ផ្ទុះ​កំហឹង​នៅ​ឥណ្ឌា​បន្ទាប់ពី​បុរស​វណ្ណៈ​ខ្ពស់​៤​នាក់​ចាប់​រំលោភ​ស្ត្រី​វណ្ណៈ​ទាប​ម្នាក់​រហូតដល់​ស្លាប់​

212
ចែករម្លែក

​នារី​វ័យ​ជំទង់​ម្នាក់​មក​ពី​វណ្ណៈ​ដា​លី​ត​ត្រូវបាន​បុរស​វណ្ណៈ​ខ្ពស់​ចំនួន​៤​នាក់​ចាប់​រំលោភ​រហូត​នាង​រងរបួស​ដល់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​កញ្ញា​។​ព័ត៌មាន​ស្តីពី​ការចាប់រំលោភ​នេះ​បាន​បង្ក​កំហឹង​​ក្នុងចំណោម​សកម្មជន អ្នកនយោបាយ​និង​សូម្បី​តែ​ក្រុម​តារាភាពយន្ត​បូលីវូត​។​

​ពួក​វណ្ណៈ​ដា​លី​ត​ចំនួន​២០០​លាន​នាក់​នៅ​ឥណ្ឌា​រង​ការរើសអើង​និង​ការរំលោភបំពាន​ជា​យូរ​មក​ហើយ ហើយ​ពួក​អ្នក​ធ្វើ​យុទ្ធនាការ​និយាយថា ការវាយប្រហារ​និង​រំលោភ​បែប​នេះ​បាន​កើនឡើង​ក្នុងអំឡុង​​ប្រទេស​ជួប​វិបត្តិកូ​វីដ​១៩​ដ៏​អាក្រក់​អា​ក្រី​ជាងគេ​ក្នុង​លោក​។​

​នារី​រងគ្រោះ​វ័យ​១៩​ឆ្នាំ​ត្រូវបាន​វាយដំ​យ៉ាង​ព្រៃផ្សៃ​នៅក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស កាលពី​ថ្ងៃ​១៤​កញ្ញា នេះ​បើ​តាម​បណ្តឹង​ប្តឹង​ដោយ​គ្រួសារ​នាង​ទៅកាន់​ប៉ូលិស​។​

​ជនជាប់ចោទ​ទាំង​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ផង​ដែរ​និង​ប្រឈម​ការចោទប្រកាន់​ពី​ម​ទ​មនុស្សឃាត​។​

​ដោយ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ដួល​ក្នុង​ថ្លុកឈាម និង​កម្រើកខ្លួន​លែងកើត​ដោយសារ​របួស​ក​និង​ចង្កេះ ជនរងគ្រោះ​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​មូលដ្ឋាន​មួយ មុន​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ពេទ្យ​ធំ​នៅ​​ក្រុង​ញូវដេល្លី​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​កញ្ញា តែ​ស្ថានភាព​របួស​របស់​នាង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​និង​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​។​

​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ភ្លាម​និង​ប្រឈម​ការចោទប្រកាន់​ឃាតកម្ម​

​ពួក​សកម្មជន​ឥណ្ឌា ស្រែក​ពាក្យស្លោក​នៅពេល​ពួកគេ​ធ្វើ​ការប្រឆាំង​តវ៉ា​នឹង​ការចាប់រំលោភ​ស្ត្រី​មក​ពី​វណ្ណៈ​ដា​លី​ត​នេះ នៅ​ក្រុង​ញូវដេល្លី​

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ខែ​ក្រោយ​ពី​បុរស​៤​នាក់​ត្រូវបាន​ចាប់​ព្យួរក​ដោយសារតែ​ចាប់រំលោភ​បូក​និង​សម្លាប់​និស្សិត​ស្រី​ម្នាក់​យ៉ាង​កម្រោល​នៅលើ​រថយន្ត​ក្រុង​ក្នុង​ទីក្រុង​ញូវដេល្លី​កាលពី​​ឆ្នាំ​២០១២​។​

​ពួក​តារាភាពយន្ត​បូ​លី​វីត តារា​កីឡាគ្រិ​កឃិត​និង​សកម្មជន​ស្ត្រី បាន​ចេញ​មក​បញ្ចេញមតិ​នៅក្នុង​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត​ដើម្បី​ថ្កោលទោស​អំពើ​ព្រៃផ្សៃ​នេះ​។​

​សកម្មជន កា​វី​តា គ្រី​សណាន់ បាន​និយាយថា ការវាយប្រហារ​នេះ​ឆ្លុះបញ្ចាំង​រូបភាព​ធំ​ឡើង​នៃ​អំពើហិង្សា​ជា​ប្រព័ន្ធ​លើ​ស្ត្រី​វណ្ណៈ​ដា​លី​ត​។​

​តាមពិត​ស្ត្រី​នៅ​ឥណ្ឌា​ទទួលរង​ការរំលោភ​ផ្លូវភេទ​ក្នុង​កំរិត​ប្រកាសអាសន្ន មិន​ថា​គេ​នៅ​ក្នុង​វណ្ណៈ​ណា​ទេ​។​ការចាប់រំលោភ​ជិត​៣៤.០០០​ករណី​ត្រូវបាន​រាយការណ៍​នៅ​ឆ្នាំ​២០១៨​នៅក្នុង​ប្រទេស​នេះ តែ​តួលេខ​​នេះ​ត្រូវ​គេ​គិត​ជា​មួយចំណែក​តូច​ប៉ុណ្ណោះ​នៃ​ការចាប់រំលោភ​ជាក់ស្តែង​។​

​ព្រី​យ៉ាន់​កា គន្ធី​រ សមាជិក​សភា​បក្សប្រឆាំង បាន​បន្ទោស​ការវាយប្រហា​រ​នេះ​លើ​ស្ថានភាព​ច្បាប់​និង​សណ្តាប់ធ្នាប់​កាន់តែ​ចុះ​អន់ថយ​ទៅ​នៅក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស ដែល​គ្រប់គ្រង​ដោយ​គណបក្ស​របស់​​នាយករដ្ឋមន្ត្រី ណា​រេ​នដ្រា ម៉ូ​ឌី​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម