ដើរ​ឆ្លងផ្លូវ​ត្រូវ​រថ​យន្ត​បុក​រងរបួស​ធ្ងន់​

112
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់ពី​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវបាន​រថយន្ត​ម៉ាក​ព្រូស បើកបរ​ដោយ​ស្ត្រី​ស្រស់ស្អាត​ម្នាក់ បុក​ប៉ើង​ជាច្រើន​ម៉ែត្រ ហើយ​រថយន្ដ​បាន​រ៉េ​ចង្កូត​ទៅបុក​របង​ហ្កា​រាស់​សាំង បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ពុធ ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ​ហ្កា​រាស់​សាំង​លឹម ឡុង តាម​បណ្តោយ​ផ្លូវ​១០១៣ កែង​និង​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​បុរស​ម្នាក់​ដើរ​តាម​បណ្ដោយ​ផ្លូ​១០១៣ ទិសដៅ​ពី​ជើង​មក​ត្បូង ខណៈ​កំពុងតែ​ឆ្លងផ្លូវ ស្រាប់​តែមាន​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ទឹកប្រាក ស៊េរី​ឆ្នាំ​២០០៥ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BH.2167 បើកបរ​ដោយ​ស្ត្រី​ស្រស់ស្អាត​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ទិសដៅ​ពី​លិច​មក​កើត​យ៉ាង​លឿន ក៏​ស្រាប់តែ​មក​បុក​បុរស​ខាងលើ​ប៉ើង​បោក​នឹង​កញ្ចក់​រថយន្ត​ធ្លាក់​ទៅលើ​ចិញ្ចើមផ្លូវ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​រ៉េ​ចង្កូត​ទៅបុក​រនាំង​រប​ង​ការពារ ហ្កា​រាស់​សាំង លឹម ឡុង បណ្ដាលឱ្យ​ដួល​ខូចខាត​អស់​ជាច្រើន​ផ្ទាំង​ហើយ​ភ្លាមៗ គេ​ឃើញ​រថយន្ត​សង្គ្រោះ​បានមក​ដឹក​ជន​រង​អ្នករងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។ ភ្លាមៗ​នោះដែរ គេ​សង្កេតឃើញ​ស្រី​ស្អាត​ចុះ​ចេញពី​រថយន្ត បាន​ចាក​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយមក សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម