ប្រមុខការទូតកម្ពុជា : អង់គ្លេសនឹង​ផ្តល់ជូនទាន់ពេលវេលានូវវ៉ាក់សាំងប្រកបដោយគុណភាព និងមាន​តម្លៃ សមរម្យ

375
ចែករម្លែក

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញសុទិដ្ឋិនិយមថាចក្រភពអង់គ្លេសនឹងរួមចំណែកផ្តល់ជូនទាន់ពេលវេលានូវវ៉ាក់សាំងប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ។ កាបង្ហាញនេះបាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ឋ វីដេអូ រ វាងរដ្ឋ មន្ត្រីការបរទេសអាស៊ាន និងលោក ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ស្តីពីការឆ្លើយតប​នឹងជំងឺ កូវីដ-១៩ កាលពីថ្ងៃទី៣០ ខែកញ្ញា។

ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏ បាន លើកឡើងអំពីលទ្ធភាព សម្រាប់ ភាគី ទាំងពីរ ដើម្បីរិះរកវិធី សាស្រ្តប្រកប ដោយ ភាព ច្នៃ ប្រឌិតនានា ក្នុង ការ រក្សា ខ្សែ សង្វាក់ ផ្គត់ ផ្គង់ អន្តរជាតិបើកចំហ និង ការបង្កើត ច្រក ធ្វើ ដំណើរ សុវត្ថិភាព សម្រាប់ អ្នក ជំនួញ ដើម្បីធ្វើយ៉ាងណា ធានា ឲ្យបាន នូវ លំហូរ ពាណិជ្ជកម្ម និង វិនិយោគ រវាងចក្រភពអង់គ្លេស និងតំបន់អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះការស្នើសុំរបស់ចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនា និងបញ្ជាក់ថា អាស៊ាន និងចក្រភពអង់គ្លេស នៅតែអាចធ្វើការ​ជាមួយគ្នាបាន ក្នុងអំឡុងពេលកំពុងរង់ចាំការយល់ព្រមលើសំណើ ជាពិសេសទៅ​លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលមាន​សារសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចរបស់អាស៊ាន និងចក្រភពអង់គ្លេស។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា មានសេចក្តីត្រូវការចាំ​បាច់សម្រាប់អាស៊ាន និងចក្រភពអង់គ្លេស រួមជាមួយនឹងបណ្តាប្រទេសផ្សេងៗ​ទៀតនៃសហគមន៍អន្តរជាតិ ដើម្បីបង្កើតជាសម្ព័ន្ធសកល ប្រយុទ្ធប្រឆាំងនឹងជំងឺ​រាតត្បាតនេះ។

ទាក់ទងកិច្ចប្រជុំនេះ ក្រសួងការបរទេស និង សហ ប្រតិបត្តិការ អន្តរជាតិ បានឲ្យដឹថា កិច្ចប្រជុំបានបង្ហាញនូវសេចក្តីព្រួយបារម្ភអំពីការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរនៃជំងឺនេះដល់ជីវភាពប្រជាជន និងការអភិវឌ្ឍ​សេដ្ឋកិច្ច-​សង្គម នៅទូទាំងពិភពលោក។ ក្នុងបរិការណ៍នេះ កិច្ចប្រជុំបានប្តេជ្ញាចិត្ត​ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងចក្រភពអង់គ្លេស លើការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និងការចែកវ៉ាក់សាំង និងផ្តល់ការព្យាបាលជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវ វត្ថុបំណងប្រសិទ្ធភាព សុវត្ថិភាព លទ្ធភាពទទួលបានវ៉ាក់សាំង និងការព្យាបាលស្មើៗគ្នា និងមានតម្លៃ​​សមរម្យ។ កិច្ចប្រជុំបានស្វាគមន៍សេចក្តីប្រកាសរបស់ចក្រភពអង់គ្លេស ចូលរួមចំណែកបរិច្ចាគថវិកាចំនួន ១លានផោន ដល់មូលនិធិអាស៊ានសម្រាប់​ឆ្លើយតបនឹងជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្រ ជាយុទ្ឋសាស្រ្តនូវថវិកាចំនួន ០,៥ លានផោន ដល់លេខាធិការដ្ឋានអាស៊ាន ដើម្បីបង្កើត និងដាក់ចេញនូវគោល​នយោបាយនានាប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩។ កិច្ចប្រជុំក៏បានស្វាគមន៍ផងដែរនូវការប្ដេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសគាំទ្រថវិកាចំនួន ៤,៨ លានផោន ដល់ការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ប្រទេសសមាជិកអាស៊ានបានលើកទឹកចិត្តដល់ចក្រភពអង់គ្លេសឱ្យជួយគាំទ្រ និងចូលរួមចំណែកដល់ការបម្រុងទុកការផ្គត់ផ្គង់វេជ្ជសាស្រ្តក្នុងតំបន់ ដើម្បីជួយឱ្យ​មានការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះតម្រូវការផ្គត់ផ្គង់វេជ្ជសាស្ត្រជាបន្ទាន់។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីអាទិភាពផ្សេងៗទៀតនៃវិស័យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចក្រភពអង់គ្លេស ដើម្បីដោះស្រាយការបង្អាក់សង្វាក់ផ្គត់ផ្គង់ គាំទ្រសេដ្ឋកិច្ចសកល តាមរយៈពាណិជ្ជកម្មបើកចំហ សម្រួលកំណើនសេដ្ឋកិច្ច​អន្តរជាតិប្រកបដោយបរិយាប័ន្ន និងចីរភាព ស្ដារឡើងវិញនូវទំនុកចិត្តធុរកិច្ច នៅក្នុងតំបន់ និងដើម្បីគាំទ្រការតភ្ជាប់តំបន់៕សរន

ប្រមុខការទូតកម្ពុជា : អង់គ្លេសនឹងផ្តល់ជូនទាន់ពេលវេលានូវវ៉ាក់សាំងប្រកបដោយគុណភាព និងមានតម្លៃសមរម្យ
ប្រមុខការទូតកម្ពុជា : អង់គ្លេសនឹងផ្តល់ជូនទាន់ពេលវេលានូវវ៉ាក់សាំងប្រកបដោយគុណភាព និងមានតម្លៃសមរម្យ

ទីតាំងផ្សាយពាណិជ្ជកម្ម