ទិវា​បង្កើត សាធារណរដ្ឋ​ប្រជា​មាន​តិ ចិន​

179
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាជន ចិន ប្រារព្ធ​ទិវា​បង្កើត​សាធារណរដ្ឋ ប្រជាមានិត ចិន របស់ ពួកគេ នៅ​ថ្ងៃទី ១ ខែ កញ្ញា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល ម៉ៅ សេទុង ប្រកាស​បង្កើត​រដ្ឋាភិបាល ចិន នា ឆ្នាំ ១៩៤៩ បន្ទាប់ពី កងទ័ព​កុ​ម្មុយ​និ​ស្ត បណ្តេញ​កងទ័ព ជាង កៃ​ជៀក ចេញពី​ដីគោក ទៅ​បោះទីតាំង​នោះ​កោះ តៃវ៉ាន់ (​រហូតមកដល់​សព្វថ្ងៃ​) ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ​ប្រជាមានិត ចិន មាន​ផ្ទៃដី ៩ ៥៩៦ ៩៦១ គីឡូម៉ែត្រ​ក្រឡា ។ ស្ថិតនៅ ក្នុង​តំបន់ អាស៊ី បូព៌ា មាន​ព្រំដែន​ជាប់​ប្រទេស រុស្ស៊ី ម៉ុង​ហ្គោល ឥណ្ឌា វៀតណាម កូរ៉េ កា​ហ្សា​ក់​ស្ថាន គៀ​ហ្ស៊ី​ស៊ី​ស្ថាន តាជី​គី​ស្ថាន អា​ហ្វ​កា​នី​ស្ថាន ប៉ា​គី​ស្ថាន ណេ​ប៉ាល់ ប៊ូ​តាន់ មី​យ៉ាន់​ម៉ា (​ភូមា​) និង ឡាវ ។ ឆ្នាំ ២០២០ មាន​ប្រជាជន​ជាង ១ ៤៤0 លាន​នាក់ ជា​លំដាប់​លេខ ១ ក្នុង​លោក ភាគច្រើន​ជា​អ្នក​កាន់ ព្រះពុទ្ធសាសនា​មហាយាន ហើយ​ទិន្នន័យ​អេ​ឡិច​ត្រូ​និ​ច​គិត​ជា​មធ្យម ក្នុង​មួយ​នាទី កើន​មនុស្ស ១៦ នាក់ ភាសាផ្លូវការ​គឺ​ភាសា កុក​ងឺ រដ្ឋា​ធានី ទីក្រុង ប៉េកាំង ។​

​ចិន មាន​ប្រព័ន្ធ​នយោបាយ​ខុសគ្នា ដោយ​ភាគច្រើនបំផុត នៃ ប្រទេស​នេះ គ្រប់គ្រង​ដោយ​របប កុ​ម្មុយ​និ​ស្ត ប៉ុន្តែ​ជា​កុ​ម្មុយ​និ​ស្ត​ភ្លឺស្វាង ចំណែក​តំបន់​ខ្លះ ដូចជា ហុងកុង និង ម៉ា​កាវ ជា​តំបន់ កាន់​លទ្ធិ​សេរី មាន​តំបន់​ស្វយ័ត​ចំនួន ៥ គឺ​តំបន់ ម៉ុង​ហ្គោ​លី ស៊ីន​ជាំ​ង ហ្គ័​ង​ស៊ី នី​ង​ស៊ា និង ទី​បេ​តិ៍ រីឯ​ប្រព័ន្ធ​សេដ្ឋកិច្ច នៃ ប្រទេស​ទាំងមូល​ដើរ​តាម​សេដ្ឋកិច្ច​ទីផ្សារសេរី ហើយ​ចាប់ពី​ឆ្នាំ ២០០៤ មក ចិន​បាន​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​លំដាប់​លេខ ២ បន្ទាប់ពី​អាម៉េរិក ហើយ​នោះ ក៏​ជា​មូលហេតុ​ដែលនាំឱ្យ​អំណឹះតទៅ ចិន ប្រហែលជា​មិន​ងាយ​នឹង​ត្រូវបាន អាម៉េរិក ទុកឱ្យ​បាន​សុខ​ណាស់ ។

​ចិន គឺជា​មហាអំណាច​មួយ​ក្នុងចំណោម​មហាអំណាច​នុយក្លេអ៊ែរ​ទាំង ប្រាំ ( អាម៉េរិក រុស្ស៊ី បារាំង និង អង់គ្លេស ) របស់​ពិភពលោក ។ របាយការណ៍​របស់​ម​ន្ទីរ​បញ្ច​កោណ ( អាមេរិក ) ដែល​ចេញផ្សាយ​នៅ​អំឡុង​ខែ កញ្ញា ឆ្នាំ ២០២០ លើកឡើងថា កម្លាំង​កងទ័ពអាកាស​រំដោះ ប្រជាជន ចិន ( PLAAF ) គឺជា កងកម្លាំង​អាកាសចរណ៍​ធំ​បំផុត​នៅក្នុង​តំបន់ និង​ជា​កងកម្លាំង អាកាស​ធំជាងគេ​ទី ៣ នៅលើ​ពិភពលោក​តាម​ទាន់​កងកម្លាំង​អាកាស​លោកខាងលិច យ៉ាង​លឿន​ទាំង​សមត្ថភាព​ចម្ងាយ និង សមត្ថភាព​ប្រតិបត្តិការ​ទូលំទូលាយ​ដោយយោង​ទៅ លើ​យន្ដហោះ ចិន ទូទៅ​សរុប ២ ៥០០ គ្រឿង និង យន្តហោះ​ចម្បាំង ប្រមាណ ២ ០០០ គ្រឿង មាន​នាវា​ទូទៅ និង នាវាមុជទឹក​សរុប​ប្រមាណ ៣៥០ គ្រឿង និង​នាវាចម្បាំង​លើ​ផ្ទៃ​ទឹក​សំខាន់ៗ ជាង ១៣០ គ្រឿង ។ PLA គឺជា​កងទ័ពជើងគោក​ធំជាងគេ​បំផុត​របស់​ពិភពលោក​ដែល​បាន បន្ត​ប្រែ​មុខមាត់​ទៅជា​កងទ័ពជើងគោក​ទំនើប និង​ចល័ត​ដ៍​សាហាវ​បំផុត​កាលពី​ឆ្នាំមុន ។

ប្រវត្តិសាស្ត្រ
​សតវត្សរ៍​ទី ១៩ រាជការ​មហា ឆេង បាន​រង​សម្ពាធ​ពី​ចក្រពត្តិនិយម​ពី​បស្ចិម​លោក​ខ្លាំង​ទៅៗ ។ ទំនាស់​ការទូត ពាណិជ្ជកម្ម ( ជាពិសេស អាភៀន ដែល​បានធ្វើឱ្យ ចិន ក្លាយជា​ទីផ្សារ និង រងគ្រោះ​ដោយសារ អាភៀន យ៉ាង​ធំធេង ពី​សំណាក់​ពាណិជ្ជករ អង់គ្លេស ក្រោម​ប្លា​ក​ក្រុមហ៊ុន អង់គ្លេស​-​ឥណ្ឌា ខាងកើត ) រដ្ឋបាល នៃ យុត្តិធម៌​បាន​ឡើងក​ម្តៅ​ខ្លាំង​ទៅៗ​រហូត​ផ្ទុះ​ជា​សង្គ្រាម ឡើង​នៅ​ឆ្នាំ ១៨៣៩ រវាង ចក្រភព អង់គ្លេស និង អៀក​ឡង់​ដ៍ ប្រួត​គ្នា​វាយ រាជការ ឆេង ដែល​សង្គ្រាម​នោះ​ឱ្យ​ឈ្មោះថា សង្គ្រាម អាភៀន លើក​ទី ១ ។​

​ដោយសារ​រង​ផលប៉ះពាល់​ពី អាភៀន រួចទៅហើយ​នោះ កងទ័ព និង ប្រទេស ចិន ស្ថិតក្នុង សភាព ទន់ខ្សោយ ក៏បាន​ចាញ់​សង្គ្រាម​នោះ ហើយ ចិន ត្រូវបាន​បង្ខំ​ឱ្យ​ចុះហត្ថលេខា​លើ សន្ធិសញ្ញា​នៅ​ឆ្នាំ ១៨៤២ ប្រគល់​ទឹកដី​កំពង់ផែ និង កោះ ហុងកុង ទៅឱ្យ អង់គ្លេស​ហើយក៏ បានបញ្ចប់​សង្គ្រាម​នោះ ដោយ​បន្សល់ទុក​នូវ​ភ្លើងកំហឹង​យ៉ាង​ក្តៅគគុក​នៅក្នុង​ទ្រូង​ប្រជាជន ចិន ដោយ​ពួកគេ​មើលឃើញថា សន្ធិសញ្ញា​ខាងលើ​គឺជា​សន្ធិសញ្ញា​ដ៏​អយុត្តិធម៌​បំផុត ។​

​អង់គ្លេស នៅតែ​មិនទាន់​ស្កប់ស្កល់​ឡើយ ដោយ​ឃើញ​រាជការ និង ប្រជាជន ចិន ធ្លាក់ខ្លួន​ទន់ ខ្សោយ អង់គ្លេស បានទាមទារ​ឱ្យ ចិន បើក​សិទ្ធិ​ពាណិជ្ជករ អង់គ្លេស អាចធ្វើ​ពាណិជ្ជកម្ម នៅ​ទូទាំងប្រទេស ចិន ទៀត ។ ប្រការនេះ​ធ្វើឱ្យ​រាជការ និង ប្រជាជន ចិន មិនអាច​ទ្រាំ​បាន ក៏​ផ្ទុះ​ជា​សង្គ្រាម​តទល់ អង់គ្លេស នៅ​ឆ្នាំ ១៨៥៦ ដែល​គេ​ហៅថា សង្គ្រាម អាភៀន លើក​ទី ២ ហើយ​ពេលនោះ អង់គ្លេស ហាក់​ទន់​ដៃ​ជាង​ម្ចាស់​ទឹកដី ។​

​បារាំង អាម៉េរិក និង រុស្ស៊ី ដែល​សុទ្ធតែជា​ពួក​ចក្រពត្តិ​វាតទី​និយម ចង់​ពង្រីក​អំណាច​របស់​ពួកគេ នៅលើ​ទឹកដី ចិន ដែរនោះ គឺ​មិនអាច​ទុកឱ្យ ចិន អាច​ក្រោកឈរ​បានឡើយ ព្រោះថា ប្រសិនបើ ចិន មានឱកាស​ក្រោកឈរ​បាន​នោះ ពួកគេ ( បារាំង អាមេរិក និង រុស្ស៊ី ) អាច​នឹង​ពិបាក ក្នុងការ​គ្រប​សង្កត់សង្កិន ចិន ទើប​ពួកគេ​បាន​ចូលទៅ​ជួយ អង់គ្លេស ( រុស្ស៊ី​មិន​ផ្តល់ជំនួយ កងទ័ព​ទេ ) ធ្វើឱ្យ​រាជការ និង ជនជាតិ ចិន កើន​សត្រូវ​កាន់តែច្រើន និង សុទ្ធតែ​មហា​យក្ស​មកពី អឺរ៉ុប ហើយ​ទីបំផុត ចិន ពិតជា​មិនអាច​ទ្រាំទ្រ​នូវ​ការ​ប្រួត​គ្នា​ពី​សំណាក់​ពួក​មហា​យក្ស​ទាំងនោះ បានឡើយ ។​

​ខែ មិថុនា ឆ្នាំ ១៨៥៨ ផ្នែក​ទី ១ នៃ សង្គ្រាម​អាភៀន​លើក​ទី ២ នេះ ត្រូវបាន​បញ្ចប់​ដោយ ចិន ជា​អ្នកចាញ់ ហើយ​មហា​យក្ស អឺរ៉ុប គឺ អង់គ្លេស បារាំង រុស្ស៊ី និង អាមេរិក ជា​អ្នកត្រួតត្រា​ទឹកដី ចិន តាមរយៈ​សន្ធិសញ្ញា​មួយ​ដែល​មហាអំណាច​ចក្រពត្តិ​វាតទី​និយម​អឺរ៉ុប ទាំង ៤ នោះ​គឺជា ហត្ថលេខី​ដោយ​កំណត់ ៤ ចំណុច ហើយ​បើក​កំពង់ផែ ចិន ចំនួន​៧​ទៀត​ឱ្យ​អឺរ៉ុប ធ្វើ​ពាណិជ្ជកម្ម កប៉ាល់​យោធា និង សិទ្ធិ​សម្រាប់​ពួកគេ​ធ្វើដំណើរ​ទូទាំងប្រទេស​ចិន ហើយ​ចិន ត្រូវ​សង សំណង​ជា​ប្រាក់សុទ្ធ​បួន លាន​តម្លឹង​ទៅឱ្យ អង់គ្លេស និង ២ លាន​តម្លឹង​ទៅឱ្យ បារាំង ។​

​នៅពេល ចិន ធ្លាក់​ដល់​កម្រិត​វេទនា​ងើបមុខ​លែងរួច​បែប​នោះ នៅ​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៨៥៨ រុស្ស៊ី បាន​ជាន់ ក បន្ថែមទៀត គឺ​បាន​បង្ខំ ចិន ឱ្យ​ចុះហត្ថលេខា​មួយ​កំណត់ព្រំដែន ប្រទេស ចិន និង រុស្ស៊ី ដែល ចិន ខាតបង់​ទឹកដី​យ៉ាងច្រើន ។ ប៉ុណ្ណេះ ក៏​មិនទាន់​គ្រប់គ្រាន់ ឡើយ នៅ​ឆ្នាំ ១៨៦០ រុស្ស៊ី បង្ខំ​ឱ្យ ចិន ចុះហត្ថលេខា​មួយទៀត ដែល​ធ្វើឱ្យ រុស្ស៊ី ត្រួតត្រា​ឆ្នេរ សមុទ្ទ ប៉ាស៊ីហ្វិក នៅ​តំបន់​គ្មាន​ទឹកកក ហើយ រុស្ស៊ី យក​តំបន់​នោះ​បង្កើតបានជា​ទីក្រុង Vladivostok នៅ​ឆ្នាំ ១៨៦០ ដដែល​នោះ ។​

​សង្គ្រាម ស៊ី​ណូ​-​ជប៉ុន បានកើត​ឡើង​ពី​ឆ្នាំ ១៨៩៤ ហើយ​បញ្ចប់​ទៅវិញ​នៅ​ឆ្នាំ ១៨៩៥ ធ្វើឱ្យ ចិន បាត់បង់​ឥទ្ធិពល​ទៅលើ​តំបន់​ឩ​ប​ទ្វីប កូរ៉េ ដោយ​ឩ​ប​ទ្វីប កូរ៉េ ធ្លាក់​ទៅក្នុង​ដៃ រុស្ស៊ី ហើយ​រាជការ ឆេង របស់ ចិន បាន​របូត កោះ​តៃវ៉ាន់ ទៅក្នុង​កណ្តាប់ដៃ ជប៉ុន ។​

អវសាន នៃរាជការមហា​ឆេង
​នៅ​អំឡុង​សតវត្សរ៍​ទី ១៩ ក៏មាន​ភាពច្របូកច្របល់​ផ្ទៃក្នុង​ច្រើន ញ៉ាំងឱ្យ​រាជការ ឆេង រង្គោះរង្គើ ហើយ​មាន​ចលនា​ឧទ្ទាម​ជាច្រើនលើក​ច្រើនសា​ដូចជា នៅ​ទសវត្សរ៍​ឆ្នាំ ១៨៥០-១៨៦០ ឩ​ទ្ទាម នៅ ថា​យ​ភីង ជាដើម ហើយ​ឩ​ទ្ទាម​ផ្សេងៗ​ទៀត​បានកើត​ឡើង​ជាប​ន្ត​បន្ទាប់​រហូតដល់​ទ​ស​វត្សរ៍ ១៨៩០ ។ ក៏​នៅមាន​មហន្តរាយ​ផ្សេងៗ​ទៀត​កើត​ពី​ធម្មជាតិ​ដូចជា​គ្រោះរាំងស្ងួត​នៅ​ភាគ​ខាង ជើង​ពី​ឆ្នាំ ១៨៧៦-១៨៧៩ ដែល​បានសម្លាប់​មនុស្ស​ប្រមាណ​ជា ១៣ លាន​នាក់ ។ នៅ​ឆ្នាំ ១៨៩៨ ស្តេច​នៅ ហ្គ័​ង​ស៊ូ បានរៀបចំ​ធ្វើកំណែទម្រង់​ឱ្យទៅជា​របប​រាជាធិបតេយ្យ​អាស្រ័យ រដ្ឋធម្មនុញ្ញ ។ ប៉ុន្តែ​ផែនការ​នោះបាន​បរាជ័យ​ដោយសារ​មាន​សម្ពាធ​ពី​មនុស្ស​អភិរក្សនិយម ដែល​ចង់​រក្សា​អំណាច​របស់​ពួកគេ ។ ឆ្នាំ ១៩១១ បដិវត្តន៍ ស៊ីន​ហាយ បាន​ផ្ទុះឡើង​ហើយ​បាន បញ្ចប់​រជ្ជកាល នៃ រាជការ​មហា ឆេង នៅ​ឆ្នាំ ១៩១១ នោះឯង​បន្ទាប់ពី​បាន​គ្រប់គ្រង​ប្រទេស ចិន អស់​រយៈពេល ៧៣៧ ឆ្នាំ មក​។

​នៅ​ថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩១២ សាធារណរដ្ឋ ចិន ត្រូវបាន​បង្កើតឡើង ហើយ​បណ្ឌិត ស៊ុន យ៉ា​ត​សេន ( នៃ គណបក្ស គួ​មីន​តាំង = KMT ឬ គណបក្ស​ជាតិ និយម ) ត្រូវបានតែងតាំង​ជា ប្រធានាធិបតី​បណ្តោះអាសន្ន ។ ប៉ុន្តែ​ក្រោយមក ឋានៈ​ជា​ប្រធានាធិបតី​ត្រូវបាន​ប្រគល់​ទៅ ឱ្យ​អតីត​មេទ័ព​កំពូល នៃ រាជការ ឆេង គឺ​លោក​ឩ​ត្ត​ម​សេនីយ៍ យាន ស៊ឺ​ខាយ ។

​នៅ​ឆ្នាំ ១៩១៥ បន្ទាប់ពី បាន​អំណាច​មក​ក្នុង​ដៃ​ហើយ យាន ស៊ឺ​ខាយ បានប្រកាស​ឡើង សោយរាជ្យ​ជា​ស្តេច​អ​ធិ​រាជ្យ ចិន ដោយ​ខ្លួនឯង គឺ​ត្រលប់​ទៅជា​របបរាជានិយម​វិញ ។ ប៉ុន្តែ​មិន ទាន់​បាន​ប៉ុន្មាន​ផង យាន ស៊ឺ​ខាយ ត្រូវបាន​បង្ខំ​ឱ្យ​ដាក់រាជ្យ ហើយ​បង្កើតជា​សាធារណរដ្ឋ ចិន ឡើងវិញ ។​

​ពេលនោះ រដ្ឋាភិបាល​ទីក្រុង ប៉េកាំង ជា​រដ្ឋាភិបាល​ដែល​ត្រូវបាន​ទទួលស្គាល់​ពី​អន្តរជាតិ ប៉ុន្តែ​ជា​រដ្ឋាភិបាល​គ្មាន​អំណាច​ឡើយ ។ នៅ​ឆ្នាំ ១៩២១ គណ​បក្សកុម្មុយនិស្ត​ត្រូវបាន​បង្កើត ឡើង​នៅ​ប្រទេស ចិន ។​

​នៅ​ចុង​ទសវត្សរ៍ ឆ្នាំ ១៩២០ ដោយមាន​ជំនួយ​ទាំង​ហិរញ្ញវត្ថុ និង កងទ័ព ពី​អាមេរិក គណបក្ស គួរ​មីន​តាំង ក្រោម​ការដឹកនាំ​របស់ ជាង កៃ​ជៀក មានអំណាច​នយោបាយ និង​កម្លាំង​ទ័ព​ខ្លាំងក្លា ជាងគេ​បំផុត ត្រួតត្រា​ទឹកដី ចិន ស្ទើរ​ទាំងស្រុង​ហើយ​បាន​រួបរួម​ប្រទេស​មក​គ្រប់គ្រង​ដោយ ខ្លួនឯង​ក្រោម​ល្បិច​នយោបាយ​ថា “ ដំណើរ​ឆ្ពោះទៅ​ទិស​ខាងជើង “ ។ នៅក្នុង​យុទ្ធនាការ ដំណើរ​ឆ្ពោះទៅ​ទិស​ខាងជើង​នោះ ក្រុម និង បក្ស​ជាច្រើន ត្រូវបាន​កម្ទេច ដោយ គួ​មីន​តាំង ហើយ​ចាប់ពី​ឆ្នាំ ១៩២៧ មក បក្សកុម្មុយនិស្ត​ក៏ត្រូវ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​យុទ្ធនាការ នោះដែរ ប៉ុន្តែ​អាច​រក្សាខ្លួន​តទល់​ជាមួយ គួ​មីន​តាំង បាន ។

​បក្ស គួ​មីន​តាំង បាន​ប្តូរ​ទីក្រុង​ទៅ ណាន​ជី​ង និង បាន​គ្រប់គ្រង​នយោបាយ និង​ជំរុញ​កែប្រែ នយោបាយ ចិន ឆ្ពោះទៅរក​គោលដៅ​លទ្ធិប្រជាធិបតេយ្យ​ទំនើប ប៉ុន្តែ​តាមពិត​ត្រូវបាន​គេ​មើល ឃើញថា ជា​អ្នក​ស្តាប់​ឱវាទ ចក្រពត្តិ អាមេរិក ។ ប៉ុន្តែ​គួរ​ប្រជែង​ដ៏​ពិបាក​បំផុត​សម្រាប់​លោក ជាង កៃ​ជៀក គឺ​ពួក​កុ​ម្មុយ​និ​ស្ត ឬ ពួក កងទ័ព​ក្រហម ។ ទោះយ៉ាងណា គួ​មីន​តាំង របស់ ជាង កៃ​ជៀក នៅតែ​បាន​ជោគជ័យ​ក្នុង​យុទ្ធនាការ និង បាន​បណ្តេញ​សត្រូវ​របស់ខ្លួន​ជា​បន្តបន្ទាប់ ។ នៅ​ថ្ងៃ ទី ១៨ ខែ កញ្ញា ឆ្នាំ ១៩៣១ ជប៉ុន បាន​ឈ្លានពាន​ចូល​ទឹកដី ម៉ាន់​ជូ ចិន ។​

មហា​ដំណើរ​
​នៅ​រដូវរងា ឆ្នាំ ១៩៣៣ ជាង កៃ ជៀក បាន​បញ្ជា​កងទ័ព​រប​ស់គា​ត់ ៥០ ម៉ឺន​នាក់ បើក​ការ​វាយ លុក​ដ៏​ធំ​មួយ សំដៅ​កម្ទេច​ពួក​កុ​ម្មុយ​និ​ស្ត នៅ​ខេត្ត ជាំ​ង​ស៊ី ហើយ​បានសម្លាប់​កងទ័ព​កុ​ម្មុយ​និ​ស្ត ប្រមាណ ៦ ម៉ឺន​នាក់ ។​

​ដើម្បី គេច​ពី​ការកម្ទេច​របស់​កងទ័ព គួ​មីន​តាំង នោះ នៅ​ឆ្នាំ ១៩៣៤ ពួក​កុ​ម្មុយ​និ​ស្ត ៨៧ ០០០ នាក់ បាន​រើ​កញ្ជើ​ល្អី នាំគ្នា​រត់​ភៀសខ្លួន​ចាក​ចេញពី​ខេត្ត ជាំ​ង​ស៊ី ឆ្ពោះទៅ​ភាគ​ខាងជើង និង ភាគ​ពាយ័ព្យ នៃ ប្រទេស ហើយ​ការចេញដំណើរ​នោះ ក្រោយមក​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា “ មហា​ដំណើរ “ ជា​ព្រឹត្តិការណ៍​ដ៏​ជូរចត់​កម្សត់​មហា​វេទនា​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ពួក​កុ​ម្មុយ​និ​ស្ត ចិន​។​

​កងទ័ព របស់ ជាង កៃ​ជៀក តាម​ប្រមាញ់ និង សម្លាប់​ពួក​កុ​ម្មុយ​និ​ស្ត យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ ខែ មករា ឆ្នាំ ១៩៣៥ កិច្ចដឹកនាំ ទ័ព​ក្រហម ត្រូវបាន​ប្រគល់​ទៅឱ្យ ម៉ៅ សេទុង​ហើយ​បាន​ប្តូរ​វិធី សាស្ត្រ​ធ្វើដំណើរ ដោយ​ការ​បំបែក​គ្នា​ជា​ក្រុម​តូចៗ​វិញ គឺ ដើម្បី បង្វែងដាន​របស់​កង​ទ័ព គួ​មីន​តាំង ។ អ្នកវិភាគ​បាន​យល់ថា ប្រសិនបើ​មិន​ធ្វើ​ដូច្នេះ​ទេ ពួក​កុ​ម្មុយ​និ​ស្ត​អាច​ត្រូវបាន កងទ័ព ជាង កៃ​ជៀក សម្លាប់​ផ្តាច់​ពូជ គឺ​សូម្បីតែ​ទារក ក៏​មិន​សល់​ផង ។​

​ដំណើរ នេះ​អស់​រយៈពេល ៣៦៨ ថ្ងៃ មាន​ចម្ងាយ ៩ ០០០ គីឡូម៉ែត្រ ទៅដល់​គោលដៅ​នៅ យ៉ាន អាន ហើយ កងទ័ព​ក្រហម ត្រូវបាន​កងទ័ព​ជាតិនិយម របស់ ជាង កៃ ជៀក​សម្លាប់​ស្ទើរ តែ​ទាំងអស់​នៅសល់តែ ជិត​មួយ ម៉ឺន នាក់ ប៉ុណ្ណោះ ។

​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​១៩៣៦ ជាង កៃ​ជៀក ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ទីក្រុង ស៊ី អាន ( កាល​មុន ហៅ​ទីក្រុង ឆាង អាន ) ដោយ សេនាប្រមុខ ចាង សៀវ​លាំង នៃ កងទ័ព ចិន ភាគ​ពាយ័ព្យ ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ការឈ្លានពាន​របស់ ជប៉ុន បង្ខំ​ឱ្យ ជាង កៃ ជៀក ដកទ័ព ហើយ​បង្ខំ​ឱ្យ កងទ័ព​ជាតិនិយម របស់ ជាង កៃ​ជៀក និង កងទ័ព​កុ​ម្មុយ​និ​ស្ត របស់ ម៉ៅ សេទុង​ចុះហត្ថលេខា លើ​បទ​ផ្អាក​សង្គ្រាម​នឹង​គ្នា ហើយ​បង្កើតជា​សម្ព័ន្ធភាព​នឹង​គ្នា ដើម្បី ប្រយុទ្ធ​ប្រឆាំងនឹង ជប៉ុន ឈ្លានពាន​វិញ ។ ជប៉ុន ចូលកាន់​កាប់​ប្រទេស ចិន ដើម្បី ប្រយោជន៍​កងទ័ព ឬ ក្នុង​មហិច្ឆតា វាតទី​និយម ដើម្បី ពង្រីក​អំណាច​របស់ខ្លួន​ប្រឆាំងនឹង អង់គ្លេស អាល្លឺម៉ង់ និង សូ​វៀត នៅ អាស៊ី ។ ចិន មិន​គាំទ្រ មហាចក្រពត្តិ អឺរ៉ុប ទាំង ៣ នេះ​ទេ ប៉ុន្តែ​ដោយសារ​កងទ័ព ជប៉ុន ប្រព្រឹត្ត អំពើ​ឃោរឃៅ​លើ​ជនជាតិ ចិន ខ្លាំងពេក ទើប ចិន មិន​ព្រម​សហការ​ជាមួយ ជប៉ុន ឡើយ ហើយ នៅ​ឆ្នាំ ១៩៣៧ ចិន បានចាប់ផ្តើម​ធ្វើសង្គ្រាម​ប្រឆាំង​ការ​ឈ្លា​ន​ពី​សំណាក់ ជប៉ុន ក៏​កើតជា​សង្គ្រាម​ឡើង​រវាង ចិន និង ជប៉ុន ដែល​ហៅថា សង្គ្រាម​ស៊ី​ណូ​ជប៉ុន​លើក​ទី ២ ។

​កងទ័ព​ជប៉ុន បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ជាច្រើន​ប្រឆាំង​ជន​ស៊ីវិល ហើយ​ជា​សរុប​ទាំង​ជន ស៊ីវិល ទាំង​កងទ័ព​ជនជាតិ ចិន ប្រមាណ​ជា ២០ លាន​នាក់ ត្រូវបាន កងទ័ព ជប៉ុន សម្លាប់ ។​

សង្គ្រាមលោកលើកទី ២
​ដើមឡើយ អាម៉េរិក គឺជា​ប្រទេស​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដ៏​សំខាន់​ដល់ ជប៉ុន ហើយ​គូប្រជែង អំណាច​របស់ ជប៉ុន គឺ អង់គ្លេស អាល្លឺម៉ង់ និង សូ​វៀត ឯណោះ​ទេ ។ ប៉ុន្តែ អាម៉េរិក​ខ្លាច​អំណាច ជប៉ុន រីក​ខ្លាំង​ទៅៗ​នោះ នឹង​ប៉ះពាល់​ដល់​អំណាច និង​ផលប្រយោជន៍​របស់​ពួក​មហាអំណាច លោកខាងលិច ដែល​រួមទាំង អាម៉េរិក ផង ( ព្រោះ​អាមេរិក ក៏​ស្ថិតនៅក្នុង​ពួកលោក​ខាងលិច ដែរ ) ទើប អាម៉េរិក ងាក​ទៅ​ជួយ ចិន នៅក្នុង សង្គ្រាម ស៊ី​ណូ​ជប៉ុន លើក​ទី ២ នេះ ។ អាម៉េរិក ក៏បាន​លួចលាក់​ចរចា​ជាមួយ អង់គ្លេស ដែលជា​សត្រូវ​របស់ ជប៉ុន ផងដែរ ។ ជប៉ុន​មើល ឃើញថា លែង​អាច​ទុកចិត្ត អាម៉េរិក បាន​ទៀតហើយ គឺថា​មុននឹង​ក្រោយ អាម៉េរិក​មុខជា​នឹង ក្លាយជា​របាំង​របស់ ជប៉ុន ក្នុងការ​បណ្តេញ អង់គ្លេស អាល្លឺម៉ង់ និង សូ​វៀត ចេញពី​អាស៊ី ។​

​ដោយហេតុនេះ ជប៉ុន យល់ថា ត្រូវ​បំបាក់ អាមេរិក ជាបន្ទាន់ ទើប​នៅ​ថ្ងៃទី ៧ ( ត្រូវ​នឹង​ថ្ងៃទី ៨ នៅ ជប៉ុន ) ខែ ធ្នូ ឆ្នាំ ១៩៤១ ជប៉ុន បើក​ការវាយលុក​ទៅលើ​ទីតាំង​កងទ័ពជើងទឹក អាម៉េរិក នៅ ភៀ​ល​ហា​ប៊ឺ​រ៍ ដោយ​ពុំមាន​ការព្រមាន ។ អាម៉េរិក ( ប៉ុន្មាន​ថ្ងៃ​ក្រោយមក អ៊ីតាលី ) បាន​ហក់​ចូល ក្នុង​សង្គ្រាម​ស៊ី​ណូ​ជប៉ុន លើក​ទី ២ នោះដែរ រហូត​រីក​រាលដាល​ប​ង្កើ​ត​បានជា​សង្គ្រាមលោក លើក​ទី ២ យ៉ាង​សន្ធោសន្ធៅ​ឡើង ។

​អំឡុង​សង្គ្រាមលោកលើកទី ២ នោះ ខាង​ពួក​ប្រឆាំង ជប៉ុន បាន​បង្កើត​ជាស​ម្ព័​ន​មិត្ត ហើយ ចិន អង់គ្លេស អាម៉េរិក និង សូ​វៀត ត្រូវបាន អង្គការសហប្រជាជាតិ ប្រកាសថា គឺជា “ មេដឹកនាំ សម្ព័ន្ធមិត្ត “ ឬ “ បងធំ​ទាំង ៤ នៃ សម្ព័ន្ធមិត្ត “ ។​

​នៅ​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៩៤៥ កងទ័ព អាម៉េរិក បាន​ទម្លាក់​គ្រាប់បែកបរមាណូ មួយ គ្រាប់​ដែលមាន​ឈ្មោះថា Little Boy ( ក្មេងប្រុស តូច ) ទៅលើ​ទីក្រុង ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា នៃ ប្រទេស ជប៉ុន ។ ៣ ថ្ងៃក្រោយ នៅ​ថ្ងៃទី ៩ ខែ និង ឆ្នាំ ដដែល កងទ័ពអាកាស​អាម៉េរិក បាន​ទម្លាក់ គ្រាប់បែកបរមាណូ មួយ គ្រាប់​ទៀត​ឈ្មោះ Fat Man ( បុរស​កន្ធាត់ ) ទៅលើ​ទីក្រុង​ណា​ហ្កា សា​គី ញ៉ាំងឱ្យ ជប៉ុន ចុះចាញ់​សង្គ្រាម ហើយ​អ្នក​ដែល​គេ​ចាត់​ថា​ជា​អ្នក​ជោគជ័យ​ជាងគេ នៅក្នុង​សង្គ្រាមលោកលើកទី ២ នោះ គឺ ចិន អាម៉េរិក សូ​វៀត និង អង់គ្លេស នោះឯង ហើយ មេ​សម្ព័ន្ធមិត្ត ទាំង ៤ នេះ ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា “ ប៉ូលិស​ពិភពលោក “ ។ បន្ទាប់ពី ជប៉ុន ចាញ់​សង្គ្រាម​មក ទឹកដី តៃវ៉ាន់ បាន​ត្រលប់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់ ចិន វិញ ។​

បង្កើតសាធារណរដ្ឋ​ប្រជាមានិត ចិន​
​ក្រោយពេល​ចប់​សង្គ្រាមលោកលើកទី ២ ដល់​វគ្គ​សត្រូវ​ចាស់ សាច់​ឯង​វិញ ។ ភាពមិន​ចុះ សម្រុង គ្នា​រវាង បក្ស គួ​មីន​តាំង និង ពួក​កុ​ម្មុយ​និ​ស្ត ទីបំផុត ក៏បាន​កើតជា​សង្គ្រាម ស៊ីវិល ឡើងវិញ​ម្តងទៀត ។ ប៉ុន្តែ​លើក​នេះ​មិន​ដូច​មុន​សម័យ​សង្គ្រាមលោកលើកទី ២ ឡើយ​។ នៅ​ឆ្នាំ ១៩៤៩ ក្រោម​ការដឹកនាំ របស់ តេង ស៊ា​វ​ពីង ( ក្រោយមក​ត្រូវបាន​ប្រសិទ្ធ​នាម​ថា បុរស​រដ្ឋ កំណែទម្រង់ ) កងទ័ព​កុ​ម្មុយ​និ​ស្ត បាន​បើក​ការវាយលុក​យ៉ាង​ធំ​ទៅលើ​កងទ័ព ជាតិនិយម ហើយ ជាង កៃ​ជៀក ក៏បាន​ដឹកនាំ​កងទ័ព របស់ខ្លួន​ពី​ដីគោក រត់​ទៅ​បោះទីតាំង​នៅលើ​កោះ តៃវ៉ាន់ ( ក្រោយមក​បន្ទាប់ពី​អស់សង្ឃឹម​នឹង​វាយ​ចូល​ដីគោក​វិញ គួរ​មីន​តាំង បាន​បង្កើត​រដ្ឋា ភិ​បាល តៃវ៉ាន់ រហូត​បច្ចុប្បន្ន ) ។​

​ពេលនេះ​ទឹកដី​ភាគច្រើនបំផុត នៃ ប្រទេស ចិន ស្ថិតក្រោម​ការគ្រប់គ្រង​របស់​កងទ័ព កុ​ម្មុយ​និ​ស្ត របស់ ម៉ៅ សេទុង វិញ​ម្តង ។ នៅ​ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៤៩ បក្សកុម្មុយនិស្ត របស់​ម៉ៅ សេទុង បានប្រកាស​បង្កើត​រប​ប សាធារណរដ្ឋ ប្រជា​និ​ត ចិន ដោយមាន​លោក ជូ អេ​ឡាយ ជា​នាយករដ្ឋមន្ត្រី ។ រដ្ឋាភិបាល និង ប្រជាជន ចិន ប្រារព្ធ​ទិវា​បង្កើត​សាធារណរដ្ឋ ចិន ដើម្បី រំឭក​ដល់​ព្រឹត្តិការណ៍​នេះឯង ។​

​ពេលនោះ ប្រទេស​នៅមាន​សង្គ្រាម​នៅឡើយ ហើយ​កងទ័ព​របស់ ជាង កៃ​ជៀក ប្រឹងប្រែង រក​គ្រប់​មធ្យោបាយ ដើម្បី វាយ​ចូល ចិន ដីគោក​វិញ ។ ប៉ុន្តែ​តាំងពី​ពេល​នោះមក ទោះជា​មាន ការជួយជ្រោមជ្រែង​ពី អាមេរិក ទាំង​ខាង​អាវុធ និង ថវិកា យ៉ាងណាក្តី ក៏​ពួកគេ​នៅតែ​មិនអាច ត្រលប់​ចូល ចិន ដីគោក​រហូត​សព្វថ្ងៃ លុះណាតែ​ពួកគេ​ព្រម​រួមរស់​ជាមួយ ចិន តែមួយ ។​

​ក្នុង​បំណង​បង្រួបបង្រួម​ទឹកដី ចិន ឱ្យចូល​ជាមួយគ្នា​វិញ នៅ​ឆ្នាំ ១៩៥០ កងទ័ព​រំដោះ ប្រជាជន របស់​ពួក​កុ​ម្មុយ​និ​ស្ត បាន​ដណ្តើម​កាន់កាប់​ទីក្រុង ហាយ​ណាន ដោយ​ជោគជ័យ​ហើយ​បាន ចូលកាន់​កាន់​ទឹកដី ទី​បេ​ត៍ រហូត​សព្វថ្ងៃ ។​

កំណែទម្រង់​នានា​
​របប ម៉ៅ សេទុង បានធ្វើ​កំណែទម្រង់​នាំឱ្យ​ម្ចាស់​ដី​ប្រមាណ​ជា​ជិត ២ លាន​នាក់ ត្រូវបាន កាត់ទោស ។ ដោយសារ​គំនាប​សង្គ្រាម​ពី​សំណាក់ អាម៉េរិក ដែល​នៅ​ពីក្រោយ​ខ្នង កងទ័ព របស់ ជាង កៃ​ជៀក និង រុស្ស៊ី ផង​នោះ ជា​បន្តបន្ទាប់ ចិន ផលិត​បាន អាវុធ នុយក្លេអ៊ែរ អាវុធ​អ៊ី​ដ្រូ​ហ្ស៊ែ​ន និង​ផ្កាយរណប ដោយ​ជោគជ័យ​ធ្វើឱ្យ​ពិភពលោក ភ្ញាក់ផ្អើល ហើយ​អ្នក​ផលិត ទាំងនោះ​មាន ឈិន ស៊ា​ស៊ឹង ជា​មនុស្ស​លេចធ្លោ​ជាងគេ ។ បច្ចុប្បន្ន ចិន អាច​ផលិត​បាន​នាវា ផ្ទុក​យន្តហោះ​ចម្បាំង​ទៀត ដែលមាន​សមត្ថភាព​ប្រហាក់ប្រហែល​នឹង​នាវា​ផ្ទុក​យន្ត​ចម្បាំង​របស់ អាមេរិក ។​

​គម្រោង​ទ្រង់ទ្រាយ​ធំ នៃ កំណែទម្រង់សេដ្ឋកិច្ច និង សង្គម ឈ្មោះ មហាលោតផ្លោះ របស់ ម៉ៅ សេទុង ចាប់ពី​ឆ្នាំ ១៩៥៨ ដល់​ឆ្នាំ ១៩៦១ បានធ្វើឱ្យ​មនុស្ស​ប្រមាណ ៤៥ លាន​នាក់​ស្លាប់ ដែល​ភាគច្រើន​ស្លាប់​ដោយសារ​អត់​អាហារ ។ ខែ វិច្ឆិកា ឆ្នាំ ១៩៧១ ចិន ទទួលបាន​អាសនៈ ជា​សមាជិក​អចិន្ត្រៃយ៍ នៃ ក្រុមប្រឹក្សាសន្តិសុខ អង្គារ​សហប្រជាជាតិ ។ បដិវត្តន៍វប្បធម៌ របស់ ម៉ៅ សេទុង បានចាប់ផ្តើម​នៅ​ឆ្នាំ ១៩៦៦ ។ ភរិយា​របស់ ម៉ៅ សេទុង អ្នកស្រី ជាំ​ង ឈី​ង និង មនុស្ស​ជំនិត​របស់​អ្នកស្រី​បីនាក់​ផ្សេងទៀត ដែលជា​បងធំ​ទាំង បួន ( ខ្លា​ញី ឥន្ទ្រី​យ៍ ៣ ) បាន​ឆ្លៀតឱកាស​បង្ក​ព្យុះភ្លៀង និង ចាត់ការ​មនុស្ស​ទាំងឡាយ​ណា​ដែល​ពួកគេ​មិន​ពេញចិត្ត ដែល​ក្នុងនោះ​រួមទាំង​អនាគត​មហា​បុរស​រដ្ឋ​កំណែទម្រង់​ចិន តេង ស៊ា​វ​ពីង ម្នាក់​ផង ដែល ក្រោយមក​ត្រូវ​រកឃើញថា អំពើ​អយុត្តិធម៌ ដោយសារ​ពួកគេ​បង្កឡើង មាន​ជាង​មួយ​លាន​ករណី ។​

​ដើមឈើ​ដួលរលំ ស្វា ខ្ចាត់ខ្ចាយ ! ម៉ៅ សេទុង បាន​មរណភាព​នៅ​ឆ្នាំ ១៩៧៦ ខ្លា​ញី ឥន្ទ្រី​យ៍ បី ត្រូវបាន​ចាប់ខ្លួន​កាត់ទោស ។ តេង ស៊ា​វ​ពីង បាន​ឡើងកាន់​អំណាច​ប្រទេស ចិន បាន​ដឹកនាំ ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​យ៉ាង​ធំធេង ក្រោម​ទ្រឹស្តី​របស់​អ្នក​ខេត្ត ស៊ី​ឈួន​ថា “ ឆ្មា ស ក៏ដោយ ឆ្មា ខ្មៅ ក៏ដោយ ឱ្យតែ​ចាប់​កណ្តុរ​បាន គឺជា​ឆ្មា​ល្អ “ ដែល​បានសេចក្តីថា​បែបផែន​សេដ្ឋកិច្ច​បែប កុ​ម្មុយ​និ​ស្ត ក្តី បែប​សេរី ក្តី ឱ្យ​តែមាន​ប្រយោជន៍​ដល់​ប្រទេស ចិន នោះ គឺជា​ប្រព័ន្ធ​ល្អ​ហើយ​។​

​គួររំឭកថា របប​កុ​ម្មុយ​និ​ស្ត តែងតែ​ដើរ​តាម​សេដ្ឋកិច្ច​ផែនការ ។ សម្រាប់ ចិន ដែលជា​ប្រទេស កុ​ម្មុយ​និ​ស្ត ដែរ ប៉ុន្តែ​មិន​ខ្វល់​ថា ប្រព័ន្ធ​សេដ្ឋកិច្ច​អ្វី​ឡើយ ធ្វើយ៉ាងណា ឱ្យតែ​អាចធ្វើឱ្យ ចិន មានបាន គឺជា​ប្រព័ន្ធ​ល្អ​ហើយ ទើប តេង ស៊ា​វ​ពីង បាន​ដឹកនាំ​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច ចិន ឱ្យទៅជា​របប​សេដ្ឋកិច្ច​ទីផ្សារសេរី តាមបែប​លោក​សេរី​វិញ ។​

​យើង​នៅ​មិនទាន់​ភ្លេច​ទេ​ថា ដោយសារ​ចាញ់​សង្គ្រាម​អាភៀន​លើក​ទី ១ (១៨៣៩-១៨៤២) រាជការ ឆេង បាន​ត្រូវ​បង្ខំ​ឱ្យ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នៅ​ឆ្នាំ ១៨៤២ ប្រគល់​កំពង់ផែ និង កោះ​ហុងកុង ទៅឱ្យ អង់គ្លេស ។ ឆ្នាំ ១៩៩៧ គឺ​បន្ទាប់ពី អង់គ្លេស បាន​ត្រួតត្រា​លើទឹក​ដី​នេះ អស់​រយៈពេល ១៥៥ ឆ្នាំ​មក តេង ស៊ា​វ​ពីង បានទាមទារ​យក​ទឹកដី​នោះ ពី អង់គ្លេស មក​ដាក់ ជា​ទឹកដី ចិន វិញ ។​

​បន្ទាប់ពី​អស់​រយៈពេល ៤៤២ ឆ្នាំ មក កោះ ម៉ា​កាវ ដែល​ត្រូវបាន​រាជការ ម៉េង ជួល​ទៅឱ្យ ព័រទុយហ្កាល់ ធ្វើជា​កំពង់ផែ​ពាណិជ្ជកម្ម តាំងពី​ពី​ឆ្នាំ ១៥៥៧ មក​នោះ ត្រូវបាន តេង ស៊ា​វ​ពីង ទាមទារ​យកមក​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ ១៩៩៩ ។

​អ្វីដែល​នៅតែ​កំពុង​ប្រទាញប្រទង់ និង ផុយស្រួយ​បំផុត​នៅពេលនេះ​សម្រាប់ ចិន គឺ​បញ្ហា​កោះ តៃវ៉ាន់ កោះ​ហុងកុង និង ជម្លោះ​ដ៏​ស្រួចស្រាល់ នៃ ដែន​ស​មុ​ទ្ធ ចិន ខាងត្បូង​ជាមួយនឹង ប្រទេស​នៅ​ជុំវិញ​តំបន់​នោះ ដោយមាន អាមេរិក នៅ​ពី​ក្រោយខ្នង ។ ចំពោះ​បាតុកម្ម​តវ៉ា យ៉ាង​ស្មុគស្មាញ និង យ៉ាង​គឃ្លើន​នៅ ហុងកុង ដែល ចិន បាន​ចោទ ថា មាន អាមេរិក និង បស្ចិមប្រទេស​ខ្លះ​នៅ​ពី​ក្រោយខ្នង​នោះ ក៏​ជា​អ្វីដែល​ពិភពលោក​បាន និងកំពុង​តាមដាន យ៉ាង​ដិតដល់​ដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ម៉ៅ សេទុង មហា​បុរស​ដែល​ជនជាតិ ចិន គោរព​ស្មើ​អាទិទេព
ក្បួនព្យុហយាត្រា​កងទ័ព ចិន នៅ​ថ្ងៃ​បុណ្យជាតិ
ក្បួនព្យុហយាត្រា​កងទ័ព ចិន នៅ​ថ្ងៃ​បុណ្យជាតិ
ទីក្រុង​ប៉េកាំង រដ្ឋធានី នៃ ប្រទេស ចិន

ទីតាំងផ្សាយពាណិជ្ជកម្ម