ក្រសួងមហាផ្ទៃឥណ្ឌាបាននិយាយកាលពីថ្ងៃពុធទី៣០កញ្ញាថា សាលារៀន រោងភាពយន្ត និងកន្លែងអាងហែលទឹក នឹងត្រូវបានអនុញ្ញាតឱ្យបើកវិញនៅឥណ្ឌា បន្ទាប់ពីមានការបិទដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាអស់រយៈពេលជាច្រើនខែ ទោះបីជាក្រុមអ្នកជំនាញព្រមានថាប្រទេសដ៏ធំនេះកំពុងប្រឈមនឹងករណីឆ្លងខ្លាំងជាងគេនៅលើពិភពលោកក៏ដោយ។
ប្រទេសឥណ្ឌាដែលមានប្រជាជន ១,៣ ពាន់លាននាក់នេះ បានកត់ត្រាករណីឆ្លងវីរុសជាង ៦,២ លាននាក់រហូតមកដល់ពេលនេះ គឺស្ថិតនៅលំដាប់ទី២នៃប្រទេសមានករណីឆ្លងវីរុសខ្លាំងបន្ទាប់ពីសហរដ្ឋអាម៉េរិក ហើយមានមនុស្សស្លាប់ជាង ៩៧.០០០នាក់។
ប៉ុន្តែ រដ្ឋាភិបាលបានចាប់ផ្តើមសកម្មភាពជាបណ្តើរៗ ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការបិទខ្ទប់ដោយប្រជាជនរាប់លាននាក់ជាពិសេសប្រជាជនក្រីក្របាត់បង់ការងារនិងប្រាក់ចំណូលរបស់ពួកគេ។
ថ្នាក់រៀនសម្រាប់សិស្សដែលមានអាយុពី ១៤ ទៅ ១៧ ឆ្នាំត្រូវបានអនុញ្ញាតឱ្យចូលរៀនវិញនៅរដ្ឋមួយចំនួនកាលពីសប្តាហ៍មុន ប៉ុន្តែសេចក្តីប្រកាសថ្មីនេះ នឹងនាំឱ្យមានការបើកសាលារៀនទាំងអស់៕ប្រែសម្រួល៖សុខា/sn

សិស្សអនុវិទ្យាល័យមួយចំនួននៅរដ្ឋមួយចំនួននៅឥណ្ឌាបានចូលរៀនឡើងវិញកាលពីសប្តាហ៍មុន