ឱកាសការងារជាង៨០០កមុខតំណែងប្រកាសជ្រើសរើសបុគ្គលិក

84
ចែករម្លែក

ដោយ:ពៅនិមល/ភ្នំពេញ: តាមការកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន៥ ដោយបាននាំយកឱកាសការងារចំនួន ៨១៤កន្លែង ក្នុងមុខតំណែងជាច្រើនមកផ្តល់ជូនសិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារក្នុងកម្មវិធីវេទិកាការងារប្រចាំខែកញ្ញា។

ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុន Manulife (Cambodia) PLC, ក្រុមហ៊ុន Cambrew Co.,Ltd, ធនាគារ ស្ថាបនា, DFI LUCKY PRIVATE LIMITED, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន។
លោក ឆោម សុខឿន មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងាររាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ចំនួនអ្នកស្វែងរកការងារធ្វើ និងអ្នកមកសម្ភាសន៍ការងារផ្ទាល់ជាមួយបណ្តាក្រុមហ៊ុនធំៗ បានកត់សម្គាល់ឃើញថា មានការកើនឡើងជាលំដាប់ ដែលជាសញ្ញាវិជ្ជមានថា ពួកគាត់កំពុងមានតម្រូវការ រកការងារធ្វើ ឬផ្លាស់ប្តូរការងារធ្វើដើម្បីបង្កើនការងារប្រចាំថ្ងៃ ក៏ដូចជាដើម្បីផ្គត់ផ្គង់ជីវភាព។

លោកបន្តថា ការរៀបចំកម្មវនេះអនុវត្តន៍ដោយម៉ត់ចត់ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល និងដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្មនិងទទួលបានឱកាសការងារសម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ក្រុមយុវជន យុវនារី ដែលមកដាក់ពាក្យស្វែងរកការងារធ្វើក្នុងថ្ងៃនេះ បានបង្ហាញទស្សនៈស្រដៀងគ្នាថា កន្លងមកការស្វែងរកការងារ ធ្វើឡើងតាមរយះការមើលកាសែត ទូរស្សន៍ វិទ្យុ និងតាមវេបសាយនានាក្នុងបណ្តាញសង្គម ដោយមិនដឹងថា មានការងារជាច្រើនត្រូវបានប្រកាសផ្តល់ និងជ្រើសរើសយ៉ាងច្រើនទេនៅក្នុងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមយុវជនទាំងនេះ បានអំពាវនាវដល់អ្នកកំពុងស្វែងរកការងារ ឬមិនទាន់មានការងារធ្វើ អាចមកដាក់ពាក្យ ឬទំនាក់ទំនងដោយផ្ទាល់នៅទីស្តីការក្រសួង។

សូមបញ្ជាក់ថា កម្មវិធីវេទិកាការងារ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនចាប់ពីម៉ោង០៨ព្រឹក ដល់ម៉ោង០៥ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម