ភាគី​បារាំង បេ្ដ​ជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ ក្នុងការ​ជួសជុល ប្រាសាទ​មេបុណ្យ ខាងលិច​

115
ចែករម្លែក

ដោយ​៖ អង្គរតូច /​សៀមរាប​៖ អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា អមដំណើរ​ដោយ​លោក គ្រី​ស្ដុ​ហ្វ ហ្សី​ហ្កូ​ដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សា​សហប្រតិបត្តិការ និង​កិច្ចការ​វប្បធម៌ នៃ​ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នេះ បានធ្វើ​ទស្សនកិច្ច ទៅកាន់​ការដ្ឋាន​ជួសជុល ប្រាសាទ​មេបុណ្យ ខាងលិច ដើម្បី​ស្វែងយល់ ពី​ការងារ​ទូទៅ​។​នេះ​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​អាជ្ញាធរ​ជាតិ​អប្សរា។

​ប្រភព​ដដែល​នេះ បាន​អះអាងថាៈ នេះ​ជា​ទស្សនកិច្ច​ដំបូង របស់​សហប្រធាន​ភាគី​បារាំង ខណៈដែល​លោក ទើបនឹង​ចូលមក​ជំនួស​ការងារ ពី​អតីត​សហប្រធាន​ចាស់ ដែល​ចប់​អាណត្តិ ។​លោក ឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថាៈ ការ​ទស្ស​កិច្ច​នេះ លោក គ្រី​ស្ដុ​ហ្វ ហ្សី​ហ្កូ​ដូ បាន​វាយតម្លៃ​ខ្ពស់ និង​បាន​សម្ដែង​អារម្ភ រីករាយ មកកាន់​ការដ្ឋាន​ជួសជុល ប្រាសាទ​មេបុណ្យ ខាងលិច នៅពេលនេះ​។ លោក​បាន​បន្ថែមថាៈ ទស្សនកិច្ច​ជា​លើកដំបូង​នេះ គឺ​ដើម្បី​ស្វែងយល់ កាន់តែ​ស៊ីជម្រៅ លើ​ការងារ​នានា ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ រវាង​ភាគី​បារាំង និង​អាជ្ញាធរ​ជាតិ​អប្សរា កាន់តែ​ល្អប្រសើរ​។​

​តំណាង​ស្ថានទូត​បារាំង បាន​ប្ដេជ្ញា​ថាៈ លោក​នឹង​ខិតខំ​ធ្វើយ៉ាងណា ឱ្យ​ការដ្ឋាន​ជួសជុល ប្រាសាទ​មេបុណ្យ ខាងលិច ដែល​ភាគី​បារាំង ផ្តល់​ថវិកា​ហរិ​ញ្ញ​ប្ប​ទាន សម្រាប់​ការជួសជុល​នេះ ដំណើរការ​ដោយ​រលូន និង​មាន​តម្លាភាព​។​

​អ្នកនាំពាក្យ បានបញ្ជាក់​ថាៈ លោក ហង់ ពៅ អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា មាន​សេចក្ដីសោមនស្ស ចំពោះ​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​បារាំង​។ លោក​អគ្គនាយក ក៏​មានការ​រំពឹងថាៈ សហប្រធាន​ថ្មី របស់​ស្ថានទូត​បារាំង និង​បន្ត​កិច្ចសហប្រតិបត្តិការ នៅ​ការដ្ឋាន​ជួសជុល ប្រាសាទ​មេបុណ្យ ខាងលិច​នេះ ឱ្យ​កាន់តែ​ល្អប្រសើរ និង​បាន​ដោយ​រលូន ទៅតាម​ការគ្រោងទុក របស់​ភាគី​ទាំងពីរ​៕​/V/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម