ចាប់ពី​ខែ​តុលា​ទៅ លែង​មាន​ពាក្យ “​អស់លោក លោកស្រី​” ទៀត​ហើយ​នៅ​លើ​ជើងហោះហើរ​ជប៉ុន​

387
ចែករម្លែក

​ប្រសិនបើ​អ្នក​ឈាន​ជើង​ឡើង​ជិះ​យន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ហៅ​កាត់​ថា JAL នៅ​ដើមខែ​តុលា​នេះ អ្នកនឹង​លែង​មាន​ឱកាស​ឮ​ពាក្យ​ថា “ladies and gentlemen” (​អស់លោក លោកស្រី​) ទៀតហើយ​។​

​យោង​តាម​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក Mainichi ចុះផ្សាយ​ថា ចាប់ពី​ថ្ងៃទី​០១ ខែតុលា​តទៅ គេ​នឹង​ប្រើពាក្យ​ដែល​មាន​សមភាព​យេនឌ័​រថា “attention all passengers”(​សូម​ប្រុងប្រៀប​អ្នកដំណើរ​​ទាំងអស់​) ឬ “​អ្នកដំណើរ​ទាំងអស់​” ជំនួស​វិញ​។​

​ក្រុមហ៊ុន​អាកាសចរណ៍ JAL ស្ថិតក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​តូច​ក្នុង​ពិភពលោក ដែល​ទទួលយក​ការស្វាគមន៍​ដែល​មាន​សមភាព​យេនឌ័រ​បែបនេះ​។​

​ទោះជា​យ៉ាងណា គេ​អនុវត្ត​តែ​ចំពោះ​សេចក្តីប្រកាស​ជា​ភាសា​អង់គ្លេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍ JAL​ប៉ុណ្ណោះ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​ប៉ុន្តែ​អ្នកជំនាញ​មើលឃើញថា ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ JAL មិន​បាន​នាំមក​នូវ​ការផ្លាស់ប្ដូរ​ធំ​ឡើយ​នៅក្នុង​ប្រទេស​ជប៉ុន​ទេ​។​

​សាស្ត្រាចារ្យ កាហ្ស៊ូ​យ៉ា កា​វ៉ា​ហ្គុ​ជិ អ្នកជំនាញ​ខាង​សង្គមវិទ្យា​នៅ​សាកលវិទ្យាល័យ Hiroshima Shudo University បាន​ប្រាប់​សារព័ត៌មាន BBC ថា​”​វា​គ្រាន់តែ​ជា​រឿង​កំប៉ិកកំប៉ុក​ដែល​មនុស្ស​ភាគ​​ច្រើន​មិន​ខ្វល់ ព្រោះ​វា​គ្រាន់តែ​ជា​ការផ្លាស់ប្តូរ​ការប្រកាស​ជា​ភាសា​អង់គ្លេស ដែល​គ្មាន​អ្នកណា​យល់ ឬ​ចាប់អារម្មណ៍ នោះ​ក៏​ដោយសារ​តែ​អ្នកដំណើរ​សុទ្ធតែជា​អ្នក​និយាយ​ភាសា​ជប៉ុន​។ ទោះជា​យ៉ាងណា ក្នុងនាម​ជា​សហគ្រាស​ដែល​គិតគូរ​ពី​សមភាព​យេនឌ័រ​ឈាន​មុខ​គេ [​នៅ​ជប៉ុន​] កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ​គួរ​ទទួល​បាន​កោតសរសើ​រ​។ ដូចនេះ​នៅមាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ការកែលម្អ ទាក់ទិន​បញ្ហា​យេនឌ័រ​ផ្សេងៗ​ទៀត​។ ខ្ញុំ​យល់​ថា វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុមហ៊ុន​ធំៗ​ចាប់ផ្តើម​ការអនុវត្ត​ល្អ​ដូចនេះ ពីព្រោះ​ក្រុមហ៊ុន​ខ្នាត​មធ្យម ឬ​តូច​ផ្សេង​ទៀត​អាច​នឹង​យក​គំរូ​តាម​”​។

​ចំណាត់ការ​នេះ​ធ្វើឡើង ក្រោយ​ពី​ហ៊ុន​អាកាសចរណ៍​ដូចជា Air Canada និង EasyJet បាន​ទទួលយក​ការស្វាគមន៍​ដែល​មាន​សមភាព​យេនឌ័រ​បែបនេះ​កាលពី​ឆ្នាំមុន​។ ក្រុមហ៊ុន JAL​បាន​​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ខ្លួន​ធ្វើ​បែប​នេះ “​ដើម្បី​បង្កើត​បរិយាកាស​វិជ្ជមាន និង​ដើម្បី​បង្ហាញ​ការគោរព​ដល់​គ្រប់​គ្នា​ដោយ​ស្មើភាព​គ្នា​”៕ ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម