តារា​សម្តែង ឈូ​ឈូ និង នី មុនីនាថ រួមគ្នា​បង្ហាញខ្លួន​ក្នុង​រឿង​ភាគ​មួយ​រឿង​

230
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង ឈូ​ឈូ និង នី មុនីនាថ បាន​លេចមុខ​រួម​ក្នុង​រឿង “​ម៉ា​ឡែ​ន​ម៉ា​លីន​” ដែល​នេះ​ពិតជា​ការភ្ញាក់ផ្អើល​សារ​ថ្មី សម្រាប់​អ្នក​និយម​ទស្សនា​ភាពយន្ត​ភាគ​ក្រោយ ពី​ជំនួប​គ្នា​លើកដំបូង​។

​រឿង “​ម៉ា​ឡែ​ន​ម៉ា​លីន ជា​ស្នាដៃ​ផលិត​ដោយ​ផលិតកម្ម សាស្ត្រា​ភាពយន្ត សម្រាប់​ចាក់​បញ្ចាំង លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ហើយ​គេ​ជឿជាក់ថា នឹង​កំពុងតែ ត្រៀម​ថ្ពក់​ចិត្ត​ទស្សនិកជន ជា​រាប់សែន​នាក់ ដោយសារតែ​រឿងនេះ​គឺជា​ភាពយន្ត​មនោសញ្ចេតនា ស៊ីជម្រៅ​ដែល​អាច ធ្វើ​ឲ្យ​ទស្សនិកជន​សម្រក់​ទឹកភ្នែក​ទៅតាម​សាច់រឿង​។

រឿងនេះ​ទើបតែ​ផ្តើម​ចាក់​បញ្ចាំង​លើក​កញ្ចក់​ទូរទស្សន៍​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ភាពយន្ត​នេះ​ទទួលបាន​ការគាំទ្រ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ព្រោះតែ​តារា​សម្តែង​ពូកែ​សម្រក់​ទឹកភ្នែក​២​រូប គឺ​កុមារី ឈូ​ឈូ និង​កញ្ញា នី មុនីនាថ​ដែល ឈុត​ឆាក​ជាច្រើន​ត្រូវបាន​គេ​ដឹងថា​ជា​ទិដ្ឋភាព​នៅ​ទឹកដី ខេត្តសៀមរាប​។

តារា​សម្តែង​កុមារី ឈូ​ឈូ បាន​ប្រាប់​រស្មី​កម្ពុជា​កន្លងមក​ឱ្យដឹង​ថា នាង​មាន​អារម្មណ៍​រីករាយ ក្រោយពី​ស្នាដៃ​ថ្មី​មួយ​នេះ​ទទួលបាន​ការពេញចិត្ត​ច្រើន​ពី​ទស្សនិកជន​។ នាង​ថា​ភាពយន្ត​នេះ នាង​នៅតែ​ជា​តួអង្គ​ដែល​ត្រូវ​សម្រក់​ទឹកភ្នែក​ញឹកញាប់​ព្រោះតែ​ត្រូវ​ជួបនឹង​ទុក្ខលំបាក​ជាច្រើន​រួមគ្នា​ជាមួយ​បងស្រី​ដែល​សម្តែង​ដោយ​កញ្ញា នី មុនីនាថ​។ ​

​តារា​វ័យក្មេង​រូបនេះ​បាន​និយាយថា ឈុត​ពិបាក​បំផុត​នោះ​គឺ​ឈុត​កោរសក់​ដែល​ក្រុមការងារ ត្រូវ​ចំណាយ​ពេលវេលា​បិទ​សក់​ក្បាល​នាង​ឲ្យ​សម​ដូច​ពិតៗ​ព្រោះតែ​នាង​មិនអាច​កោរសក់​ពិត​ចេញ​បាន​។ ភាពយន្ត​នេះ​ជា​ភាពយន្ត​ជីវិត កម្សត់​សម្រក់​ទឹកភ្នែក​ស្ទើរ​គ្រប់​ឈុត​ឆាក និង​មាន សាច់រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​និង​ឆ្លុះបញ្ចាំង​ពី​តថភាព​ក្នុងសង្គម ដែល​ទទួលបាន​ការគាំទ្រ ខ្លាំង​មិន​ចាញ់​រឿង “​ពោះធំ​” នោះទេ​។

​កុមារី​ឈូ​ឈូ​បាន​បញ្ជាក់ដែរថា ចុងក្រោយ​នេះ​នាង​ទទួលបាន​ឱកាស​សម្តែង​ច្រើន​ក្នុង​តំណែង តួឯក​រហូត​ផលិតកម្ម​ជាច្រើន​ទំនាក់ទំនង​មក​ប៉ុន្តែ​នាង​ស្នើ​មិន​ទទួល​ថត​ច្រើន​ទេ​ព្រោះតែ​ត្រូវ​ទុកពេល​វេលា​សម្រាក ការសិក្សា និង​ការសម្តែង​ភាពយន្ត​ដែល​នាង​សម្រេចចិត្ត​ទទួល​ប៉ុណ្ណោះ ហើយ​នាង​សង្ឃឹមថា​ផលិតករ​នឹង​យោគយល់​ចំពោះ​រូបនាង​។

​សូមបញ្ជាក់ថា ចុងឆ្នាំ​២០២០​នេះដែរ​នាង​ក៏​គ្រោង​នឹង​បញ្ចេញស្នាដៃ​សម្តែង​ក្នុង​តំណែង​តួឯក ក្នុង​ភាពយន្ត​មួយចំនួន​ផងដែរ​ដែល​ពេលនេះ​បាន​នឹង​កំពុង​ចាប់ផ្តើម​ដំណើរការ​ផលិត ។ តារា​សម្តែង​ស្រី​វ័យ​១៥​ឆ្នាំ​រូបនេះ​ក៏​នៅតែ​រំពឹង​ដែរ​ថា​ស្នាដៃ​ថ្មី​របស់​នាង​នឹង​បន្ត​ជួយ​បម្រើការ​កម្សាន្ត​របស់​ទ​ស្ស​និក​ជន ៕ ដោយ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម