កូរ៉េខាងជើង អួត​នៅ អ​.​ស​.​ប ថា ខ្លួន​គ្រប់គ្រង​ការគំរាមកំហែង​ពី​កូវី​ដ​-១៩ បាន​ដោយ​សុវត្ថិភាព​

139
ចែករម្លែក

​ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃ​អង្គារ​ទី​២៩ ខែ​កញ្ញា បាន​អំពាវនាវ​ឱ្យ​បណ្ដា​រដ្ឋាភិបាល​ទូទាំង​ពិភពលោក “​បង្ហាញ​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព​” នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូវី​ដ​-១៩ ហើយ​អះអាងថា វិធានការ​របស់​ខ្លួន​ប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​វីរុស​នេះ​ដែល​ខ្លួន​អួតថា “​មាន​លក្ខណៈ​បង្ការ​ជាមុន ទាន់​សភាពការណ៍​និង​រឹងមាំ​” ធានាបាន​ថា “​ការគំរាមកំហែង​ស្ថិតក្រោម​ការ​គ្រប់​​គ្រង​ដោយ​ស្ថិរភាព និង​មាន​សុវត្ថិភាព​”​។​

​លោក គីម សុង ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​លើកឡើង​ថា កិច្ចប្រឹងប្រែង​ប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​ដែល​មាន​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​នៅក្នុង​ប្រទេស​របស់​លោក កំពុងតែ​ដំណើរការ​។ ប្រទេស​កូរ៉េខាងជើង រឹតត្បិត​យ៉ាង​តឹងរ៉ឹង​ចំពោះ​ភ្ញៀវទេសចរ​បរទេស​អំឡុង​ពេល​រាតត្បាត​វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​នេះ ដែល​បាន​ផ្ដាច់​ជីវិត​មនុស្ស​ជាង ១​លាន​នាក់​ទូ​ទាំង​ពិភព​​លោក ។​

​ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​លើកឡើង​ក្នុង​សុន្ទរកថា​ផ្សាយ​ផ្ទាល់​ដ៏​កម្រ​មួយ​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា “​ស្ថានភាព​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​ក្នុង​ប្រទេស​របស់​យើង​ពេលនេះ ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​ស្ថិរភាព និង​មាន​សុវត្ថិភាព​ហើយ​។ វិធានការ​ជា​បន្តបន្ទាប់​របស់​រដ្ឋ​កំពុង​ត្រូវបាន​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​វីរុស​នេះ​ហៀរ​ចូល​ក្នុង​ប្រទេស​របស់​យើង ហើយ​ប្រជាជន​ទាំងអស់​គោរព​តាម​បទបញ្ជា​ប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​យ៉ាង​តឹងរ៉ឹង ទន្ទឹម​នឹង​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​”​។​

​លើសពីនេះ​ទៀត លោក គីម សុង បាន​បន្ថែមថា រដ្ឋាភិបាល “​នឹង​មិន​អត់ឱន​ឱ្យ​ជាដាច់ខាត​សូម្បី​ការធ្វេសប្រហែស​តិចតួច​ពោលគឺ​យើង​ត្រូវតែ​ពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​​ក្នុង​គ្រាអាសន្ន រហូត​ទាល់តែ​ការឆ្លង​រាតត្បាត​វីរុស​នេះ​ត្រូវបាន​កម្ចាត់​ចោល​អស់​ទាំងស្រុង​”៕ ប្រែ​សម្រួល​៖​ខុម​/sn

​លោក គីម សុង ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​

ទីតាំងផ្សាយពាណិជ្ជកម្ម