មេទ័ពជើងគោកកម្ពុជាជួបជាមួយមេទ័ពជើងគោកហ្វីលីពីន ដើម្បីពង្រឹងទំនាក់ទំនង

177
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ដើម្បីរក្សាការផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេ​សទាំងពីរកម្ពុជា-ហ្វីលីពីន ជាពិសេសក្នុងស្ថានភាពលំបាក ដែលបង្កឡើងដោយជំងឺកូវីដ-១៩។ ជំនួបនេះ បាន​ធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA បានលើកឡើងថា កងទ័ពជើងគោកហ្វីលីពីនត្រៀមខ្លួនជានិច្ចនៅក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងផ្នែកនានាជាច្រើនដែលជាផលប្រយោជន៍រួម ដែលអាចមានដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចរបស់នាយទាហានរង ជាដើម។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រចំពោះទស្សនវិស័យនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងបានបញ្ជាក់បន្ថែមថា ក្នុងចំណោមអាទិភាពនានា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ តែងបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្បែរខាងក្នុងតំបន់អាស៊ាន ដោយរួមទាំងកងទ័ពជើងគោកហ្វីលីពីនផងដែរ។ ជាក់ស្តែង អនុលោមតាមស្មារតីនៃអនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងការពារជាតិកម្ពុជា-ហ្វីលីពីន កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ គឺជាទំនាក់ទំនងប្រកបដោយសក្តានុពល ដែលអាចមានវិសាលភាពទូលំទូលាយ ទាំងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានពិភាក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាអំពីវិធីសាស្ត្រផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តរបៀបរបបការងារថ្មី ស្របតាមបរិបទថ្មីនៃជំងឺនេះ ដើម្បីធ្វើយ៉ាងណាឱ្យការងារហ្វឹកហ្វឺន និងប្រតិបត្តិការផ្សេងៗទៀតអាចដំណើរការទៅបានជាធម្មតា ដោយទាំងនេះ សុទ្ធសឹងជាមេរៀនដ៏ល្អសម្រាប់ការដកពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមក។

ថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងពីរ ក៏បានកត់សម្គាល់អំពីភាពសំខាន់ចាំបាច់នៃនិរន្តរភាពនៃសន្តិភាព និងស្ថិរភាព ដើម្បីភាពសុខសាន្តរបស់ជាតិ និងប្រជាជន ក៏ដូចជាសម្រាប់តំបន់ទាំងមូល និងបានឯកភាពគ្នាបន្តជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាពិសេសការខិតខំពិនិត្យលទ្ធភាពក្នុងការសម្រេចឱ្យបាននូវការចុះអនុស្សារណៈនៃការយោគយល់ (MOU) រវាងកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីនក្នុងពេលឆាប់ៗខាងមុខនេះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម