សិក្ខាកាម​, សិក្ខា​, សិក្ខា​, សង្ហា​, សង្ហារ​, ម្ល៉េះ​, ម្រោម​, ម្រះ​, ម្រឹគ​, មាតិកា​

141
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

សិក្ខាកាម (​ន​) អ្នក​ដែល​ពេញចិត្ត​កាន់​តាម​សិក្ខា​; អ្នក​ស្រឡាញ់​ការសិក្សា ។ សិក្ខាបទ ចំណែក​, មាត្រា​របស់​សីល​ឬ​របស់​វិន័យ ។ សិក្ខាសម្មតិ ការ​សន្មតិ​សាមណេរី​ដែលមាន​អាយុ​គ្រប់ ១៨ ឆ្នាំ​ឲ្យ​សិក្សា​គរុ​ធម៌ ៨ យ៉ាង ។ ត្រ័យសិក្ខា ឬ ត្រៃ​– ខ​ប្រតិបត្តិ ៣ យ៉ាង​គឺ​សីល​, សមាធិ​, បញ្ញា : ត្រ័យសិក្ខា​ជា​គោល​ដើម​នៃ​ពុទ្ធសាសនា (​ហៅ សិក្សាត្រ័យ ក៏បាន​) ។ វិន័យសិក្ខា មាត្រា បញ្ញត្ត​ក្នុង​វិន័យ ។​ល​។

សិក្ខា ( ន​. ) (​ឝិ​ក្សា​) ការសិក្សា​គឺ​ការរៀន​, ការរៀន​ទន្ទេញ​, ការសូត្រ​រៀន​; ការ​ហ្វឹក​, ហាត់​; ការប្រុងប្រយ័ត្ន​រក្សា​មារយាទ​ឲ្យ​ល្អ​; ខំ​ប្រតិបត្តិ ។

សង្ហា ( គុ​. ) ដែល​រុងរឿង​, មាន​រូបល្អ​អង់អាច​, ឆើតឆាយ​, ស្រស់​, ស្រស់បស់ : រូបឆោម​សង្ហា​, តែងខ្លួន​យ៉ាង​សង្ហា ។ សង្ហារាសី រាសី​រុងរឿង : មាន​សង្ហារាសី ។

សង្ហារ ( ន​. ) ការនាំយក​; ការ​បំ​ប្រួញ​, សង្ខេប​; ការ​រូប​រួម​; ការទម្លាយ​បង់​; ការបំផ្លាញ​, ការបំបាត់​បង់​, ការ​ផ្តាច់ផ្តិល ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ​. សំដៅ​សេចក្ដី​ថា “​បំផ្លាញ​, បំបាត់​បង់​, ផ្តាច់ផ្តិល​, សម្លាប់​” : សង្ហារជីវិត ផ្តាច់ផ្តិល​ជីវិត ។ សង់​-​ហា ( ន​. ) ត្រា​សម្រាប់​ក្សត្រិយ៍​, ត្រា​ផែនដី​, ព្រះ​លញ្ឆករ : បោះ​ព្រះសង្ហារ ។

ម្ល៉េះ ( និ​. ) យ៉ាងនេះ​, ដូច្នេះ : ម្ល៉េះតើ​; ម្ល៉េះ​ម៉ឹង​ឬ ?; ម្ល៉េះ​សម​លំបាក​ណាស់​ដឹង ?; លំបាក​អ្វី​ម្ល៉េះ !; យូរ​ម្ល៉េះ ?; ឱ​ម្ល៉េះៗ​អ៊ីថា : ! ។​ល​។

ម្រោម ( ន​. ) ឈ្មោះ​ភមរជាតិ​ពួក​មួយ ស្រដៀង​នឹង​ឃ្មុំ​តែ​តូចៗ​, មិនចេះ​ទិច​ទេ (​ព្រោះ​គ្មាន ទ្រនិច​) ចេះតែ​ខាង​រោម​ខាំ​បន្តិចៗ​, ត្រឹប​យក​ទឹកដម​និង​លម្អងផ្កា​ដូច​ឃ្មុំ​តែ​ធ្វើ​សំបុក​នៅក្នុង រន្ធ​ឈើ មានទឹក​ផ្អែម​ឈ្ងុយ មាន​ក្រមួន​ព័ណ៌​ខ្មៅ​ហៅថា ជ័រ​ម្រោម​; ម្រោម​មាន​ពីរ​យ៉ាង គឺ ម្រោម​ខ្សោយ ឬ ម្រោមតូច មាន​រូប​តូចៗ​បន្តិច មានទឹក​ផ្អែម​ឈ្ងុយ​ស្រាល : ម្រោមដំណើប ឬ ម្រោមធំ មាន​រូប​ធំៗ​បន្តិច មានទឹក​ផ្អែម​ឈ្ងុយ​ឆ្អិត ។

ម្រះ ( ន​. ) ឈ្មោះ​វល្លិ​ដំណាំ​ឡើងទ្រើង​មួយ​ប្រភេទ​មាន​ស្លឹក​ឆែកៗ ផ្លែ​មានពក​រម៉ិងរម៉ង់​; ស្លឹក​, ត្រួយ​និង​ផ្លែ​មាន​រស​ល្វីង ប្រើការ​ជា​បន្លែ ឬ​ផ្លែ​ប្រើ​ជា​អន្លក់​ក៏បាន​; ម្រះ​មានឈ្មោះ​ផ្សេងៗ​មាន ម្រះទេស​, ម្រះភ្លុក ជាដើម ។ ព​. ប្រ​. អ្វីៗ​ដែល​ដុះ​សាច់​រម៉ិងរម៉ង់​ដូច​ផ្លែ​ម្រះ : ភ្លុក​ដុះ​ម្រះ​, ស្នែង​រមាំង​ដុះ​ម្រះ … ។

ម្រឹគ ( ន​. ) សត្វចតុប្បាទ​ព្រៃ​ទួទៅ​មាន​សីហៈ​, ខ្លា​, ឈ្លូស​, ប្រើស​, ក្ដាន់​, រមាំង ជាដើម : ពួក​ម្រឹគ​, ហ្វូង​ម្រឹគ​; ព្រានម្រឹគ​; បើ​ញី​ជា ម្រឹគី ។ ម្រឹគ​ជីវ័ន (​ម្រឹ​គៈ​–) អ្នក​ចិញ្ចឹមជីវិត​ដោយ ការបាញ់​ម្រឹគ​យក​សាច់​ជាដើម​លក់ដូរ (​ព្រានម្រឹគ​) ។ ម្រឹគរាជ (​ម​. ព​. មិគរាជ​) ; បើ​ញី​ជា ម្រឹគរាជិនី (​ស្ដេចម្រឹគ​ញី​) ។ ម្រឹគីម្រឹគា ពួក​ម្រឹក​ញី​និង​ម្រឹក​ឈ្មោល ។

មាតិកា ( ន​. ) ឧទ្ទេស​, មេបទ គឺ​មេ​សេចក្ដី​ដែល​ឱបក្រសោប​ចំនួន​និទ្ទេសបទ​ឲ្យ​ឋិត​នៅក្នុង អំណាច​ខ្លួន (​ទុកដូចជា​មាតា​ដែលជា​មេបន្ទុក​របស់​កូន​) ខ​សំខាន់​, គោល​សង្ខេប : មាតិកា​ទី ១ មាន​និទ្ទេសបទ ៤, ទី ២ មាន ៥…; មាតិការឿង​, មា​តិ​តា​ធម៌​; ចូរ​លើកយក​មាតិកា​ធម៌​មួយៗ មក​អធិប្បាយ​ឲ្យ​ពិស្ដារ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម