រដ្ឋមន្ត្រីពាណិជ្ជកម្មប្រាប់និស្សិតជាប់អាហារូបករណ៍ឲ្យជួយផ្សព្វ ផ្សាយសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់ពិភពលោក

100
ចែករម្លែក

ដោយ:ពៅនិមល/ភ្នំពេញ : ខណៈដែលនិស្សិតកម្ពុជាបានជាប់អាហារូករណ៍ចេញទៅសិក្សាបន្តនៅក្រៅប្រទេស លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យក្រុមនិស្សិតទាំងនោះជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគ នៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ទៅដល់និស្សិតបរទេស ដើម្បីលើកស្ទួយកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឆ្នាំសិក្សា២០២០-២០២១ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីបេក្ខជនជ័យលាភីចំនួន២៧រូប ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងជាច្រើនរូបទៀត លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និស្សិត ក្នុងការចូលរួមការប្រកួតប្រជែងអាហារូបករណ៍រហូតទទួលបានជោគជ័យក្លាយជាជ័យលាភី និងផ្តល់សារដល់បេក្ខជនទាំងអស់ថា «ក្មួយៗទាំងអស់ ត្រូវចេះផ្សព្វផ្សាយអំពីសមិទ្ធផល និងភាពរីកចម្រើនរបស់ប្រទេសជាតិ ទៅកាន់មជ្ឈដ្ឋានខាងក្រៅ ហើយត្រូវចេះបំផុសឱ្យប្រជាជន និងវិនិយោគិនបរទេស ចូលមកទស្សនា និងបណ្តាក់ទុនកាន់តែច្រើន នៅក្នុងប្រទេសយើង។ លើសពីនេះ ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជន និងយុវនារី តំណាងឱ្យព្រះរាជា ណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយនិស្សិតមកពីប្រទេសផ្សេងៗ»។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានបង្ហាញពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួង ដែលសម្រេចបានកន្លងមក ដោយការអនុវត្តកម្មវិធីកំណែទម្រង់ និងគោលនយោបាយដ៏មានប្រសិទ្ធភាពជាច្រើន ដូចជាការធ្វើប្រតិភូកម្មជូនទៅបណ្តាខេត្តជាប់ព្រំដែនចំនួន ១៦ មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (CO Form D) ដើម្បីនាំចេញកសិផលទៅតំបន់អាស៊ីអាគ្មេយ៍ ការធ្វើប្រតិភូកម្មឲ្យមន្ទីរពាណិជ្ជកម្មខេត្តអាចមានសិទ្ធិអំណាចក្នុងការរៀបំពិព័រណ៍នៅតាមខេត្ត បានធ្វើប្រតិភូកម្មឲ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្មនិងសេវាកម្ម ការធ្វើប្រតិភូកម្មឲ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតឲ្យប្រកបមុខរបរលោហ ធាតុត្បូងថ្មមានតម្លៃ គ្រឿងអលង្ការគ្រប់ប្រភេទ និងការបិទស្លាកទំនិញជារូបិយប័ណ្ណនៅតាមទីផ្សារ និងការរៀបចំក្រុមការងារចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្នុងនោះមានក្រុមការងារចំនួន ៨ ក្រុមទទួលបន្ទុកប្រទេស រួមមាន៖ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា ដោយឡែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនបានបញ្ចប់ការចរចានឹងត្រូវចុះហត្ថលេខានាពេលខាងមុននេះ។

កម្មវិធីអាហារូបករណ៍អូស្រ្តាលី (Australia Awards) គឺជាគម្រោងជំនួយឥតសំណង សម្រាប់ជួយពង្រឹង ការអភិវឌ្ឍធនធានមនុស្ស ផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី ចាប់តាំងពីឆ្នាំ១៩៩៤ ដើម្បីផ្តល់ឱកាសជូនប្រជាជនកម្ពុជាវ័យក្មេងទៅបន្តការសិក្សាថ្នាក់ក្រោយឧត្ដម សិក្សាលើមុខជំនាញផ្សេងៗនៅតាមសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្រ្តាលី គិតមកដល់ឆ្នាំ២០២០នេះ និស្សិតកម្ពុជាចំនួនជាង៨០០នាក់ហើយដែលទទួលអាហារូបករណ៍នេះ។

ដោយឡែក អាហារូបករណ៍រដ្ឋាភិបាលណូវ៉ែលហ្សេឡង់ គឺជាគម្រោងជំនួយឥតសំណង មានគោលបំណងក្នុងការអភិវឌ្ឍភាពរុងរឿង និងស្ថេរភាពរួមគ្នា ដោយពឹងផ្អែកលើចំណេះដឹងនិងជំនាញ ដែលនិសិ្សតអាហារូបករណ៏ខ្មែរបានក្រេបជញ្ជក់ពីសាលាល្អៗលំដាប់ពិភពលោកនៅណូវ៉ែលហ្សេឡង់។ រដ្ឋាភិបាលណូវ៉ែលហ្សេឡង់ បានផ្តល់ឱកាសអាហារូប ករណ៍នេះដល់និសិ្សតកម្ពុជាចាប់តាំងពីឆ្នាំ ២០០៥ ដែលក្នុង១ឆ្នាំៗមាននិស្សិតប្រមាណជាង៣០នាក់បានជាប់អាហារូបករណ៍នេះ ដើម្បីបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសនោះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម