ការសិក្សារកឃើញថា ផឹកកាហ្វេមុនអាហារពេលព្រឹកធ្វើឱ្យចុះខ្សោយការគ្រប់គ្រងជាតិស្ករក្នុងឈាម

446
ចែករម្លែក

យោងតាមការសិក្សាស្រាវជ្រាវមួយបានឱ្យដឹងថា ការផឹកកាហ្វេខ្មៅខ្លាំងមួយកែវដើម្បីដាស់ឱ្យស្មារតីភ្ញាក់ល្អបន្ទាប់ពីគេងមិនលក់ពីយប់ អាចធ្វើឱ្យចុះខ្សោយការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។

ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលអាហារបំប៉នលំហាត់ប្រាណនិងការរំលាយអាហារនៅសាកលវិទ្យាល័យបាត (Bath) បានពិនិត្យមើលផលប៉ះពាល់នៃការគេងមិនលក់និងការផឹកកាហ្វេពេលព្រឹក។

ការងារស្រាវជ្រាវរបស់ពួកគេ ដែលចុះផ្សាយនៅក្នុងទស្សនាវដ្តី Nutrition របស់ចក្រភពអង់គ្លេស បានបង្ហាញថា ការគេងមិនលក់ពីយប់មានឥទ្ធិពលតិចតួចណាស់ទៅលើការរំលាយអាហារ ប៉ុន្តែការផឹកកាហ្វេអាចមានឥទ្ធិពលអវិជ្ជមានទៅលើការគ្រប់គ្រងជាតិគ្លុយកូសក្នុងឈាម។

នៅក្នុងការស្រាវជ្រាវ បុរសនិងស្ត្រីដែលមានសុខភាពល្អចំនួន ២៩ នាក់បានធ្វើការពិសោធន៍ចំនួន ៣ ផ្សេងគ្នាក្នុងពេលយប់។

សម្រាប់ការពិសោធន៍ទីមួយ អ្នកចូលរួមបានគេងលក់ធម្មតាហើយត្រូវបានស្នើឱ្យផឹកភេសជ្ជៈផ្អែមនៅពេលភ្ញាក់ពីដេក។

ក្នុងការពិសោធន៍ទីពីរ ពួកគេបានឆ្លងកាត់ការរំខានក្នុងដំណេកពេលយប់ ដោយត្រូវគេដាស់ឱ្យភ្ញាក់រយៈពេល ៥ នាទីរៀងរាល់ម៉ោង និងត្រូវបានផ្តល់ភេសជ្ជៈផ្អែមឱ្យផឹកនៅពេលព្រឹក។

ការពិសោធន៍ទីបីគឺឱ្យអ្នកចូលរួមជួបប្រទះការរំខានការគេងដូចគ្នា ប៉ុន្តែត្រូវគេផ្តល់កាហ្វេខ្មៅខ្លាំងឱ្យផឹក៣០នាទីមុនពេលផឹកភេសជ្ជៈផ្អែម។

សំណាកឈាមពីអ្នកចូលរួមត្រូវបានយកមកធ្វើតេស្ត ក្រោយផឹកភេសជ្ជៈផ្អែម។

លទ្ធផលបង្ហាញថា ការគេងមិនលក់មួយយប់មិនបានធ្វើឱ្យការឆ្លើយតបនឹងជាតិគ្លុយកូសក្នុងឈាមចុះខ្សោយនៅពេលទទួលទានអាហារពេលព្រឹកនោះទេ ពេលប្រៀបធៀបនឹងការគេងលក់ស្កប់ស្កល់។

ប៉ុន្តែការផឹកកាហ្វេខ្មៅខ្លាំងមួយកែវមុនអាហារពេលព្រឹកបានបង្កើនការឆ្លើយតបនឹងជាតិគ្លុយកូសក្នុងឈាមចំពោះកាហ្វេរហូតដល់ទៅ៥០ភាគរយ។ នេះមានន័យថា ការគ្រប់គ្រងជាតិស្ករក្នុងឈាមបានចុះខ្សោយ នៅពេលរាងកាយទទួលបានការហ្វេមុនអាហារពេលព្រឹក៕ ដោយ ៖ កញ្ញាដាលីស

ផឹកកាហ្វេមុនអាហារពេលព្រឹកធ្វើឱ្យការគ្រប់គ្រងជាតិស្ករក្នុងឈាមចុះខ្សោយ

ទីតាំងផ្សាយពាណិជ្ជកម្ម