វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Moderna នឹងមិនរួចរាល់មុនថ្ងៃបោះឆ្នោតអាម៉េរិកទេ

204
ចែករម្លែក

នាយកប្រតិបត្តិក្រុមហ៊ុនឱសថ Moderna របស់អាម៉េរិកបានប្រាប់កាសែត Financial Times កាលពីថ្ងៃពុធទី៣០កញ្ញាថា ក្រុមហ៊ុននឹងមិនស្វែងរកការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដ១៩នៅមុនថ្ងៃទី ២៥ ខែវិច្ឆិកានោះទេ។

ដំណឹងនេះគឺជាការវាយសំពងទៅលើក្តីសង្ឃឹមរបស់ប្រធានាធិបតីដូណាល់ ត្រាំក្នុងការមានវ៉ាក់សាំងត្រៀមរួចជាស្រេចនៅមុនពេលបោះឆ្នោតដើម្បីផ្តល់ការជំរុញចាំបាច់ដល់យុទ្ធនាការបោះឆ្នោតរបស់លោក។

លោក ស្តេហ្វេន បានសែល បានប្រាប់កាសែតដដែលថា “ថ្ងៃទី ២៥ ខែវិច្ឆិកាគឺជាពេលវេលាដែលយើងនឹងមានទិន្នន័យសុវត្ថិភាពគ្រប់គ្រាន់ដើម្បីអាចដាក់ចូលទៅក្នុងឯកសារ EUA ដែលយើងនឹងបញ្ជូនទៅ FDA ​​(រដ្ឋបាលចំណីអាហារនិងឱសថ) ដោយសន្មត់ថា បើទិន្នន័យមានសុវត្ថិភាពល្អ នោះវ៉ាក់សាំងនឹងត្រូវចាត់ទុកថាមានសុវត្ថិភាព”។

លោកត្រាំ ដែលប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះដោយសារការដោះស្រាយវិបត្តិកូវីដ១៩របស់គាត់ បានលើកឡើងជាញឹកញាប់ថា វ៉ាក់សាំងអាចត្រៀមរួចជាស្រេចមុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា។

ការណ៍នេះបានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញថា រដ្ឋបាលរបស់លោកអាចនឹងព្យាយាមជ្រៀតជ្រែកក្នុងដំណើរការបទប្បញ្ញត្តិសម្រាប់ហេតុផលនយោបាយ។

ប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះបានអះអាងម្តងទៀតអំពីវ៉ាក់សាំងនៅយប់ថ្ងៃអង្គារក្នុងអំឡុងពេលជជែកដេញដោលជាមួយគូប្រជែងបក្សប្រជាធិបតេយ្យរបស់គាត់គឺអតីតអនុប្រធានាធិបតី ចូ បាយដិន។

លោកត្រាំនិយាយថា “វាអាចទៅរួចដែលយើងនឹងមានចម្លើយមុនថ្ងៃទី ១ ខែវិច្ឆិកា”។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងពិសោធន៍ចំនួន ១១ ស្ថិតក្នុងការសាកល្បងដំណាក់កាលចុងក្រោយ។

វ៉ាក់សាំងមួយផ្សេងទៀតកំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer ដែលនាយកប្រតិបត្តិរបស់ខ្លួនគឺលោក អាល់បឺត បួឡា បានប្រកាន់ជំហរថាក្រុមហ៊ុនរបស់គាត់អាចមានចម្លើយច្បាស់លាស់អំពីថាតើវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពឬអត់នៅខែតុលា។

អ្នកជំនាញភាគច្រើនមានមន្ទិលចំពោះការអះអាងនេះ ដោយជឿថា ការសាកល្បងដែលកំពុងបន្តនេះនឹងមិនមានទិន្នន័យស្ថិតិគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងនៅខែតុលានោះទេ៕ ដោយ ៖ កញ្ញាដាលីស

លោក ស្តេហ្វេន បានសែល នាយកប្រតិបត្តិក្រុមហ៊ុនឱសថ Moderna ថាវ៉ាក់សាំងរបស់ក្រុមហ៊ុននឹងមិនរួចរាល់មុនការបោះឆ្នោតអាម៉េរិកនោះឡើយ

ទីតាំងផ្សាយពាណិជ្ជកម្ម