ទោះបីជា​នៅមាន​ភ្លៀង ក៏​ទឹកទន្លេ មិន​រំពឹងថា ឡើង​ខ្ពស់​ទៀត​ដែរ​

216
ចែករម្លែក

ដោយៈ ប​.​ខុន / ភ្នំពេញៈ ទោះបី​ជាការ​ព្យាករ បង្ហាញឱ្យឃើញថា ភ្លៀង​រដូវវស្សា នៅមាន​បន្ត​ធ្លាក់​រាយប៉ាយ រហូតដល់​ចុងខែ​វិច្ឆិកា យ៉ាងណាក៏ដោយ ក៏​ទឹកទន្លេ​មេគង្គ ទំនងជា​លែងមាន​ការ​ជន់ ឡើង​ខ្ពស់​ទៀតហើយ បន្ទាប់ពី​មានការ​ជន់​ឡើង យឺត​ពេល​ដល់​ទៅជិត ពីរ​ខែ និង​ឡើង​បាន​ត្រឹម​កម្ពស់ តែ​ប្រមាណ​ជា ៥,៨០ ម៉ែត្រ កាល​ខែសីហា​។​

​លោក ម៉ៅ ហាក់ មន្ត្រី​ជំនាញ​ជលសា​ស្ត្រ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​ថាៈ ទឹកទន្លេ​មេគង្គ ឆ្នាំ នេះ មាន​កម្ពស់​ទាប មិន​ធ្លាប់មាន​ពីមុនមក ដោយនៅ​ស្ថានីយ​ជលសា​ស្ត្រ ទន្លេបាសាក់​-​ចតុមុខ ទឹក​ឡើង​បានត្រឹមតែ​កម្ពស់ ៥,៨០ ម៉ែត្រ កាលពី​ចុងខែ​សីហា​។ ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ តាំងពីដើម​មក ទាប​បំផុត​ត្រឹម​កម្ពស់ ៧,០៩ ម៉ែត្រ នៅ​ឆ្នាំ​២០១៥ ។ ឯ​នៅ​បឹង​ទន្លេសាប​ទាប​បំផុត ក៏មាន​ទឹក​ឡើង​ដល់ក​ម្ព​ស់ ៥,៣២ ម៉ែត្រ​ដែរ នៅ​ឆ្នាំ ២០១៥​នោះ​។ តែ​នៅពេលនេះ ទើប​មាន​កម្ពស់​បាន​ជាង ៣ ម៉ែត្រ​ទេ​។

ទោះបីជា​នៅមាន​ភ្លៀង ក៏​ទឹកទន្លេ មិន​រំពឹងថា ឡើង​ខ្ពស់​ទៀត​ដែរ​

​មន្ត្រី​ជំនាញ​របស់​ក្រសួង​ខាងលើ បាន​និយាយ​ដោយ​មិន​សង្ឃឹមថាៈ ចូលដល់​ខែ​នេះហើយ ទោះបីជា​ភ្លៀង នៅ​បន្ត​ធ្លាក់​រាយប៉ាយ អាច​ថា​អូសបន្លាយ​វែង រហូត​ទៅដល់​ចុងខែ​វិច្ឆិកា យ៉ាងណាក៏ដោយ ក៏​មិន​រពឹង​ថា ទឹកទន្លេ​មេគង្គ អាច​ហក់​ឡើង​ខ្ពស់​ដែរ បើសិនជា​គ្មាន​បាតុភូត​វិ​សម្ពាធ ឬ​ព្យុះ​កើតឡើង​ជាប់ៗ នៅលើ​តំបន់​អាង ទន្លេមេគង្គ​ទេនោះ​។ ព្យុះ​នៅមាន​តែ​ដំណើរ​របស់​វា ចូលដល់​ពេល​ដើរ​ចុះមក​ប៉ែក ខាងក្រោម​វិញ​ហើយ ។ ព្យុះភ្លៀង​ដែល​នៅមាន បានត្រឹមតែ​ចិញ្ចឹម​ទន្លេ មិនឱ្យ​ទឹក​ស្រក​ចុះ លឿន​ប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណា លោក ម៉ៅ ហាក់ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថាៈ ទឹកទន្លេ នៅក្នុង​រដូវវស្សា ឆ្នាំ​២០២០ នេះ ជន់​ឡើង​យឺត​ពេល​រហូត ដល់​ជិត​ពីរ​ខែ បើ​ធៀប​ទៅ នឹង​ឆ្នាំ​ធម្មតា ។ ទឹកទន្លេ​ឡើង​យឺត និង​មាន​បរិមាណ​មិន​ខ្ពស់​នេះ ដោយសារ​នៅ​តំបន់​ទន្លេមេគង្គ​លើ មាន​ភ្លៀង​ធ្លាក់​យឺត​ពេល និង​មាន​ភ្លៀង​តិចតួច ធ្វើឱ្យ​ទឹកទន្លេ មាន​កម្ពស់​ទាប មិនអាច​ហូរ​ចូល ទៅតាម​បណ្តា​ព្រែក​នានា នៅតាម​ដង​ទន្លេ​នេះ​បាន ។ ប៉ុន្តែ​សម្រាប់​ទឹក​បង្កបង្កើនផល មាន​ប្រភពពី​តំបន់​ខ្ពង់រាប និង​តំបន់ភ្នំ ក្នុងប្រទេស​កម្ពុជា គឺ​មិន​ខ្វះ​ទេរ​ហូត ទៅដល់​រដូវប្រាំង​ឆ្នាំក្រោយ ដោយសារ​ពេលនេះ តាម​ប្រព័ន្ធធារាសាស្ត្រ និង​អាង​ទឹកធំៗ មានទឹក​ពេញបរិបូរណ៍ អស់ហើយ អត់​តែ​ទឹកទន្លេ​ទេ​។​

ទោះបីជា​នៅមាន​ភ្លៀង ក៏​ទឹកទន្លេ មិន​រំពឹងថា ឡើង​ខ្ពស់​ទៀត​ដែរ​

​ពាក់ព័ន្ធ​ជាមួយនឹង​ទឹកទន្លេ​មេគង្គ​នេះ លោក ម៉ៅ ហាក់ បាន​ពន្យល់ថាៈ ទឹកទន្លេ​មេគង្គ នៅក្នុង​រដូវវស្សា មាន​កម្ពស់​ទាប​នេះ មិនមែន​មក​ការសាងសង់​ទំនប់​វា រី អគ្គិសនី នៅ​ភាគ​ខាងលើ​នោះទេ គឺ​មកពី​ខ្សត់​ភ្លៀង ។ ទន្លេមេគង្គ ទទួល​របប​ទឹក ពី​ប្រទេស​ភូមា ២​ភាគរយ , ថៃ ១៨​ភាគរយ​, ឡាវ ៣៥​ភាគរយ , កម្ពុជា ១៨ ភាគរយ វៀតណាម ១២ ភាគរយ និង​ពី​ប្រទេស​ចិន ប្រមាណ​ជា ១០ ភាគរយ តែ​នៅ​ឆ្នាំនេះ តំបន់​ផ្ទៃ​រងទឹក​ភ្លៀង នៅក្នុង​ប្រទេស​ទាំងនោះ មាន​ភ្លៀង​ធ្លាក់ តិចតួច​បំផុត​។​

​តាម​ព្រឹ​តិ្ត​ប​ត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ បានបង្ហាញ​ឱ្យ​ឃើ​ថា នៅ​ស្ទឹងត្រែង​ទឹក មាន​កម្ពស់ ៥,៧០ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៩ ខែកញ្ញា ០,៤២ ម៉ែត្រ ទាប​ជាង​កម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ ២ ម៉ែត្រ​។ នៅ​ខេត្តក្រចេះ ទឹក​មាន កម្ពស់ ១៤,៤៤ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៩ ខែកញ្ញា ០,៥៦ ម៉ែត្រ ទាប​ជាង​កម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ ៣,៤៨ ម៉ែត្រ ។ នៅ​ខេត្តកំពង់ចាម ទឹក​មាន​កម្ពស់ ៩ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៩ ខែកញ្ញា ០,១៤ ម៉ែត្រ ទាប​ជាង កម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ ១,១៨ ម៉ែត្រ ។ នៅ​ចតុមុខ ទឹក​មាន​កម្ពស់ ៥,៣៩ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៩ ខែកញ្ញា ០,០៤ ម៉ែត្រ ទាប​ជាង​កម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ ២,២៦ ម៉ែត្រ​។ នៅ​បឹង​ទន្លេសាប ក្រគរ កំពង់​លួង ទឹក​មាន​កម្ពស់ ៣,៥៥ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី​២៩​ខែកញ្ញា ០,០៣ ម៉ែត្រ ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម