វើ​រោគវិនិច្ឆ័យ​ចំនួន ៥០០ លាន​នាក់​នៅ​ឆ្នាំក្រោយ​៕ប្រែសម្រួល៖សុខា/sn/Ha

​លោកតេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេ​យូស​

ទីតាំងផ្សាយពាណិជ្ជកម្ម