អាមេនីនិងអាស៊ែបៃហ្សង់ប្រយុទ្ធគ្នាឈានដល់ថ្ងៃទី៤ ខណៈជម្លោះមើលទៅមិនចប់ឆាប់ៗទេ

250
ចែករម្លែក

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងអាមេនីនិងអាស៊ែបៃហ្សង់ជុំវិញតំបន់ផ្តាច់ខ្លួនឈ្មោះ ណាហ្គ័រណូការ៉ាបាក់ (Nagorno-Karabakh) បានបន្តអស់រយៈពេល ៤ ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃពុធទី៣០កញ្ញា ខណៈសេចក្តីថ្លែងការណ៍ពីភាគីទាំងពីរបង្ហាញថា ការផ្ទុះឡើងនៃជម្លោះចំណាស់រាប់ទសវត្សរ៍​ ដែលបានសម្លាប់មនុស្សរាប់សិបនាក់តាំងពីថ្ងៃអាទិត្យ នឹងមិនបញ្ចប់ឆាប់ៗនោះឡើយ។

ប្រធានាធិបតីអាស៊ែបៃហ្សង់បាននិយាយថា ការដកជនជាតិអាមេនីចេញពីតំបន់ណាហ្គ័រណូការ៉ាបាក់គឺជាលក្ខខណ្ឌតែមួយគត់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាលើទឹកដីផ្តាច់ខ្លួននេះ។ ក្រុមមន្រ្តីអាមេនីបានចោទប្រកាន់ថាតួកគីបានចូលរួមពាក់ព័ន្ធនៅក្នុងជម្លោះជាថ្មីនេះ ហើយថា សកម្មភាពរបស់ប្រទេសជិតខាងរបស់ខ្លួន “បានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីបញ្ឈប់អរិភាព”។

ក្នុងពេលជួបជាមួយទាហានរងរបួស ប្រធានាធិបតីអាស៊ែបៃហ្សង់លោក អ៊ីលខាម អាលីយ៉េវ និយាយថា អាមេនីត្រូវតែ “ចាកចេញដោយគ្មានលក្ខខណ្ឌទាំងស្រុងជាបន្ទាន់” ពីតំបន់ណាហ្គ័រណូការ៉ាបាក់ ដែលស្ថិតនៅក្នុងប្រទេសអាស៊ែបៃហ្សង់ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងជនជាតិភាគតិចអាមេនី ដែលគាំទ្រដោយរដ្ឋាភិបាលអាមេនីតាំងពីឆ្នាំ ១៩៩៤។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ីបានដកស្រង់សម្តីប្រធានាធិបតីអាស៊ែបៃហ្សង់ ដោយនិយាយថា “ប្រសិនបើរដ្ឋាភិបាលអាមេនីបំពេញលក្ខខណ្ឌនេះបាន នោះការប្រយុទ្ធនឹងបញ្ឈប់ ឈាមក៏នឹងលែងត្រូវបង្ហូរ ហើយនឹងមានសន្តិភាព។ អាស៊ែបៃហ្សង់កំពុងស្តារបូរណភាពទឹកដីរបស់ខ្លួនឡើងវិញ ហើយយើងមានសិទ្ធិទាំងស្រុងដើម្បីធ្វើដូច្នេះ”។

សេណារីយ៉ូដែលបានដាក់ចេញដោយមេដឹកនាំអាស៊ែបៃហ្សង់គឺផ្ទុយនឹងទស្សនៈរបស់អាមេនីស្តីពីការបញ្ចប់វិបត្តិនេះ។ សេចក្តីថ្លែងការណ៍របស់លោកអាលីយ៉េវបានកើតឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីអាមេនីលោក នីកូល ប៉ាស៊ីនយ៉ាន និយាយថា “ការឈ្លានពានរបស់អាស៊ែបៃហ្សង់លើតំបន់ណាហ្គ័រណូការ៉ាបាក់និងអាមេនី” ចាំបាច់ត្រូវតែបញ្ចប់ មុនពេលមានការសម្របសម្រួលណាមួយនោះ។

កាលពីថ្ងៃពុធ លោកប៉ាស៊ីនយ៉ានក៏បាននិយាយផងដែរថា ប្រទេសអាមេនីអាចទទួលស្គាល់ឯករាជ្យរបស់តំបន់ណាហ្គ័រណូការ៉ាបាក់ ដែលនេះជាចំណាត់ការមួយអាចនឹងជ្រៀតជ្រែកបន្ថែមទៀតជាមួយនឹងដំណោះស្រាយជម្លោះ៕ ដោយ ៖ កញ្ញាដាលីស

ទាហានអាមេនីកំពុងត្រៀមខ្លួនច្បាំងជាមួយអាស៊ែបៃហ្សង់នៅតំបន់ណាហ្គ័រណូការ៉ាបាក់

ទីតាំងផ្សាយពាណិជ្ជកម្ម