​អង្គការ​ស្បៀងអាហារ​ពិភពលោក​សម្តែង​ការពេញចិត្ត​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​របស់​កម្ពុជា​

109
ចែករម្លែក

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: នៅ​ទីស្នាក់ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោកស្រី Claire Conan នាយក​ថ្មី​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ព្រះ​កម្ពុជា (World Food Programme) ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​។

​នៅក្នុង​ជំនួប​នោះ លោកស្រី Clair Conan បាន​សម្តែង​ការ​អរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួងកសិកម្ម ដែល​តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​។ លោកស្រី​បន្ថែមថា​ចំពោះ​វិស័យ​កសិកម្ម​គោលដៅ​ក្នុង​ការផ្តល់​ការគាំទ្រ​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​គឺ​សំដៅ​ទៅលើ​ការ​ជម្រុញ​និង​លើកទឹកចិត្ត​ដល់​កសិករ​ខ្នាតតូច​ឱ្យ​បង្កើន​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក​ដើម្បី​បង្កើត​ការងារ​និង​បង្កើន​ប្រាក់ចំណូល​គ្រួសារ​។​មួយវិញទៀត​បង្កើត​ប្រព័ន្ធ​ស្បៀង​ដែល​អាច​កាត់បន្ថយ​ការបាត់បង់​ក្រោយ​ការប្រមូល​ផល និង​គ្រោះមហន្តរាយ ការប្រែប្រួល​អាកាសធាតុ បង្កើន​សមត្ថភាព​រប​ស់​កសិករ និង​ជួយ​កសិករ​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​តម្លៃបន្ថែម​ផងដែរ​។

​លោកស្រី​លើកឡើងថា ទាំងអស់នេះ នឹង​អាចជួយ​អភិវឌ្ឍន៍ និង​គាំពារ​សង្គម ធានា​សន្តិសុខ​ស្បៀង និង​ភាព​ទទួលបាន​នៃ​ស្បៀង ជាពិសេស​ចូលរួមចំណែក​ក្នុងការ​ជម្រុញ​សេដ្ឋកិច្ចជាតិ​។ លោកស្រី​សង្ឃឹម និង​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ក្រសួងកសិកម្ម នឹង​បន្ត​ទៅមុខ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព​។​

​តាមរយៈ​លោកស្រី​នាយក​ថ្មី​លោក​រដ្ឋមន្ត្រី​វេ​ង​សាខុន​បាន​អរគុណ​ចំពោះ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ដែល​បាននិងកំពុង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ផ្នែក​មនុស្សធម៌​សំដៅ​កាត់បន្ថយ​និង​លប់បំបាត់​ភាពអត់ឃ្លាន និង​លើកកម្ពស់​អាហារូបត្ថម្ភ​ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា​ដែរ​។

លោក​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សុខសន្តិភាព​និង​ស្ថិរភាព​នយោបាយ​ពេញលេញ​ដែល​សមិទ្ធផល​ដ៏​ប្រពៃ​នេះ​បាន​រុញច្រាន​កម្ពុជា​ពី​ប្រទេស​ដែល​អសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​ខ្លួន ទៅជា​ប្រទេស​ដែលមាន​អតិរេក​ស្បៀង​។​ក្នុងនោះ​កំពុងធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​បណ្តាល​ប្រទេស​ជាច្រើន​ផងដែរ​។​ពាក់ព័ន្ធ​នឹង​កម្មវិធី​គាំទ្រ​ក្នុង​វិស័យ​កសិកម្ម​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់កម្ម​វិធី​ស្បៀងអាហារ​ពិភពលោក​ដែល​បាន​ជួយ​គាំទ្រ​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​។

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​សម្តែង​ការ​សារ​ទរ​ចំពោះ​ទើស​ដៅ​ថ្មី​ក្នុងការ​ផ្តល់​ការគាំទ្រ​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​មកលើ​វិស័យ​កសិកម្ម​ដែល​លោក​បញ្ជាក់ថា​គឺ​ស្រប់តាម​ទស្សនវិស័យ​របស់​ក្រសួង​ដោយ​ផ្តោត​ភ្ជង់​លើ​ការបណ្តុះបណ្តាល​ប្រជាកសិករ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត​ក្នុង​ការដាំដុះ និង​ជម្រុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទំនើប ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ពួកគាត់​បង្កើន​ប្រាក់ចំណូល ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព និង​អាហារូបត្ថម្ភ​ក្នុង​គ្រួសារ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម