មេទ័ព​ជើងគោក​កម្ពុជា ជួប​ជាមួយ​មេទ័ព​ជើងគោក​ហ្វីលីពីន ដើម្បី​ពង្រឹង​ទំនាក់ទំនង​

138
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបប្រជុំ តាមរយៈ​ប្រព័ន្ធ Virtual Conference ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក CIRILITO E. SOBEJANA មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ដើម្បី​រក្សា​ការផ្សារភ្ជាប់ ទំនាក់ទំនង រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ហ្វីលីពីន ជាពិសេស​ក្នុងស្ថានភាព​លំបាក ដែល​បង្កឡើង ដោយ​ជំងឺ​កូ​វីដ​-១៩​។ ជំនួប​នេះ បានធ្វើ​ឡើង កាលពី​រសៀល ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​។​

ឧ​ត្ត​ម​សេនីយ៍​ឯក CIRILITO E. SOBEJANA មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន

​នៅក្នុង​ជំនួប​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក CIRILITO E. SOBEJANA បានលើកឡើង​ថាៈ កងទ័ពជើងគោក​ហ្វីលីពីន ត្រៀមខ្លួន​ជានិច្ច នៅក្នុង​ការបន្ត​ជំរុញ កិច្ចសហប្រតិបត្តិការ ជាមួយ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​ផ្នែក​នានា​ជាច្រើន ដែលជា​ផលប្រយោជន៍​រួម ដែល​អាចមាន​ដូចជា ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​, ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​សកម្មភាព​ផ្លាស់ប្តូរ ទស្សនកិច្ច​របស់​នាយ​ទាហាន​រង ជាដើម​។​

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក

​ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​គាំទ្រ​ចំពោះ​ទស្សនៈវិស័យ នៃ​ការបង្កើន​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ និង​បានបញ្ជាក់​បន្ថែមថា ក្នុងចំណោម​អាទិភាព​នានា កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ តែង​បាន​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការពង្រឹង​និង​ពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​ក្បែរ​ខាង ក្នុង​តំបន់​អាស៊ាន ដោយ​រួមទាំង​កងទ័ពជើងគោក​ហ្វីលីពីន​ផងដែរ​។ ជាក់ស្តែង អនុលោម​តាម​ស្មារតី នៃ​អនុស្សរណៈ នៃ​ការយោគយល់ (MOU) រវាង​ក្រសួងការពារជាតិ កម្ពុជា​-​ហ្វីលីពីន កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ គឺជា​ទំនាក់ទំនង ប្រកបដោយ​សក្តានុពល ដែល​អាចមាន​វិសាលភាព ទូលំទូលាយ ទាំង​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត​។​

កិច្ចប្រជុំរវាងលោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និងលោក​ឧ​ត្ត​ម​សេនីយ៍​ឯក CIRILITO E. SOBEJANA តាមរយៈ​ប្រព័ន្ធ Virtual Conference

​ក្នុងឱកាស​នោះ​ផងដែរ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​ផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធន៍ លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​អំពី​វិធីសាស្ត្រ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការអនុវត្ត របៀបរបប​ការងារ​ថ្មី ស្របតាម​បរិបទ​ថ្មី នៃ​ជំងឺ​នេះ ដើម្បី​ធ្វើយ៉ាងណា ឱ្យ​ការងារ​ហ្វឹកហ្វឺន និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀត អាច​ដំណើរការ​ទៅបាន ជាធម្មតា ដោយ​ទាំងនេះ សុទ្ធសឹង​ជា​មេរៀន​ដ៏​ល្អ សម្រាប់​ការដកពិសោធន៍ រៀនសូត្រ ពីគ្នា​ទៅវិញទៅមក​។​

​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក ទាំងពីរ ក៏បាន​កត់សម្គាល់ អំពី​ភាព​សំខាន់​ចាំបាច់ នៃ​និរន្តរភាព​នៃ​សន្តិភាព និង​ស្ថិរភាព ដើម្បី​ភាពសុខសាន្ត​របស់​ជាតិ និង​ប្រជាជន ក៏ដូចជា សម្រាប់​តំបន់​ទាំងមូល និង​បាន​ឯកភាពគ្នា បន្ត​ជំរុញ​ល្បឿន នៃ​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​សកម្ម ជាពិសេស​ការខិតខំ​ពិនិត្យ​លទ្ធភាព ក្នុងការ​សម្រេច​ឱ្យបាន នូវ​ការចុះ​អនុស្សរណៈ នៃ​ការយោគយល់ (MOU) រវាង​កងទ័ពជើងគោក កម្ពុជា​-​ហ្វីលីពីន ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម