​ទស្សនកិច្ច​របស់លោក ម៉ាក្ស ថេរី តំណាង​ស្ថានទូត​អង់គ្លេស​មកកាន់​បណ្ណាល័យ​សម្តេចម៉ែ​

199
ចែករម្លែក

ដោយៈ​ប៊ុនថន​/​ភ្នំពេញៈ​លោក ម៉ាក្ស ថេរី ភារៈធារី តំណាង​ឲ្យ​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់​បណ្ណាល័យ​សម្តេចម៉ែ​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រាជធានី​ភ្នំពេញនារ​រសៀល​ថ្ងៃទី​៣០ ខែកញ្ញានេះ​។

ទស្សនកិច្ច​របស់​លោក ម៉ាក្ស ថេរី តំណាង​ស្ថានទូត​អង់គ្លេស​មកកាន់​បណ្ណាល័យ​សម្តេចម៉ែ​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅក្នុង​អំឡុង​ទស្សនកិច្ច​ប្រមាណ​ជាង​២​ម៉ោង លោក ថេរី ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និង​ក្រុមការងារ​។ ជា​កិច្ច​ចាប់ផ្តើម លោក​ឯកអគ្គរដ្ឋទូត ហូ​លី​យ៉ូ អេ​. ជែ​ល​ដ្រេ​ស អតីត​អ្នកសរសេរ​ជីវប្រវត្តិ​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ បាន​បរិយាយ​រៀបរាប់​ពិព័រណ៍​ស្តីអំពី​ព្រះ​ឆាយា​លក្ខណ៍​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ​, សម្តេច​ព្រះមហា​ក្ស​តី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​រាជវង្សានុវង្ស ដែល​តាំង​បង្ហាញ​នៅ​បណ្ណាល័យ​សម្តេចម៉ែ​។ លោក ឆាំង យុ បានបង្ហាញ​ភ្ញៀវកិត្តិយស​នូវ​បន្ទប់​បណ្ណាល័យ​,​រូបថត​ឯកសារ​បណ្ណាល័យ​សោតទស្សន៍​និង​បណ្ណសារ​ឌីជីថល​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ព្រមទាំង​បាន​ពិពណ៌នា​យ៉ាង​ពិស្តារ​អំពី​ប្លង់​រចនា​និង​សាវតារ​របស់​វិទ្យាស្ថាន​ស្ថាន​ស្លឹករឹត ដែលជា​ស្នាដៃ​របស់​ស្ថាបត្យករ​កម្រិត​ពិភពលោក គឺ​លោកស្រី ហ្សា​ហា ហា​ឌី​ដ ដែលមាន​សញ្ជាតិ​អង់គ្លេស​ដើមកំណើត​អ៊ីរ៉ាក់​។

ទស្សនកិច្ច​របស់​លោក ម៉ាក្ស ថេរី តំណាង​ស្ថានទូត​អង់គ្លេស​មកកាន់​បណ្ណាល័យ​សម្តេចម៉ែ​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​គួរ​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៤ លោកស្រី ហ្សា​ហា ហា​ឌី​ដ នាយក​ស្ថាបត្យកម្ម ហ្សា​ហា ហា​ឌី​ដ និង​លោក​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានធ្វើ​សេចក្ដី​ប្រកាស​រួម​អំពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាបត្យកម្ម​របស់លោក​ស្រី ហា​ឌី​ដ ក្នុងការ​រចនា​ប្លង់​អគារ​វិទ្យាស្ថាន​ស្លឹករឹត ដែល​គឺជា​ទីតាំង​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ដើម្បី​រំឭក​និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ប្រមាណ​២​លាន​នាក់ នា​អំឡុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។
​ស្នាដៃ​ស្ថាបត្យកម្ម​នានា​របស់លោក​ស្រី ហ្សា​ហា ហា​ឌី​ដ ត្រូវបាន​ពិភពលោក​ទទួលស្គាល់ និង​កោតស្ញប់ស្ញែង​យ៉ាង​ក្រៃលែង​។ នៅ​ឆ្នាំ​២០១០​និង​ឆ្នាំ​២០១១ ស្នាដៃ​ស្ថាបត្យកម្ម​របស់លោក​ស្រី ទទួលបាន​ពានរង្វាន់​ស្ទឺ​លីង ពី​វិទ្យាស្ថាន​ស្ថាបត្យករ​អង់គ្លេស​។ អង្គការ​យូណេស្កូ​បាន​តាំង​គោរមងារ​ជូន​លោកស្រី ហ្សា​ហា ហា​ឌី​ដ ជា «​សិល្បៈករ​ដើម្បី​សន្តិភាព​»​។ សាធារណរដ្ឋ​បារាំង​បានផ្តល់​កិត្តិយស​ដល់ លោកស្រី ហ្សា​ហា ហា​ឌី​ត ជាមួយនឹង មេដាយ​សិល្បៈ​និង​អក្សរសាស្ត្រ​។ នៅ​ឆ្នាំ​២០១២ ម្ចាស់​ក្ស​ត្រី​យា​នី អេ​លីហ្សា​ប៊ែ​តទី​ពីរ បាន​ប្រទាន​គ្រឿង​ឥស្សរ​យ​យស​ថ្នាក់​ធិ​ប​ដិ​ន្ទ ដល់​លោកស្រី ហ្សា​ហា ហា​ឌី​ដ​។ នៅ​ឆ្នាំ​២០១៦ មុនពេល​ទទួលអនិច្ចកម្ម លោកស្រី ហ្សា​ហា ហា​ឌី​ដ គឺជា​ស្ថាបត្យករ​ស្ត្រី​តែមួយ​រូប​គត់ និង​ដំបូង​បំផុត​ក្នុង​រយៈកាល​ជាង​១៦០​ឆ្នាំកន្លងមក ដែល​ទទួលបាន​មេដាយ​រាជ​មាស ពី​ស្ថាប័ន​ស្ថាបត្យកម្ម​របស់​រាជវង្ស​អង់គ្លេស​។​

ទស្សនកិច្ច​របស់​លោក ម៉ាក្ស ថេរី តំណាង​ស្ថានទូត​អង់គ្លេស​មកកាន់​បណ្ណាល័យ​សម្តេចម៉ែ​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​លោក ម៉ាក្ស ថេរី បានបង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បណ្ណាល័យ​សម្តេចម៉ែ ព្រមទាំង​ការងារ​ចងក្រង​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និង​ការងារ​ដែល​ទាក់ទង​នឹង​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ជាពិសេស​លើ​ប្លង់​រចនា​របស់​វិទ្យាស្ថាន​ស្លឹករឹត ដែលជា​ទីតាំង​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ លោក​បាន​ចោទ​ជា​សំណួរ​សំខាន់ៗ​ជាច្រើន​អំពី​ដំណើរការ​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​។ នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច លោក ម៉ាក្ស ថេរី បាន​ចារ​នូវ​សំណេរ​អនុស្សាវរីយ៍​នៅលើ​សៀវភៅ​ក្រាំងមាស​របស់​បណ្ណាល័យ​សម្តេចម៉ែ មាន​ខ្លឹមសារ​ដូចខាងក្រោម​៖
“​តំណាង​ឲ្យ​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​រដ្ឋាភិបាល​ច​ក្រ​ភព​អង់គ្លេស ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​សូម​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ក្នុង​ការតាំង​បង្ហាញ​នូវ​ពិព័រណ៍​ដ៏​មាន​សារសំខាន់​នេះ​។ យើង​អាចមាន​ការយល់​ដឹងបាន​ច្បាស់លាស់​បំផុត នៅពេលដែល​យើង​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​។
​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​លោក និង​ក្រុមការងារ​របស់លោក​”
៕srn

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និង​ក្រុមការងារ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ាក្ស ថេរី តំណាង​ស្ថានទូត​អង់គ្លេស​មកកាន់​បណ្ណាល័យ​សម្តេចម៉ែ​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និង​ក្រុមការងារ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ាក្ស ថេរី តំណាង​ស្ថានទូត​អង់គ្លេស​មកកាន់​បណ្ណាល័យ​សម្តេចម៉ែ​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និង​ក្រុមការងារ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ាក្ស ថេរី តំណាង​ស្ថានទូត​អង់គ្លេស​មកកាន់​បណ្ណាល័យ​សម្តេចម៉ែ​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


ទីតាំងផ្សាយពាណិជ្ជកម្ម