ម្ចាស់កសិដ្ឋានជិត៧០កន្លែងបានបោះបង់ការដាំម្រេចដោយសារវិបត្តិកូវីដ១៩

252
ចែករម្លែក

 ដោយ :បូកគោ/កំពតៈ ម្ចាស់ចម្ការម្រេចប្រមាណជិត៧០កន្លែងក្នុងចំណោមកសិដ្ឋានជាង៤០០ដែលស្ថិតក្រោមការគ្រប់គ្រងនៃសមាគមម្រេចកំពតបានបោះបង់មុខរបររបស់ខ្លួនដោយសារវិបត្តិជំងឺកូវីដ១៩។ តទៅ កសិដ្ឋានជាច្រើនទៀតអាចនឹងមានវាសនាដូចគ្នានេះប្រសិនបើការលក់ផលិតផលមានភាពលំបាក។

ម្ចាស់កសិដ្ឋានជិត៧០កន្លែងបានបោះបង់ការដាំម្រេចដោយសារវិបត្តិកូវីដ១៩

លោកងួន ឡាយ ប្រធានសមាគមម្រេចកំពតបានរៀបរាប់ថា សមាគមម្រេច​កំពតគ្រប់គ្រងកសិដ្ឋានម្រេចក្នុងខេត្តកំពត និងខេត្តកែប៤៤៧គ្រួសារដែលជាអ្នកផលិត និងគ្របដណ្តប់លើផ្ទៃដី២៩០ហិកតា។ ក្នុងនោះមានក្រុមហ៊ុនកែច្នៃវេចខ្ចប់សម្រាប់នាំចេញចំនួន៣៧។ ប៉ុន្តែមកដល់ពេលនេះម្ចាស់កសិដ្ឋាន៦៨កន្លែងបានបោះបង់ចោលនូវការដាំម្រេច ក៏ដូចជាការថែទាំដំណាំរបស់ខ្លួន។ លោកប្រធានបានបញ្ជាក់ថា ជាមួយនោះក៏នៅមានសមាជិកសមាគមជាច្រើនទៀតកំពុងត្រៀមបោះបង់មុខរបរនេះដែរ។ ហេតុផលដែលពួកគាត់មិនបន្តអាជីវកម្មធ្លាប់មានជាយូរលង់មកហើយនោះ ព្រោះតែអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ផលិតផលធ្វើបានត្រូវរាំងស្ទះ​ពិបាកក្នុងការលក់ចេញ។ លោកងួន ឡាយ បានបន្តថា​ក្រៅពីកត្តាទីផ្សារ ក្រុមហ៊ុនធំៗ​ដែលបោះបង់ការផលិតទាំងនោះជួបបញ្ហាបច្ចេកទេសគ្រប់គ្រង ព្រោះដើម្បីទទួល​បានគុណភាពល្អ ម្រេចកំពតមានការលំបាកក្នុងការផលិត។ ហានិភ័យទាំងនេះហើយ​ទើបជំរុញឱ្យម្ចាស់កសិដ្ឋានបោះបង់ចោលនូវការផលិត។ លោកប្រធានសមាគមបានបញ្ជាក់ថា​កាលពីឆ្នាំ២០១៩ ម្រេចដែលបានលក់ចេញមានចំនួន៧២​តោន។ ដោយឡែក​គិតមកដល់ចុងខែកញ្ញា ឆ្នាំ២០២០ ការលក់ចេញបានប្រមាណ៤៣តោនដែលភាគច្រើនជារបស់ក្រុមហ៊ុនធំៗផលិត និងវេចខ្ចប់ដោយខ្លួនឯង។ដូច្នេះ ម្ចាស់កសិដ្ឋានតូចៗ​កុំមាន​ការយល់ច្រឡំអំពីតួលេខម្រេចលក់ចេញ បែរជាមិនឃើញចុះទិញនៅតាម​បណ្តាកន្លែងផលិតដទៃនោះ។ និយាយរួម បរិមាណនៃការនាំចេញអាស្រ័យលើតម្រូវការប៉ុណ្ណោះ។ លោកងួន ឡាយ បានបញ្ជាក់បន្ថែមថា​ជាទូទៅក្នុងចំណោមម្រេច​ប្រមាណ​៧០តោន​ដែលលក់ចេញរៀងរាល់ឆ្នាំគឺនាំទៅក្រៅប្រទេសតែរង្វង់៤០​តោន ឯ៣០តោនទៀតសម្រាប់ទេសចរបរទេសដែលចូលមកកម្សាន្ត ហើយទិញដោយផ្ទាល់ប៉ុណ្ណោះ។ បច្ចុប្បន្នព្រោះតែវិបត្តិជំងឺកូវីដ១៩ដែលមិនមានភ្ញៀវអន្តរជាតិមកដូច​បណ្តាឆ្នាំមុនៗ ទើបអ្នកផលិតជួបក្តីលំបាកបែបនេះ៕  សរន/hA

ម្ចាស់កសិដ្ឋានជិត៧០កន្លែងបានបោះបង់ការដាំម្រេចដោយសារវិបត្តិកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម