រឿង​ជួញដូរ​អាវុធ​ពី​កម្ពុជា​ទៅ​លក់​ឲ្យ​ពួក​ឧទ្ទាម​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា សមត្ថកិច្ច​កំពុងតែធ្វើការ​

1109
ចែករម្លែក

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា នេះ​ថា​ករណី​​ជួញដូរ​អាវុធ​ខុសច្បាប់​នាំ​ចេញពី​ប្រទេស​កម្ពុជា​ឆ្លងកាត់​ថៃ យកទៅលក់​ឲ្យ​ក្រុម​ពួក​ឧទ្ទាម​នៅ​ប្រទេស​ភូមា ឬ​ហ្វីលីពីន​គឺ​សមត្ថកិច្ច​កំពុងតែធ្វើការ​។ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ សម្តេច​ក្រឡាហោម ស ខេង មិនបាន​បញ្ជាក់​លំអិត​នោះទេ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា “​រឿងនេះ​កំពុងតែ​ធ្វើ រឿង​ខ្លះ​អាចនិយាយបាន រឿង​ខ្លះ​គេ​ប្រើពាក្យ​ថា កំពុងតែ​ធ្វើ មានន័យថា គេ​និយាយ​មិនទាន់​បានទេ​”​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹងថា ចំពោះ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់​នាំ​ចេញពី​ប្រទេស​កម្ពុជា​គឺ​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ខ្លះ​ហើយ​។​

​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​កោះកុង​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា សម្តេច​ក្រឡាហោម ស ខេង​បាន​បញ្ជា​​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ទាក់ទង​ជាមួយនឹង​អគ្គស្នងការ​នគរបាល​ប្រទេស​ថៃ​ដើម្បី​ស្រាវជ្រាវ​ករណី​​ជួញដូរ​អាវុធ​ខុសច្បាប់​នាំ​ចេញពី​ប្រទេស​កម្ពុជា ឆ្លងកាត់​ថៃ យកទៅលក់​ឲ្យ​ក្រុម​ពួក​ឧទ្ទាម​នៅ​ប្រទេស​ភូមា ឬ​ហ្វីលីពីន​ដើម្បី​រក​អ្នក​នៅ​ពី​​ក្រោយខ្នង​រឿងនេះ​។ ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ក៏បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ស្រាវជ្រាវ​ករណីនេះ​ឲ្យ​ដល់​ឫស​​គល់​។​

​ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​រកឃើញ​អាវុធ​ជាច្រើន​ដើម​នៅក្នុង​រថយន្ត​ភី​កាប់​និង​បាន​ឃាត់ខ្លួន​បុរស​ពីរ​នាក់ ម្នាក់​ជា​ជនជាតិ​ថៃ និង​ម្នាក់​ជា​ជនជាតិខ្មែរ​។ ការរកឃើញ​អាវុធ​នេះ គឺ​បន្ទាប់ពី​រថយន្ត​ដឹក​អាវុធ​បាន​បើក​ធ្លាក់​ផ្លូវ​ម្នាក់ នៅ​ជិត​ព្រំដែន​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្រាត​ប្រទេស​ថៃ កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៧៕​ ​ដោយ ៖មុនី​រ័ត្ន

គ្រាប់និងកាំភ្លើងដែលថៃចាប់បានជិតព្រំដែនកម្ពុជាកាលពីពេលកន្លងមក

ទីតាំងផ្សាយពាណិជ្ជកម្ម