​លួច​ដឹក​ពលករ​ខ្មែរ​ខុសច្បាប់ ទៅធ្វើ​ការ​នៅ​ស្រុកថៃ ត្រូវ​អាជ្ញាធរ​ថៃ ឃាត់

228
ចែករម្លែក

ដោយៈ ប​.​ជ័យ / ព្រំដែន​កម្ពុជា ថៃៈ បុរស​ជនជាតិខ្មែរ​ម្នាក់ បាន​លួច​ដឹក​ពលករ​ខ្មែរ បួន​នាក់ ឆ្លងដែន​ខុសច្បាប់ ទៅធ្វើ​ការងារ នៅ​ប្រទេស​ថៃ ដោយ​ជិះ​តាម​រថយន្ត កាលពី​ព្រឹក ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​បាន​ត្រូវ​អាជ្ញាធរ​ថៃ ឃាត់ខ្លួន បញ្ជូនទៅ កាន់​អធិការដ្ឋាន​នគរបាល ស្រុក​អារញ្ញ​យ៉ា​ប្រាថេត ខេត្ត​ស្រះកែវ ដើម្បី​ចាត់វិធានការ​ច្បាប់ ។​

​សមត្ថកិច្ច​ថៃ កម្ពុជា ដែល​បាន​ជូនដំណឹង​គ្នា បានអោយដឹងថា​៖ កម្លាំង​ទាហាន ការពារ​ព្រំដែន​ថៃ ប្រចាំ​ស្រុក​អារញ្ញ យ៉ា​ប្រាថេត ខេត្ត​ស្រះកែវ បាន​ឃាត់ រថយន្ត​ម៉ាក​នីសា​ន់ មួយគ្រឿង ពាក់​ស្លាក​លេខ ២៤៤៧ ឈុន​បុរី បើកបរ​ដោយ បុរស​ជនជាតិខ្មែរ ឈ្មោះ យ៉ឹ​ង បូរី ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​តា​ផូ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

​ការឆែកឆេរ ក្នុង​រថយន្ត រកឃើញ​ពលរដ្ឋ​ខ្មែរ ចំនួន​បួន​នាក់ ដែល​មិនមាន​ប្រវត្តិ​ចេញចូល ប្រទេស​ថៃ និង​ឯកសារ​ពាក់ព័ន្ធ ។ អាជ្ញាធរ សមត្ថកិច្ច​ថៃ បាន​បញ្ជូន​ខ្លួន​ជនជាតិខ្មែរ ទាំង ប្រាំ​នាក់​នេះ មកកាន់​អធិការដ្ឋាន​នគរបាល ស្រុក​អារញ្ញ​យ៉ា​ប្រាថេត ដើម្បី​ចាត់វិធានការ​ច្បាប់ ។​

​ចម្លើយ​បំភ្លឺ​របស់​ពលករ​ខ្មែរ បាន​ឲ្យ​ដឹងថាៈ ដោយសារ​ក្នុងសម័យ​កូ​វីដ​.១៩ នេះ ពួកគេ​គ្មាន​ការងារ​ធ្វើ ហើយ​ក្នុង​គ្រួសារ ជួបប្រទះ​ការខ្វះខាត ទើប​បបួលគ្នា បង្ខំចិត្ត​លួច​ឆ្លងដែន ដោយ​ខុសច្បាប់ ដើម្បី​ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ តាមរយៈ​មេខ្យល់​ឆ្លងដែន ខុសច្បាប់ តែ​ពេលនេះ ត្រូវ​ជួប​គ្រោះ​មួយ​ថ្មី គឺ​ត្រូវ​កងកម្លាំង​សមត្ថកិច្ច​ថៃ ចាប់ខ្លួនបាន ៕/V

លួច​ដឹក​ពលករ​ខ្មែរ​ ខុសច្បាប់​ ទៅធ្វើ​ការ​នៅ​ស្រុកថៃ ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់ (​រូប​៖ ប​.​ជ័យ)​
លួច​ដឹក​ពលករ​ខ្មែរ​ ខុសច្បាប់​ ទៅធ្វើ​ការ​នៅ​ស្រុកថៃ ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់ (​រូប​៖ ប​.​ជ័យ)​

ទីតាំងផ្សាយពាណិជ្ជកម្ម