ក្រុមហ៊ុនចិនមួយដាក់គោលដៅលក់នៅទូទាំងពិភពលោកនូវម៉ាស៊ីនធ្វើតេស្តរកកូវីដ១៩ចេញលទ្ធផលលឿនៗ

273
ចែករម្លែក

ក្រុមហ៊ុនចិនមួយកំពុងឈានជើងចូលការប្រណាំងប្រជែងជាសកលដើម្បីជួយកម្ចាត់មេរោគកូរ៉ូណា ដោយសន្យាថាម៉ាស៊ីនតេស្តរបស់ខ្លួននឹងបង្ហាញលទ្ធផលលឿនជាងបន្ទប់ពិសោធន៍និងអាចជឿទុកចិត្តបានជាងឧបករណ៍ពិនិត្យនៅផ្ទះដទៃទៀត។

លោកស្រី សាប្រ៊ីណា លី ស្ថាបនិកក្រុមហ៊ុន Coyote បាននិយាយថា បច្ចុប្បន្ន Flash 20 គឺជាម៉ាស៊ីនលឿនជាងគេបំផុតនៅលើពិភពលោកសម្រាប់ការធ្វើតេស្ត PCR រកមេរោគកូរ៉ូណា។

ការធ្វើតេស្ត PCR គឺជាស្តង់ដារឧស្សាហកម្មនិងជាអាវុធសំខាន់មួយប្រឆាំងនឹងជំងឺរាតត្បាតដែលឥឡូវបានសម្លាប់មនុស្សជាងមួយលាននាក់និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ។

ខណៈដែលរដ្ឋាភិបាលនានាខិតខំបង្កើតប្រព័ន្ធឆ្លើយតបឱ្យបានគ្រប់គ្រាន់លោកស្រីលីកំពុងកំណត់ទិសដៅលក់ទូទាំងពិភពលោក។

ដោយប្រើរួចហើយនៅតាមមន្ទីរពេទ្យនិងអាកាសយានដ្ឋានក្នុងប្រទេសចិន ម៉ាស៊ីននេះអាចដំណើរការធ្វើតេស្តសំណាកចំនួន ៤ ក្នុងពេលតែមួយ និងផ្តល់លទ្ធផលក្នុងរយៈពេលតែកន្លះម៉ោង។

ម៉ាស៊ីននេះត្រូវបានបញ្ជាក់ទទួលស្គាល់ដោយសហភាពអឺរ៉ុបនិងអូស្រ្តាលី ហើយក្រុមហ៊ុន Coyote កំពុងស្វែងរកការទទួលស្គាល់ប្រហាក់ប្រហែលពីសហរដ្ឋអាម៉េរិកនិងអង្គការសុខភាពពិភពលោក។

ការធ្វើតេស្ត PCR ត្រូវបានចាត់ទុកថាជាអាវុធដ៏ល្អបំផុតមួយក្នុងការទប់ទល់នឹងរោគរាតត្បាតហើយក្រុមអ្នកស្រាវជ្រាវផ្សេងទៀតក៏កំពុងស្វែងរកវិធីសាស្រ្តធ្វើតេស្តលឿនបំផុតផងដែរ។

កាលពីថ្ងៃចន្ទប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសចែកចាយឧបករណ៍តេស្តរកមេរោគកូរ៉ូណាចំនួន ១៥០ លានឈុត ដែលអាចផ្តល់លទ្ធផលក្នុងរយៈពេល ១៥-៣០ នាទី។

ខុសគ្នាពីការធ្វើតេស្ត PCR ឧបករណ៍ធ្វើរោគវិនិច្ឆ័យលឿនទាំងនោះផ្តល់នូវលទ្ធផលលឿនមែន ប៉ុន្តែមិនសូវច្បាស់លាស់និងងាយនឹងផ្តល់លទ្ធផលអវិជ្ជមានខុស។

ក្រុមហ៊ុនផលិតម៉ាស៊ីន Flash 20 និយាយថាម៉ាស៊ីនរបស់ពួកគេដែលមានទំហំប៉ុនម៉ាស៊ីនព្រីនធ័រ មិនត្រឹមតែមានល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទុកចិត្តបានបំផុតទៀតផង។

ក្រុមហ៊ុនបាននិយាយថាបទពិសោធន៍កន្លងមកជាមួយនឹងការផ្ទុះជំងឺធំៗបានជួយឱ្យក្រុមហ៊ុន Coyote ឆ្លើយតបបានភ្លាមៗនៅពេលបច្ចុប្បន្ន៕ ដោយ ៖ កញ្ញាដាលីស

ម៉ាស៊ីន Flash 20 អាចតេស្តរកកូវីដ១៩ និងចេញលទ្ធផលក្នុងពេល ៣០ នាទី

ទីតាំងផ្សាយពាណិជ្ជកម្ម