ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០

111
ចែករម្លែក

ឆ្នាំជូត
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​ទេ​ហេតុនេះ​នាំឱ្យ មានការ​ប្រែប្រួល​ទាំង​អារម្មណ៍​និង​ការងារ​មានការ​រាំងស្ទះ​ច្រើន​។​ស្ត្រី​មេផ្ទះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ​វិញ​បន្តិច​តែ​មិន​ច្រើន​ទេ​ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ប្រកប​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មិនទាន់មាន​គូរ​គាប់​ចង់​ចងសម្ព័ន្ធ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

ឆ្នាំឆ្លូវ
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មុន​សម្រេចចិត្ត​ធ្វើ​អ្វី​គប្បី​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​ល្អ​បើ​ពុំ​នោះទេ​នឹង​បាន​ទទួលផល​អាក្រក់​ជាង​ផល​ល្អ​ជាក់​ជាពុំខាន​។​ស្ត្រី​មេផ្ទះ​វិញ​លោក​អ្នកធ្វើ​អ្វីៗ​តែង​មិន​ផ្តល់​ផល​ល្អ​ដែរ​ពោលគឺ​ធ្វើ​ច្រើន​ខុស​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​បន្សើម​បំពង់ក​ទៅរួច​បើ​ពុំ​នោះទេ​ច្បាស់​ជា​រក​អង្ករ​ច្រក​ឆ្នាំង​ពុំ​គ្រាន់​ឡើយ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​ដែល​ជាការ​ហួសពេល​ទៅហើយ​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គួរសម​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ជាផ្លែផ្កា​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ ឬ​ចង់​រើទីកន្លែង​លក់ដូរ​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់​ក្កៅ​។

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ពុះកញ្ជ្រោល​ព្រោះតែ​ការសេព​កាមគុណ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅ​គ្រាក្រោយ​ហើយ​ត្រូវ​មក​គ្រាំគ្រា​ចិត្ត​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​បើ​ធ្វើ​អ្វីមួយ​មិនបាន​ពិចារណា​ត្រឹមត្រូវ​អាច​បាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​ផង​។ ​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​ពិបាក​ពិតមែនតែ​លោកអ្នក​ក៏​ជួប​ភាព​សុខដុម​មិនមាន​អ្វី​ចូលមក​បៀតបៀន​យាយី​នាំ​ពិបាក​ទប់ទល់​នោះដែរ​។

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​ជា​ញឹកញាប់​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​សម្រេចចិត្ត​អ្វី​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​មិនអាច​ប្រថុយប្រថាន​បានទេ​បើ​ពុំនោះ​ផល​អាក្រក់​ពិតជា​កើតឡើង​ពុំខាន​។​ក្រៅពីនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​ខ្លះៗ​កើតឡើង​ដោយសារ​ការធ្វេសប្រហែស​អ្វីមួយ​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ទាល់ តែ​ខិតខំ​ព្យាយាម​ទើប​អាចមាន​ភាព​ផ្អែមល្ហែម​ដូចដើម​វិញ​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​ការងារ​និង​បញ្ហា​ប្រាក់កាស ហេតុនេះ​ទោះ​ធ្វើ​អ្វីតែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រៀបបាន​ដូចជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃ ពេញ ជើង​ទ្បើង​វិញ​។​ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ផ្លាស់ប្តូរ​និង​ប្រែប្រួល​ច្រើន​គួរ​មាន​ការចេះ​ពូន​ជ្រោយ បន្តិច​ទើប​ប្រសើរ​៕

ឆ្នាំមមី
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ​ឬ​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់ មកវិញ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​មិន​គប្បី​ជឿ​ក្រុម មនុស្ស​ខ្ចាត់ព្រាត់​ឡើយ​ប្រយ័ត្ន​នាំទុក្ខ​ទោស​ដាក់ខ្លួន​មកវិញ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ការរស់នៅ​លោកអ្នក​ជួប​ស្ថានភាព​តានតឹង​ច្រើន​ហើយ​កិច្ចការងារ​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​ចំណែក​លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ដាក់​ប្រាក់​ទុន​ទៅ​កប់​សូន្យឈឹង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

ឆ្នាំវក
​រាសី​ខ្ពស់ត្រដែត​។​កិច្ចការងារ​របស់លោក​អ្នក​នៅពេលនេះ​មាន​ឡើង​មាន​ចុះ​មិនសូវ​ទៀងទាត់​ឡើយ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​មិន​ត្រូវមាន​អារម្មណ៍​តានតឹង​ឬ​យក​ភាព​ឆេវឆាវ​ក្តៅក្រហាយ​ដាក់ខ្លួន​បើ​ពុំនោះ​ផល​ល្អ​នឹង​ប្រែជា​អាក្រក់​ហើយ​រឿង​រាវ​ដែល​អាក្រក់​ស្រាប់​នឹង​កាន់តែ​អាក្រក់​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ចំណូល​ទាប​ជាង​ចំណាយ​ហេតុនេះ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

ឆ្នាំច
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ភាព​តានតឹង​ច្រើន​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ទាល់តែ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ចៀសផុត​រឿង​រាវ​អាក្រក់​ទាំងពួង​រត់​ចូល​កើត​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​រក​ពេលវេលា​សម្រាក​ឱ្យបាន​ច្រើន​ទើប​ជាការ​ប្រសើរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​អញ្ចឹង​ដែរ​ប៉ុន្តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ផង​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងអំឡុង​ពេលនេះ​មិន​ទៅមុខ​ហើយក៏​មិន​ថយក្រោយ​ដែរ​គឺ​ចត​នៅស្ងៀម​ល្អ​ណាស់​៕

ឆ្នាំកុរ
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ហើយ​ធ្វើ​អ្វីឃើញថា​មិនសូវ​ផ្តល់​ជា​ផល​ឆ្លើយតប​ប៉ុន្មាន​ដែរ​។​ការរស់នៅ​លោកអ្នក​ជួប​នូវ​បញ្ហា​រកាំចិត្តច្រើន​បន្តិច​ពិសេស​ងាយ​ត្រូវគេ​ស្តីបន្ទោស​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ទៀតផង​។​ចំណែក​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ម្ល៉ោះហើយ​បញ្ហា​ជម្លោះ​វិ​
​វាទ​នោះ​ក៏​ងាយ​ផ្ទុះ​កើតមានឡើង​ដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម