ចិនបិទបញ្ចប់ការធ្វើតេស្តហោះហើររបស់ដ្រូនគំរូមួយនៅលើមេឃខ្ពស់

419
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ដ្រូនគំរូគ្មានមនុស្សបើកប្រភេទ AR-500C របស់ចិនបានបញ្ចប់ការហោះហើរសាកល្បងនៅអាកាសយានដ្ឋាននៅទីខ្ពស់មួយកន្លែង និងត្រូវបានបញ្ជាក់ថាមានសមត្ថភាពដឹកទម្ងន់បាន ៨០ គីឡូក្រាម។

យោងតាមវេបសាយ South China Morning Post (SCMP) បានឱ្យដឹងថា ក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) បានលាតត្រដាងនៅសប្តាហ៍នេះថា ដ្រូន AR-500C របស់ខ្លួនបានបិទបញ្ចប់ការសាកល្បងហោះហើរជាច្រើនកាលពីថ្ងៃអាទិត្យ ខណៈស្ថិតនៅឯខេត្តស៊ីឈាន់ភាគនិរតីប្រទេសចិន រួមមានការហោះឡើងលើខ្ពស់ ការហោះសំកាំង និងការហោះបង្វិលខ្លួន មុនពេលចុះចត។

របាយការណ៍អំពីរឿងនេះកើតឡើងចំពេលកំពុងមានជម្លោះព្រំដែនរវាងចិននិងឥណ្ឌានិងការបង្កើនកងទ័ពចិននៅតំបន់ឡាដាក់។

យោងតាមវេបសាយ ​​DefPost តំបន់សាកល្បងហោះហើររបស់ដ្រូនស្លាបចក្រធំនេះគឺស្ថិតនៅឯអាកាសយានដ្ឋាន Daocheng Yading ដែលជាអាកាសយានដ្ឋានស៊ីវិលខ្ពស់បំផុតនៅលើពិភពលោក ដែលមានកម្ពស់រហូតដល់ទៅ ៤.៤១១ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។

SCMP បានរាយការណ៍ថា “តំបន់សាកល្បងហោះហើរនេះមានរយៈកម្ពស់ប្រហែលគ្នានឹងតំបន់ភ្នំហេមពាន្ត ដែលរួមបញ្ចូលទាំងខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង កន្លែងដែលចិននិងឥណ្ឌាកំពុងជាប់ផុងក្នុងការប្រឈមមុខគ្នារឿងទឹកដីដ៏តានតឹង”។

ក្រុមហ៊ុន AVIC បានបញ្ជាក់លម្អិតថា ការហោះហើរសាកល្បងនេះបានផ្តល់ការបញ្ជាក់ថា ដ្រូន AR-500C អាចផ្ទុកទម្ងន់បាន ៨០ គីឡូក្រាម ខណៈអាចហោះលើមេឃបាន ៥ ម៉ោងឬច្រើនជាងនេះ។

ប្រធានអ្នករចនាម៉ូត លោកចេង គូឃុយ បានប្រាប់ SCMP ថា “នេះមានន័យថានៅក្នុងបេសកកម្មជួយសង្គ្រោះនៅតំបន់ខ្ពង់រាប វាអាចផ្តល់នូវការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់មួយថ្ងៃដល់មនុស្សជាង ៣០ នាក់ក្នុងការហោះហើរមួយជើង”៕ ដោយ ៖ កញ្ញាដាលីស

ដ្រូន AR-500C ហោះហើរសាកល្បងជោគជ័យចប់សព្វគ្រប់

ទីតាំងផ្សាយពាណិជ្ជកម្ម